ខ្មែរប៉ុស្ដិ៍ Close

តើមានអ្វីកើតឡើងចំពោះគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៩ ខែកញ្ញា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 77
តើមានអ្វីកើតឡើងចំពោះគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ? តើមានអ្វីកើតឡើងចំពោះគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ?

អស់រយៈពេលជិត ១ ទសវត្សរ៍បន្ទាប់ពីការប្រកាសដាក់ឱ្យដំណើរការនូវគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ (BRI) ដែលធ្លាប់ត្រូវបានគេដាក់ឈ្មោះថាជា «គម្រោងប្រចាំសតវត្សរ៍» បាននិងកំពុងរលាយបាត់បន្តិចម្តងៗពី សុន្ទរកថានានារបស់មេដឹកនាំចិន។ ប៉ុន្តែវោហាសាស្ត្ររបស់ចិនអំពីការអភិវឌ្ឍពិភពលោកមិនទាន់រលាយបាត់នៅឡើយនោះទេ ដោយវាគ្រាន់តែប្តូរឈ្មោះទៅជាគំនិតផ្តួចផ្តើមថ្មីមួយទៀត ដែលនោះគឺ «គំនិតផ្តួចផ្តើមអភិវឌ្ឍសកល» (Global Development Initiative) ឬ GDI។

គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ គឺជាយុទ្ធសាស្ត្រដ៏សំខាន់មួយរបស់ចិន ក្នុងការផ្សព្វផ្សាយនូវគោលនយោបាយការបរទេសនៅក្នុងរយៈពេល ១ ទសវត្សរ៍កន្លងមកនេះ ហើយវាត្រូវបានផ្សារភ្ជាប់ជាប្រព័ន្ធ និងយ៉ាងជិតស្និទ្ធទៅនឹងលោក ស៊ី ជីនពីង។ ប៉ុន្តែតាមពិត លោក ស៊ី គឺជាមេដឹកនាំម្នាក់ ដែលបានប្រើពាក្យពេចន៍ពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមនេះតិចបំផុតនៅក្នុងសុន្ទរកថា។

ឈ្មោះផ្លូវការរបស់ «គំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវ» លែងមានទៀតហើយនៅក្នុងសុន្ទរកថារបស់លោក ស៊ី ជីនពីង នៅក្នុងឆ្នាំ ២០២២ នេះ។ ក្រៅពីការនិយាយអំពី «ការជំរុញឱ្យមានកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់និងផ្លូវដែលមានគុណភាពខ្ពស់» គំនិតផ្ដួចផ្ដើម BRI នេះកំពុងរលាយបាត់ពីសុន្ទរកថាដ៏មានសារៈសំខាន់បំផុតរបស់លោក ស៊ី នៅក្នុងវេទិកាសំខាន់ៗមួយចំនួន ដូចជាវេទិកា Boao, BRICS ឬវេទិការបស់អង្គការសហប្រជាជាតិ។

គំនិតផ្ដួចផ្ដើម BRI មិនត្រឹមតែបានរលាយបាត់ពីសុន្ទរកថារបស់លោក ស៊ី ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបាត់ខ្លួនពីរបៀបវារៈរបស់លោកផងដែរ។ នៅក្នុងឆ្នាំ ២០១៧ និង ២០១៩ លោក ស៊ី បានប្រើប្រាស់វេទិកាខ្សែក្រវ៉ាត់និងផ្លូវ ដើម្បីស្វាគមន៍មេដឹកនាំមកពីជុំវិញពិភពលោក ក៏ប៉ុន្តែនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គំនិតផ្ដួចផ្ដើម BRI មិនត្រូវបានរៀបចំជាវេទិកាកម្រិតប្រធានាធិបតីនោះទេ។

ផ្ទុយទៅវិញ រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី គឺជាមេដឹកនាំចិនមួយរូប ដែលបានទទួលបន្ទុកលើការរៀបចំ «ក្រុមប្រឹក្សានៃវេទិកាខ្សែក្រវ៉ាត់និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ» កាលពីឆ្នាំ ២០២១។ ដូច្នេះ លោក ស៊ី បានធ្វើប្រតិភូកម្មវេទិកាខ្សែក្រវ៉ាត់និងផ្លូវ ទៅឱ្យលោក វ៉ាង ជំនួសវិញ។

