ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្រ្ដីក្រសួងសាធារណការ៖ ផ្លូវជាតិលេខ៤៨ គ្រោងនឹងបញ្ចប់ការជួសជុលបឋមឱ្យរួចរាល់ នៅពាក់កណ្ដាលខែធ្នូខាងមុខនេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 40
រដ្ឋមន្រ្ដីក្រសួងសាធារណការ៖ ផ្លូវជាតិលេខ៤៨ គ្រោងនឹងបញ្ចប់ការជួសជុលបឋមឱ្យរួចរាល់ នៅពាក់កណ្ដាលខែធ្នូខាងមុខនេះ រដ្ឋមន្រ្ដីក្រសួងសាធារណការ៖ ផ្លូវជាតិលេខ៤៨ គ្រោងនឹងបញ្ចប់ការជួសជុលបឋមឱ្យរួចរាល់ នៅពាក់កណ្ដាលខែធ្នូខាងមុខនេះ

នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូចុះពិនិត្យស្ថានភាពការដ្ឋានជួសជុលថែទាំផ្លូវជាតិលេខ៤៨ ដែលទទួលរងការ​ខូចខាតដោយជំនន់ទឹកភ្លៀងកន្លងមក ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោកទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ផ្លូវនេះនឹងត្រូវបានជួសជុលចប់សព្វគ្រប់ទាំងស្រុង នៅពាក់កណ្ដាលខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីឱ្យប្រជាពលរដ្ឋអាចធ្វើចរាចរណ៍ និងដឹកទំនិញទៅកាន់ទីផ្សារ បានឆាប់រហ័ស និងមានបរិមាណកើនឡើង ជាពិសេសដើម្បីអបអរសាទរពិធីបុណ្យសមុទ្រដែលនឹងត្រូវប្រារព្ធឡើងនៅលើទឹកដី ខេត្តកោះកុង នាចុងខែធ្នូខាងមុខ។ លោកទេសរដ្ឋមន្ត្រីបានបន្តថា មានផ្លូវមានក្តីសង្ឃឹម ផ្លូវល្អនាំមកនូវភ្ញៀវទេសចរ វិនិយោគិន និងការដឹកជញ្ជូនកើនឡើង ដែលជាកត្តាជំរុញដល់ការបង្កើតការងារធ្វើជូនប្រជាពលរដ្ឋ និងការរីកចម្រើន សេដ្ឋកិច្ចជាតិ សំដៅកាត់បន្ថយភាពក្រីក្រស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោកបានបន្ថែមថា ផ្លូវនេះមានប្រវែង១៥០គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកស្រែអំបិល ទៅដល់ទីរួមខេត្តកោះកុង ហើយក្នុងចម្ងាយផ្លូវ១៥០គីឡូម៉ែត្រនេះ ផ្លូវប្រវែង​៦៣គីឡូម៉ែត្រ ត្រូវទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀង ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងកត្តាធម្មជាតិផ្សេងៗទៀត។ លោកបានគូសបញ្ជាក់ថា កំណាត់ផ្លូវដែលរងការខូចខាតប្រវែង៦៣គីឡូម៉ែត្រនេះ ត្រូវបានចែកចេញជា៩១កំណាត់ ដើម្បីជួសជុលដោយអង្គភាពធំៗចំនួនបីរួមមាន នាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវ នាយកដ្ឋានជួសជុល និងថែទាំផ្លូវថ្នល់ និងនាយកដ្ឋានវិស្វកម្មនៃក្រសួងការពារជាតិ ដោយប្រើប្រាស់គ្រឿងចក្រ សម្រាប់ជួសជុលប្រមាណ៤០០គ្រឿង និងប្រើប្រាស់ថវិកាជាតិសរុបប្រមាណ១២លានដុល្លារអាមេរិកសម្រាប់ធានាការជួសជុល និងថែទាំផ្លូវនេះ រហូតដល់ការចាប់ផ្តើមអនុវត្តគម្រោងស្តា និងធ្វើឱ្យប្រសើរឡើង ក្រោមឥណទានប្រាក់កម្ចីរបស់សាធារណរដ្ឋកូរ៉េ (EDCF)។

លោកទេសរដ្ឋមន្ត្រីបានអំពាវនាវឱ្យប្រជាពលរដ្ឋ ក៏ដូចជាក្រុមហ៊ុនដឹកជញ្ជូនចូលរួមថែរក្សាក្នុងស្មារតីភាពជាម្ចាស់ការ ដើម្បីកាត់បន្ថយការចំណាយរបស់រដ្ឋ និងបានក្រើនរម្លឹកដល់មន្ត្រីតាមស្ថានីយជញ្ជីងទាំងអស់ ត្រូវគោរព និងអនុវត្តតាមច្បាប់ឱ្យបានតឹងរឹងបំផុត ជៀសវាងការប្រព្រឹត្តិអំពើខុសប្រក្រតី ដែលជាហេតុនាំឱ្យបំផ្លាញខ្លួនឯង ដោយហេតុថា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងរកថវិកាកសាងដោយលំបាក៕

អត្ថបទទាក់ទង