ខ្មែរប៉ុស្ដិ៍ Close

លោក Kishore Mahbubani ៖ «អ្វីដែលប្រទេសចិនបាននិងកំពុងធ្វើ និងអ្វីដែលសហរដ្ឋអាមេរិកបានបដិសេធមិនធ្វើ»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១ ទស្សនៈ - នយោបាយ 68
លោក Kishore Mahbubani ៖ «អ្វីដែលប្រទេសចិនបាននិងកំពុងធ្វើ និងអ្វីដែលសហរដ្ឋអាមេរិកបានបដិសេធមិនធ្វើ» លោក Kishore Mahbubani ៖ «អ្វីដែលប្រទេសចិនបាននិងកំពុងធ្វើ និងអ្វីដែលសហរដ្ឋអាមេរិកបានបដិសេធមិនធ្វើ»

ខាងក្រោមនេះគឺជាសម្រង់ខ្លឹមសារ សម្តីរបស់លោក Kishore Mahbubani អតីតអ្នកការទូតដ៏ឆ្នើមម្នាក់របស់សិង្ហបុរី ដែលបានលើកឡើងអំពី «អ្វីដែលប្រទេសចិនបាននិងកំពុងធ្វើ និងអ្វីដែលសហរដ្ឋអាមេរិកបានបដិសេធមិនធ្វើ» ចុះផ្សាយលើ Channel Youtube : Richjb8 C កាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២១

សូមក្រឡេកមើលទិន្នន័យស្តីពីថា «តើប្រទេសណាជា ដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិននាពេលបច្ចុប្បន្ននេះ»។ អ្នករាល់គ្នាប្រហែលជាគិតថា «ដៃគូពាណិជ្ជកម្មលំដាប់ទី ១ របស់ចិនគឺ សហរដ្ឋអាមេរិក ឬសហភាពអឺរ៉ុប» ក៏ប៉ុន្តែចម្លើយនេះគឺខុសហើយ។

ដៃគូពាណិជ្ជកម្មលំដាប់ទី១ របស់ចិន គឺអាស៊ាន ហើយលំដាប់ទី ២ និងទី ៣ អាចជាសហភាពអឺរ៉ុប ឬសហរដ្ឋអាមេរិក។

ប្រទេសចិនតែងតែគិតថា «ប្រសិនបើយើងធ្វើពាណិជ្ជកម្មជាមួយអ្នក នោះអ្នកនឹងទទួលបានអត្ថប្រយោជន៍ពីពាណិជ្ជកម្ម ហើយយើងក៏នឹងទទួលបានអត្ថប្រយោជន៍ពីពាណិជ្ជកម្មដូចគ្នា» ហើយនេះគឺជាអ្វីដែលចិនចង់បាន។

ប្រទេសចិនមិន ដែលរំពឹងថានឹងទទួលបានមិត្តភាពដែលមានលក្ខណៈជិតស្និទ្ធជាមួយនឹងប្រទេសណាមួយនោះទេ ពីព្រោះពួកគេមិនជឿលើមិត្តភាពបែបនេះ ដែលនេះបានបង្ហាញថា «ចិនគឺជាប្រទេសប្រាកដនិយម»។

គ្មានមិត្តភាពពិតប្រាកដនោះទេរវាងប្រទេសនិងប្រទេស ពីព្រោះនៅទីបំផុតទៅ ប្រទេសនីមួយៗនឹងទុកផលប្រយោជន៍ជាតិរបស់ពួកគេជាធំ។

ខ្ញុំសូមផ្តល់ឧទាហរណ៍មួយដែលទាក់ទងនឹងប្រទេសដ៏សំខាន់មួយនៅតំបន់អាស៊ីអាគ្នេយ៍ ដែល នោះគឺឥណ្ឌូណេស៊ី។