ក្នុងចំណោមសុន្ទរកថាចំនួន ៨០ របស់មេដឹកនាំចិន ដែលបានបោះពុម្ពផ្សាយជាភាសាអង់គ្លេសនៅលើគេហទំព័ររបស់ក្រសួងការបរទេសចិន នៅចន្លោះឆ្នាំ ២០២១-២០២២ មានសុន្ទរកថាចំនួន ៤៤ បាននិយាយ សំដៅទៅលើគំនិតផ្ដួចផ្ដើម BRI ដោយក្នុងនោះ មានតែសុន្ទរកថាចំនួន ២២ ប៉ុណ្ណោះដែលបានលើកឡើងអំពីវាថាជា «កិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់និងផ្លូវ ដែលមានគុណភាពខ្ពស់», ជា «ផែនការខ្សែក្រវ៉ាត់ និងផ្លូវដែលល្អចំពោះបរិស្ថាន» ឬជា «កិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់និងផ្លូវ»។

នៅក្នុងភាសាចិន ពាក្យថា «yi dai yi lu» (ដែលប្រែថា «ខ្សែក្រវ៉ាត់មួយផ្លូវមួយ») នៅតែរក្សាជំហររបស់ខ្លួន ក្នុងនាមជាឈ្មោះរបស់គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវជាភាសាអង់គ្លេស។ បច្ចុប្បន្ននេះ ក្រសួងការបរទេសចិនកំពុងបកប្រែពាក្យជាភាសាចិននេះឱ្យទៅជាពាក្យដូចជា «កិច្ចសហប្រតិបត្តិការ» ឬ «ភាពជាដៃគូ» ជំនួសវិញ។

ប្រទេសចិនហាក់ដូចជាកំពុងផ្លាស់ប្តូរវោហាសាស្ត្ររបស់ខ្លួនជុំវិញគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវ ចំពោះជនបរទេស ដោយបានប្ដូរពីពាក្យ «គំនិតផ្តួចផ្តើម» ទៅជាពាក្យ «កិច្ចសហប្រតិបត្តិការ» វិញ ដែលប្រហែលជា ដោយសារតែពាក្យថា «កិច្ចសហប្រតិបត្តិការ» មានភាពងាយស្រួលស្ដាប់ជាង។

លោក ស៊ី មិនមែនជាមេដឹកនាំតែមួយគត់ដែលបានផ្លាស់ប្តូរពីគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ ឱ្យទៅជា «កិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់និងផ្លូវ» នោះទេ ដោយក្នុងនោះក៏នៅមានលោក វ៉ាង យី ម្នាក់ទៀតផងដែរ ដែលជារដ្ឋមន្ត្រីការបរទេស និងជាអ្នកលើកកម្ពស់គំនិតផ្ដួចផ្ដើម BRI ចុងក្រោយគេបង្អស់នៅក្នុងឆ្នាំ ២០២១ និង ២០២២។

លោក វ៉ាង មិនត្រឹមតែជាអ្នករៀបចំ «វេទិកាខ្សែក្រវ៉ាត់និងផ្លូវ» ចុងក្រោយគេកាលពីឆ្នាំ ២០២១ ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមេដឹកនាំចិនមួយរូប ដែលបានផ្សព្វផ្សាយគំនិតផ្ដួចផ្ដើម BRI នេះច្រើនបំផុតផងដែរនៅក្នុងសុន្ទរកថារបស់លោកនៅក្នុងយុគសម័យដែលគំនិតផ្ដួចផ្ដើម BRI កំពុងតែរលាយបាត់។

ទោះជាយ៉ាងណាក៏ដោយ គំនិតនានាពាក់ព័ន្ធនឹងគំនិតផ្ដួចផ្ដើម BRI មិនបានរលាយបាត់សូន្យឡើយ។ ជំនួសមកវិញ វាកំពុងត្រូវបានផ្លាស់ប្តូរឆ្ពោះទៅរកវោហាសាស្ត្រថ្មីមួយ ដែលនោះគឺ «គំនិតផ្តួចផ្តើមអភិវឌ្ឍសកល» (Global Development Initiative – GDI) ដែលត្រូវបានប្រកាសជាលើកដំបូងនៅក្នុងអំឡុងសុន្ទរកថារបស់លោក ស៊ី ជីនពីង នៅឯមហាសន្និបាតអង្គការសហប្រជាជាតិក្នុងខែកញ្ញា ឆ្នាំ ២០២១។

គំនិតផ្ដួចផ្ដើមនេះ និយាយអំពីការលើកកម្ពស់ការអភិវឌ្ឍ ស្របតាមរបៀបវារៈឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការកែលម្អជីវភាពរស់នៅរបស់ប្រជាជន, ការជួយប្រទេសកំពុងអភិវឌ្ឍ, ការជំរុញឱ្យមាននវានុវត្តន៍ និងការផ្សារភ្ជាប់គ្នារវាងមនុស្សនិងធម្មជាតិ។

