ការបណ្តាក់ទុនវិនិយោគរបស់ក្រុមនហ៊ុនចិនជាចំណែកមួយយ៉ាងធំជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានកាលពីដើមសប្តាហ៍នេះថា តាមបណ្តាប្រទេសនានានៅលើសាកលលោកបានទទូច និងព្យាយាមកៀងគរឱ្យមានក្រុមហ៊ុន និងបណ្តាអ្នកវិនិយោគចិនចូលទៅក្នុងប្រទេសរបស់ខ្លួនដើម្បីសហការធ្វើជាដៃគូយ៉ាងជិតស្និទ្ធដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច។ លោកបានបន្តទៀតថា រដ្ឋាភិបាលថៃបច្ចុប្បន្ននេះ ក៏បានព្យាយាមកៀងគរអ្នកវិនិយោគចិនឱ្យចូលទៅកាន់ប្រទេសរបស់ខ្លួន ខណៈដែលកម្ពុជាកំពុងតែដើរនៅលើផ្លូវមួយនេះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តទៀតថា កំណើននៃការវិនិយោគរបស់ចិននៅកម្ពុជា ត្រូវបានធ្វើឡើងស្ទើរគ្រប់វិស័យជាពិសេស លើវិស័យសំណង់ ហើយយើងនៅតែស្វាគមន៍ និងទទូចសុំឱ្យមានការចូលមកវិនិយោគបន្ថែមទៀត។
គួរបញ្ជាក់ថា វត្តមានរបស់ក្រុមហ៊ុនចិននៅកម្ពុជា ត្រូវបានធ្វើឡើងស្ទើរគ្រប់វិស័យ ដែលក្នុងនោះរួមមាន ដូចជា វិស័យកាត់ដេរ វិស័យកសិកឧស្សាហកម្ម វិស័យទេសចរណ៍ ការផ្គត់ផ្គង់ទៅលើវិស័យថាមពល ជាពិសេសវិស័យសំណង់បាន និងកំពុងឈានមុខគេ ខណៈដែលទុនវិនិយោគសរុប គិតជាមធ្យមក្នុងចន្លោះប្រមាណជិត២ពាន់លានដុល្លារ ក្នុងមួយឆ្នាំ។ យោងតាមរបាយការណ៍ដែលបង្ហាញ ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីពេលកន្លងទៅបានបញ្ជាក់ថា ទុនវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា ជាងពាក់កណ្តាលជាការវិនិយោគពីសំណាក់ក្រុមហ៊ុនចិន ខណៈដែលប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញពីឆន្ទៈរីករាយស្វាគមន៍ និងទទូចឱ្យមានការវិនិយោគរបស់ក្រុមហ៊ុនចិន មកកាន់កម្ពុជាបន្ថែមទៀត៕