រដ្ឋមន្រ្តីឥណ្ឌូណេស៊ី បាននិយាយជាមួយខ្ញុំជាលក្ខណៈឯកជនថា៖

«នៅពេលដែលអាមេរិកមករកយើង ពួកគេបានប្រាប់យើងអំពីកំហុសជាច្រើនរបស់ចិន។ ពួកគេនិយាយថា ពួកគេនឹងនៅឈរជាមួយយើង ក៏ប៉ុន្តែពួកគេមិនបានផ្តល់អ្វីឱ្យយើងទាល់តែសោះ។ នៅពេលដែលចិនមករកយើង ពួកគេបាននិយាយមកកាន់យើងថា វានឹងល្អសម្រាប់អ្នក ប្រសិនបើអ្នកមានកំពង់ផែថ្មីនៅទីនេះ,ស្ពានថ្មីនៅទីនេះ និងផ្លូវដែកថ្មីនៅទីនេះ»។

«ហើយសូម្បីតែ នៅពេលដែលវីរុស Covid-19 បាន វាយប្រហារមកលើប្រទេសឥណ្ឌូណេស៊ី សហរដ្ឋអាមេរិកមិន បាននាំចេញវ៉ាក់សាំងសូម្បីតែ ១ ដូសមកកាន់ឥណ្ឌូណេស៊ីនោះទេ»។ «ប្រទេសឥណ្ឌូណេស៊ីបាននាំចូលវ៉ាក់សាំងចំនួន ១៥០ ទៅ ១៦០ លានដូស ដែលភាគច្រើនមានប្រភពមកពីប្រទេសចិន»។

បើសិនជាអ្នកគឺជាប្រទេសកំពុងអភិវឌ្ឍនិងក្រីក្រ ហើយមានអ្នកណាម្នាក់មករកអ្នក ហើយនិយាយថា «ខ្ញុំអាចសាងសង់ផ្លូវដែកថ្មីសម្រាប់អ្នក» នោះវានឹងក្លាយជារឿងដ៏ល្អមួយ។ ហើយដូចដែលអ្នកបានដឹងស្រាប់ហើយថា «ផ្លូវដែក Bandung នៅទីក្រុងហ្សាកាតា ក៏កំពុងត្រូវបានសាងសង់ដោយប្រទេសចិនផងដែរ»។ ដូច្នេះនេះ គឺជាការប្រកួតប្រជែងដ៏ពិតប្រាកដ។

សហរដ្ឋអាមេរិកបានចំណាយប្រាក់ចំនួន ១,៧ ទ្រីលានដុល្លារដើម្បីផលិតយន្តហោះចម្បាំង «F-35» ដែល ប្រហែលជានឹងមិនត្រូវបានប្រើនៅក្នុងសង្គ្រាមនោះទេ ដោយសារតែវាល្អឥតខ្ចោះពេក។

ប៉ុន្តែ ប្រទេសចិនបានចំណាយប្រាក់ចំនួន ១,៧ ទ្រីលានដុល្លារលើ «គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ»។

ប្រសិនបើអ្នកទៅប្រទេសក្រិក អ្នកនឹងបានឃើញកំពង់ផែក្រិកដែលទទួលបានអត្ថប្រយោជន៍ពីគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវរបស់ចិន ហើយអ្នកក៏នឹងអាចមើលឃើញអំពីសមិទ្ធិផលរបស់គំនិតផ្តួចផ្តើមនេះនៅជុំវិញពិភពលោកផងដែរ។ នេះគឺជាការប្រកួតប្រជែងដ៏ពិតប្រាកដ។

បើទោះបីជាប្រទេសឥណ្ឌូណេស៊ីមានអារម្មណ៍ល្អក្នុងការមានទំនាក់ទំនងជាមួយជនជាតិអាមេរិកក៏ដោយ ក៏នៅចុងបញ្ចប់ ពួកគេនឹងត្រូវសួរខ្លួនឯងថា «តើយើងអាចពង្រឹងស្ថានភាពរបស់ប្រជាជនឥណ្ឌូណេស៊ីបានតាមរបៀបណា»។

នេះគឺជាមូលហេតុ ដែលពួកគេចូលរួមធ្វើការជាមួយចិន។ វាមិនមែនដោយសារតែពួកគេស្រឡាញ់ប្រទេសចិននោះទេ ក៏ប៉ុន្តែ វាក៏ដោយសារតែពួកគេយល់ថា «ពួកគេអាចពង្រឹងសុខុមាលភាពរបស់ប្រជាជនឥណ្ឌូណេស៊ីបានតាមរយៈការធ្វើ ការជាមួយប្រទេសចិន»៕

អត្ថបទទាក់ទង