ខណៈពេលដែលគំនិតផ្តួចផ្តើមអភិវឌ្ឍសកលមានគោលបំណងប្រែក្លាយខ្លួនទៅជាគំនិតផ្ដួចផ្ដើម BRI ថ្មីមួយដែលនឹងជួយដល់បរិស្ថានបានច្រើនជាងមុន, ផ្តោតលើគុណភាពកាន់តែខ្ពស់ និងកាន់តែមានភាពប្រសើរឡើង ជាក់ស្តែងវាគ្រាន់តែជាពាក្យស្លោកមួយផ្សេងទៀតដែលនឹងបំពេញតាមតម្រូវការរបស់ចិនតែប៉ុណ្ណោះ។

បន្ទាប់ពីការប្រកាសឡើងនូវគំនិតផ្តួចផ្តើមអភិវឌ្ឍសកល ជោគវាសនានៃគំនិតផ្ដួចផ្ដើម BRI នឹងមានភាពកាន់តែមិនច្បាស់លាស់។ បើយើងត្រឡប់ទៅមើលសុន្ទរកថាទាំងនោះវិញ យើងនឹងបានឃើញថា «ចាប់តាំងពីការប្រកាសដាក់ឱ្យប្រើនូវគំនិតផ្ដួចផ្ដើម GDI មក ការលើកឡើងអំពីគំនិតផ្តួចផ្តើមអភិវឌ្ឍសកលមានចំនួន ២៨ ដង ខណៈដែលគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវ ត្រូវបានលើកឡើងតែ ២៥ ដងប៉ុណ្ណោះ ដែលក្នុងនោះ ១៦ ដង បានត្រឹមតែលើកឡើងអំពីកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់និងផ្លូវ ដែលមានគុណភាពខ្ពស់»។

រូបភាពនេះនឹងកាន់តែអាក្រក់មើលថែមទៀត នៅពេលដែលយើងអានសុន្ទរកថារបស់លោក ស៊ី ។ លោក ស៊ី បានលើកឡើងអំពីគំនិតផ្ដួចផ្ដើម GDI នៅ ក្នុងសុន្ទរកថាចំនួន ១៤ ក្នុងចំណោមសុន្ទរកថាទាំង ១៥ របស់លោក ប៉ុន្តែលោកបានលើកឡើងអំពីគំនិតផ្ដួចផ្ដើម BRI ត្រឹមតែ ៨ លើកប៉ុណ្ណោះ ហើយដោយគ្រាន់តែប្រើពាក្យថា «កិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់និងផ្លូវ ដែលមានគុណភាពខ្ពស់»។

ក្នុងរយៈពេល ២ ខែចុងក្រោយនេះ គំនិតផ្ដួចផ្ដើម BRI បានបន្តរលាយបាត់ពីសុន្ទរកថារបស់លោក ស៊ី បើទោះបីជាលោកមានសុន្ទរកថាទាំងស្រុងអំពី «ការពង្រឹងភាពជាដៃគូដែលមានគុណភាពខ្ពស់សម្រាប់យុគសម័យថ្មីនៃការអភិវឌ្ឍសកល» កាលពីខែ មិថុនា ឆ្នាំ ២០២២ ក៏ដោយ។ នៅក្នុងសុន្ទរកថានោះ លោក ស៊ី មិនបាននិយាយអំពីគំនិតផ្ដួចផ្ដើម BRI ទេ ក៏ប៉ុន្តែលោកបែរជាទៅលើកឡើងអំពីគំនិតផ្ដួចផ្ដើម GDI ទៅ វិញដែលនិយាយអំពីការអភិវឌ្ឍកិច្ចសហប្រតិបត្តិការជាមួយក្រុមប្រទេស Global South, ការចែករំលែកចំណេះដឹង និងការជួយប្រទេសផ្សេងៗទៀត។

ហេតុអ្វីបានជា «គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ» ក្លាយទៅជា «កិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់និងផ្លូវ» នៅក្នុងសុន្ទរកថាផ្លូវការ ហើយហេតុអ្វីបានជាវោហាសាស្ត្រជុំវិញគំនិតផ្ដួចផ្ដើម BRI ត្រូវបានប្ដូរទៅជាគំនិតផ្តួចផ្តើមអភិវឌ្ឍសកលទៅវិញ? រូបភាពនៃគំនិតផ្ដួចផ្ដើម BRI ត្រូវបានរងនូវការប៉ះទង្គិចយ៉ាងខ្លាំងនៅក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ដោយសារការចោទប្រកាន់អំពីអន្ទាក់បំណុល, អាណានិគមនិយម, បញ្ហាអេកូឡូស៊ី និងស្តង់ដារនៃភាពក្រីក្រ។

