ខ្មែរប៉ុស្ដិ៍ Close

រដ្ឋាភិបាលចិន អនុញ្ញាតជាផ្លូវការឱ្យកម្ពុជានាំស្វាយស្រស់ទៅកាន់ប្រទេសខ្លួន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៧ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 57
រដ្ឋាភិបាលចិន អនុញ្ញាតជាផ្លូវការឱ្យកម្ពុជានាំស្វាយស្រស់ទៅកាន់ប្រទេសខ្លួន រដ្ឋាភិបាលចិន អនុញ្ញាតជាផ្លូវការឱ្យកម្ពុជានាំស្វាយស្រស់ទៅកាន់ប្រទេសខ្លួន

រដ្ឋមន្រ្តីក្រសួងកសិកម្មបានបញ្ជាក់ថា រដ្ឋាភិបាលចិន បានអនុញ្ញាតជាផ្លូវការ ឱ្យកម្ពុជានាំស្វាយស្រស់ទៅប្រទេសខ្លួន ដែលនេះជាដំណឹងដ៏ល្អ ជួយដោះស្រាយបញ្ហាទីផ្សារ នាំចេញស្វាយរបស់ កម្ពុជា។

យោងតាមផេកផ្លូវការរបស់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសលោកអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានអនុញ្ញាតជាផ្លូវការក្នុងការនាំផ្លែស្វាយស្រស់ចេញពីកម្ពុជា។ លោករដ្ឋមន្រ្តីបញ្ជាក់ថា ចំពោះការរៀបចំពិធីជាផ្លូវការនៃការនាំស្វាយស្រស់ចេញពីកម្ពុជា ត្រង់ទៅកាន់ប្រទេសចិន ក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ នឹងសហការជាមួយលោកអគ្គរដ្ឋទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យមើលលទ្ធភាព និងពេលវេលា ដែលអាចប្រព្រឹត្តនៅក្នុងសប្តាហ៍នេះ ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើមទំនាក់ទំនងចរចាបើកទីផ្សារជាមួយអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) តាំងពីដើមឆ្នាំ២០១៨ នៅមុនពេលអគ្គរដ្ឋបាលត្រួតពិនិត្យគុណភាព អធិការកិច្ច និងចត្តាឡីស័ក (AQSIQ) ច្របាច់បញ្ចូលគ្នាជាមួយ GACC ហើយរហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ទើបទទួលបានការឯកភាព និងឈានដល់ការចុះហត្ថលេខានៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ លើពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន។

នៅក្នុងខ្លឹមសារនៃពិធីសារបានកំណត់ថា ស្វាយដែលដាំដុះក្នុងគោលបំណងសម្រាប់នាំចេញទៅប្រទេសចិន ត្រូវតែចុះបញ្ជីនៅអគ្គនាយកដ្ឋានកសិកម្ម និងទទួលស្គាល់ដោយ GACC ហើយគ្រប់ចម្ការស្វាយដែល ត្រូវបានចុះបញ្ជី ត្រូវអនុវត្តការដាំដុះតាមគោលការណ៍ការអនុវត្តកសិកម្មល្អ (GAP) និងផ្លែស្វាយដែលនាំចេញត្រូវឆ្លងកាត់ការធ្វើប្រព្រឹត្តិកម្មកម្ចាត់ពងរុយចោះផ្លែស្វាយដោយប្រើចំហាយទឹកក្តៅ (Vapor Heat Treatment – VHT) ឬប្រព្រឹត្តិកម្មទឹកក្តៅ (Hot Water Treatment – HWT) ដើម្បីធានាថា ផ្លែស្វាយស្រស់ទាំងនោះ ពុំជាប់ជាមួយនូវសមាសភាពចង្រៃភូតគាមអនាម័យដូចមានចែងក្នុងពិធីសារ។

អគ្គនាយកដ្ឋានកសិកម្ម បានទទួលពាក្យស្នើសុំចុះបញ្ជីចម្ការ ស្វាយ និងទីតាំងវេចខ្ចប់សម្រាប់នាំចេញផ្លែស្វាយស្រស់កម្ពុជាទៅកាន់ប្រទេសចិនចំនួន៥៥ក្រុមហ៊ុន/ម្ចាស់ចម្ការ///សហគមន៍កសិកម្ម។

អគ្គនាយកដ្ឋានកសិកម្មក៏បាននិងកំពុងបន្តទទួលនូវពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយជាបន្តបន្ទាប់ថែមទៀតផងដែរ។អគ្គនាយកដ្ឋានកសិកម្ម បានចាត់មន្រ្តីជំនាញចុះតម្រង់ទិសខាងបច្ចេកទេស ពិនិត្យ និងវាយតម្លៃលើកសិដ្ឋានដែលមានសក្តានុពលខ្ពស់ និងស្របតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ប្រទេសចិនបានចំនួន ៣៧ និងទីតាំងវេចខ្ចប់ដែលបានសាងសង់រួចរាល់ ដោយបានបំពាក់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់កម្ចាត់ពងរុយចោះផ្លែស្វាយដោយប្រើចំហាយទឹកក្តៅ (VHT) ចំនួន០២ និងរោងចក្រប្រព្រឹត្តិកម្មកម្ចាត់ពងរុយចោះផ្លែស្វាយដោយប្រើទឹកក្តៅ (HWT) ចំនួន០៣ និងបានផ្ញើជូន GACC កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ និងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១។

សូមជម្រាបថា ផ្លែស្វាយស្រស់កម្ពុជាគឺជាផ្លែឈើស្រស់ទី២បន្ទាប់ពីផ្លែចេកស្រស់ ដែលអាចនាំចេញទៅប្រទេសចិនដោយផ្ទាល់។នេះគឺជាសមិទ្ធផលផ្លែផ្កាថ្មីមួយទៀតដែលប្រសូត្រចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិន ៕

អត្ថបទទាក់ទង