ខ្មែរប៉ុស្ដិ៍ Close

អភិបាលខេត្តមណ្ឌលគិរី ដឹកនាំមន្រ្តីជំនាញ ចុះពិនិត្យមើលការស្ថាបនាស្ពាន និងផ្លូវ ឆ្ពោះទៅច្រកទ្វារព្រំដែនទ្វេភាគីណាំលៀរក្នុងស្រុកពេជ្រាដា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 91
អភិបាលខេត្តមណ្ឌលគិរី ដឹកនាំមន្រ្តីជំនាញ ចុះពិនិត្យមើលការស្ថាបនាស្ពាន និងផ្លូវ ឆ្ពោះទៅច្រកទ្វារព្រំដែនទ្វេភាគីណាំលៀរក្នុងស្រុកពេជ្រាដា អភិបាលខេត្តមណ្ឌលគិរី ដឹកនាំមន្រ្តីជំនាញ ចុះពិនិត្យមើលការស្ថាបនាស្ពាន និងផ្លូវ ឆ្ពោះទៅច្រកទ្វារព្រំដែនទ្វេភាគីណាំលៀរក្នុងស្រុកពេជ្រាដា

លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយ លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុក នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យមើលការស្ថាបនាស្ពាន និងផ្លូវឆ្ពោះទៅច្រកទ្វារព្រំដែនទ្វេភាគីណាំលៀរ ក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ពេលស្ថាបនាចប់ ស្ពាននិងផ្លូវនេះអាចជួយសម្រួលដល់ការធ្វើដំណើរ ក៏ដូចជាការដឹកកសិផលនានាបស់ប្រជាពលរដ្ឋ ឲ្យកាន់តែមានលក្ខណៈងាយស្រួល។

លោក ស្វាយ សំអ៊ាង អភិបាលខេត្ត បានឲ្យដឹងថា ការ ស្ថាបនាស្ពានអូរផ្លាយ ១កន្លែង និងផ្លូវ ១ខ្សែ ឆ្ពោះទៅច្រកទ្វារព្រំដែន ក្នុងស្រុកពេជ្រាដានេះជាគម្រោងរបស់មន្ទីរសាធារណការ និងដឹកជញ្ចូនខេត្ត ដែលប្រើប្រាស់ថវិកាជាតិ។ លោកបានណែនាំដល់មន្ទីរជំនាញ ត្រូវយកចិត្តទុកដាក់ស្ថាបនាស្ពាន និងផ្លូវនេះ ឲ្យសមស្របតាមស្តង់ដារ និងលក្ខណៈបច្ចេកទេស ដើម្បីធ្វើយ៉ាងណា ឲ្យមានគុណភាព ក្នុងការប្រើប្រាស់ឲ្យបានយូរអង្វែង។ អភិបាលខេត្តរូបនេះ ក៏សូមឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមសហការជាមួយមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើយ៉ាងណា ឲ្យដំណើរការសាង់សង់ស្ពាន និងផ្លូវនេះទទួលបានជោគជ័យ ព្រោះសមិទ្ធផលទាំងនេះ គឺជាសរសៃឈាមរបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត ក៏ដូចជាភ្ញៀវទេសចរដែលមកទស្សនាកម្សាន្តនៅតាមរមណីយដ្ឋាន និងខ្សែក្រវាត់ព្រំដែនផងដែរ។ បន្ថែមលើនេះ លោកអភិបាលខេត្ត បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ៣ការពារ ៣កុំ និង ២ចូលរួម ដើម្បីបង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។

តាមការបញ្ជាក់របស់លោក រស់ គីមធន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តមណ្ឌលគិរី បានឲ្យដឹងថា៖

ការស្ថាបនាស្ពានបេតុង អូរផ្លាយនេះ មានប្រវែង៤៥ម៉ែត្រ ទទឹង ១០ម៉ែត្រ ចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយស្ពាននេះ នឹងសាង់សង់រួចនៅចុងឆ្នាំ២០២១នេះ ម្យ៉ាងទៀត ផ្លូវចាក់កៅស៊ូ ១ខ្សែនេះ គឺតភ្ជាប់ពីផ្លូវជាតិលេខ៧៦ មានប្រវែងសរុប ៥១គីឡូម៉ែត្រ រហូតដល់ច្រកទ្វារព្រំដែនទ្វេភាគីណាំលៀ រ ក្នុងស្រុកពេជ្រាដា ហើយផ្លូវនេះ ស្ថាបនារួចរាល់បានប្រវែង៣៣+៥០០ ក្នុងឆ្នាំ២០២០ បានបន្តចាក់ផ្លូវកៅស៊ូបន្ថែមប្រវែង ៧០០ម៉ែត្រ ហើយនៅសល់ ១៥គីឡូម៉ែត្រទៀត ដែលមិនទាន់ស្ថាបនា។

លោក បញ្ជាក់ថា ចំពោះផ្លូវដែលនៅសេសសល់នេះ លោកនឹងខិតខំលើកគម្រោងផែនការនៅឆ្នាំបន្តបន្ទាប់ទៀត ដើម្បីធ្វើយ៉ាងណា ឲ្យការស្ថាបនាផ្លូវ ១ខ្សែនេះ បានរួចរាល់នាពេលខាងមុខ ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋធ្វើចរាចរណ៍ ក៏ដូចជា ការផ្លាស់ប្តូរកសិផលនានា រវាងប្រទេសជិតខាង ឲ្យកាន់តែមានលក្ខណៈល្អប្រសើរ។

នាឱកាសនោះ លោក ស្វាយ សំអ៊ាង អភិបាលខេត្ត បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ឧបត្ថម្ភដល់ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តមណ្ឌលគិរី ដែលកំពុងស្ថាបនាស្ពានអូរផ្លាយ រួមមាន៖ អង្ករ ២០០គីឡូក្រាម មី ២កេសធំ ត្រីខ ១កេសធំ និងថវិកា ២លានរៀល។ដោយឡែក ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្ត ដែលកំពុងស្ថាបនាផ្លូវ ឆ្ពោះទៅព្រំដែនទទួបាន អង្ករ ១០០ គីឡូក្រាម មី ៥កេស ត្រីខ ១កេសធំ ម៉ាស់ ២ប្រអប់ និងថវិកា ១លានរៀល ៕

អត្ថបទទាក់ទង