ជំនួសឱ្យការព្យាយាមលុបបំបាត់ស្លាកស្នាមទាំងនេះ និងដើម្បីកំណត់អំពីវិសាលភាព និងគោលបំណងនៃគំនិតផ្ដួចផ្ដើម BRI នៅទីបំផុតប្រទេសចិនបានបង្កើតឱ្យមានគំនិតផ្ដួចផ្ដើម BRI «កូនភ្លោះមួយ»។ ដូច្នេះគំនិតផ្តួចផ្តើមអភិវឌ្ឍសកល គឺជាគំនិតផ្ដួចផ្ដើម BRI ក្លែងខ្លួន ដោយក្នុងនោះ វាគឺជាគំនិតផ្តួចផ្តើមចាស់ដែលត្រូវបានគេធ្វើឱ្យទៅជាថ្មីវិញ។

កាលពីខែមករា ឆ្នាំ ២០២២ ប្រទេសជាង ៥០ បានបង្ហាញអំពីចំណាប់អារម្មណ៍របស់ពួកគេក្នុងការចង់ចូលរួមជាមួយគំនិតផ្ដួចផ្ដើម GDI ដែលត្រូវបានបង្កើតឡើងនៅឯអង្គការសហប្រជាជាតិ ខណៈពេលដែល ប្រទេសជាង ១០០ បានសម្តែងនូវការគាំទ្រចំពោះគំនិតផ្តួចផ្តើមនេះ។ ប៉ុន្តែប្រទេសចិនបានបន្តសង្កត់ធ្ងន់ថា «ខ្លួនមិនចង់ជំនួសគំនិតផ្ដួចផ្ដើម BRI ដោយគំនិតផ្ដួចផ្ដើម GDI នោះទេ»។

លោក វ៉ាង បាននិយាយថា «គំនិតផ្ដួចផ្ដើម GDI និងគំនិតផ្ដួចផ្ដើម BRI គឺជាម៉ាស៊ីនភ្លោះ ដែលនឹងត្រូវប្រើដើម្បីបង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យប្រពៃណី និងដើម្បីជំរុញឱ្យមានការចាប់អារម្មណ៍ថ្មីៗ»។ បើតាមលោក វ៉ាង «គំនិតផ្ដួចផ្ដើម GDI នឹងបង្កើតការរួមផ្សំជាមួយគំនិតផ្តួចផ្តើមផ្សេងទៀតដែលរួមបញ្ចូលទាំង គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ, របៀបវារៈឆ្នាំ ២០៦៣ នៃសហភាពអាហ្រ្វិក, និងភាពជាដៃគូថ្មីសម្រាប់ការអភិវឌ្ឍរបស់ទ្វីបអាហ្រ្វិក»។

ប៉ុន្តែ​ពាក្យ​សម្ដី និង​សកម្មភាព​របស់​មេដឹកនាំ​ចិន​បានផ្ដល់​នូវចំណាប់​អារម្មណ៍​ផ្ទុយ​គ្នាពីនេះ។ គំនិតផ្ដួចផ្ដើម BRI កំពុងរលាយបាត់វត្តមាន ហើយគំនិតផ្ដួចផ្ដើម GDI កំពុងលេចឡើងកាន់តែច្បាស់នៅក្នុងសុន្ទរកថារបស់ពួកគេ។ បើទោះបីជាការកើនឡើងនូវវត្តមានរបស់គំនិតផ្ដួចផ្ដើម GDI នៅក្នុងសុន្ទរកថារបស់មេដឹកនាំចិន អាចជាផ្នែកមួយនៃយុទ្ធសាស្រ្តផ្សព្វផ្សាយអំពីគំនិតផ្ដួចផ្ដើមនេះក៏ដោយ ក៏វានឹងគ្មានគំនិតផ្តួចផ្តើមថ្មី ឬចាស់ណាមួយអាចជំនួស ឬបង្កើតឡើងវិញនូវឥទ្ធិពលនៃគំនិតផ្ដួចផ្ដើម BRI នៅលើឆាកអន្តរជាតិបានទេ ពីព្រោះបើតាមទស្សនៈបែបទំនាក់ទំនងសាធារណៈ គំនិតផ្ដួចផ្ដើម BRI មានលក្ខណៈល្អជាងគំនិតផ្ដួចផ្ដើម GDI និងគំនិតផ្តួចផ្តើមផ្សេងៗទៀត ដែលត្រូវបានស្នើឡើងដោយលោកខាងលិចទៅទៀត។

គំនិតផ្ដួចផ្ដើម BRI ត្រូវបានបង្កើតឡើងដោយឈរលើកត្តាប្រវត្តិសាស្ត្រ (Myth), វោហាសាស្ត្រ, ភាពក្លៀវក្លា និងក្តីស្រមៃអំពីការកសាងផ្លូវសូត្រឡើងវិញនៅទូទាំងពិភពលោក បូករួមទាំងនៅលោកខាងលិច ហើយគំនិតផ្ដួចផ្ដើមនេះក៏បានជួយបង្កើនអំណាចទន់របស់ប្រទេសចិនផងដែរ បូករួមនឹងការលេចត្រដែតឡើងនៅលើឆាកអន្តរជាតិ។ បើទោះបីជា GDI គឺជាគំនិតផ្តួចផ្តើមថ្មី និងអាចត្រូវបានគ្រោងទុកមកយ៉ាងល្អជាងមុនក៏ដោយ ក៏វានៅតែខ្វះការឆ្លើយតបឱ្យបានក្លៀវក្លាដូចអ្វីដែលគំនិតផ្ដួចផ្ដើម BRI មាន ដែលបានជួយឱ្យវាក្លាយជាគំនិតផ្ដួចផ្ដើមមួយ ដែលត្រូវបានគេទទួលស្គាល់នៅលើឆាកអន្តរជាតិ។

ស្ទើរតែគ្មាននរណាម្នាក់និយាយអំពីគំនិតផ្ដួចផ្ដើម GDI ខណៈដែលប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចធ្លាប់តែបានលើកឡើងអំពីគំនិតផ្ដួចផ្ដើម BRI។ បញ្ហាសំខាន់នៅក្នុងរយៈពេល ១ ទសវត្សរ៍ចុងក្រោយនេះគឺ «មុខមាត់របស់ប្រទេសចិនបានរងនូវការធ្លាក់ចុះកាន់តែយ៉ាប់យ៉ឺនទៅៗ ហើយវាបានបង្កប៉ះពាល់ដល់រាល់គំនិតផ្តួចផ្តើមថ្មីៗដែលចិនបានស្នើឡើង»។

ប្រសិនបើគ្មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅទេ ភាគច្រើននៃគំនិតផ្ដួចផ្ដើមរបស់ចិននឹងមានត្រឹមតែឈ្មោះប៉ុណ្ណោះ ហើយនេះគឺជាមូលហេតុដែលប្រទេសចិនមិនគួរបោះបង់ចោលគំនិតផ្ដួចផ្ដើម BRI ក៏ប៉ុន្តែជំនួសវិញ ប្រទេសចិនគួរតែបង្ហាញឱ្យឃើញកាន់តែច្បាស់អំពីគោលដៅ និងសកម្មភាពនៅពេលអនាគតរបស់ខ្លួន និងមិនត្រូវធ្វើឱ្យប្រទេសនិងស្ថាប័នផ្សេងទៀតដូចជាសហរដ្ឋអាមេរិក, សហភាពអឺរ៉ុប, ជប៉ុន និងឥណ្ឌា ចាត់ទុកវាជាសកម្មភាពដែលមានហានិភ័យនោះទេ។

បើទោះបីជាគំនិតផ្ដួចផ្ដើម BRI ត្រូវបានបន្ទាបចំណាត់ថ្នាក់ ដោយសារតែការរិះគន់ជាច្រើននៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះក៏ដោយ ក៏វានឹងមិនស្លាប់នោះទេ ហើយក៏នឹងមិនងាយរលាយបាត់ទៅវិញនោះដែរ ដោយសារវាត្រូវបានចាត់ទុកជានិម្មិតរូបនៃយុទ្ធសាស្រ្តគោលនយោបាយការបរទេសរបស់ចិន។ បើទោះបីជាគំនិតផ្តួចផ្តើមអភិវឌ្ឍសកលបានក្លាយជាពាក្យពេញនិយមថ្មីនៅក្នុងសុន្ទរកថារបស់មេដឹកនាំចិនក៏ដោយ ក៏វាបានបង្ហាញរួចទៅហើយថា «គំនិតផ្ដួចផ្ដើមនេះនឹងមិនមានភាពទាក់ទាញដូចគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវឡើយ»៕

The Diplomat