ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាលបន្តខិតខំជួយវិស័យវាយនភណ្ឌកាត់ដេរ និងវិស័យទេសចរណ៍ដែលព្យួរការងារក្នុងបរិបទកូវីដ-១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៩ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 42
រាជរដ្ឋាភិបាលបន្តខិតខំជួយវិស័យវាយនភណ្ឌកាត់ដេរ និងវិស័យទេសចរណ៍ដែលព្យួរការងារក្នុងបរិបទកូវីដ-១៩ រាជរដ្ឋាភិបាលបន្តខិតខំជួយវិស័យវាយនភណ្ឌកាត់ដេរ និងវិស័យទេសចរណ៍ដែលព្យួរការងារក្នុងបរិបទកូវីដ-១៩

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈ សារលិខិតជូនជនរួមជាតិ អបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំថ្មីប្រពៃណីជាតិ បានបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ ទោះបីកម្ពុជាបាននិងកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺឆ្លងកូវីដ-១៩ក្តី ក៏វិស័យឧស្សាហកម្ម និងសិប្បកម្ម នៅកម្ពុជា បានរីកលូតលាស់ជាបន្តបន្ទាប់។ រោងចក្រសរុបមានចំនួនជាង១ ៨៦៤រោងចក្រ ដែលភាគច្រើនជារោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងមានឧស្សាហកម្មធុនតូច មធ្យម និងសិប្បកម្មជាង៤៣ ០៨២មូលដ្ឋាន ហើយដែលបានស្រូបកម្លាំងពលករ សរុបប្រមាជាង១លាន៥សែននាក់។

សារលិខិតបន្តថា ចំពោះកម្មករ និយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរ និងវិស័យទេសចរណ៍ដែលព្យួរការងារ កំពុងទទួលបានប្រាក់ឧបត្ថម្ភ ពីរាជរដ្ឋាភិបាល ៤០ដុល្លារអាមេរិក ក្នុងមួយខែ ដើម្បីជួយឱ្យបងប្អូនមានលំនឹងជីវិត និងអាចលើកកម្ពស់ជំនាញ និងបង្កើនផលិតភាពការងារ របស់ខ្លួនតាមរយៈការបណ្តុះបណ្តាលជំនាញរយៈពេលខ្លី ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏នៅតែបន្តដំណើរការរាល់កម្មវិធីជំនួយសង្គម និងគាំពារសង្គមទាំងឡាយ ដែលមានស្រាប់មិនឱ្យមានការខកខាននៅក្នុងអំឡុងពេលមានជំងឺកូវីដ-១៩ទេ ដូចជាការឧបត្ថម្ភសាច់ប្រាក់ពេលសម្រាលកូនសម្រាប់កម្មករ និយោជិតទាំងក្នុងនិងក្រៅប្រព័ន្ធ និងការឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ក្នុងគ្រួសារក្រីក្រជាដើម ។

ទន្ទឹមនេះរាជរដ្ឋាភិបាលក៏បាននិងកំពុងជួយពលករកម្ពុជា ដែលធ្វើការនៅបរទេស មានប្រមាណជាង២ម៉ឺននាក់ មានជាអាទិ៍ ប្រទេសថៃ សាធារណរដ្ឋកូរ៉េ ម៉ាឡេស៊ី ជប៉ុន សិង្ហបុរី និងហុងកុង ក្នុងការធានានូវផលប្រយោជន៍ស្របច្បាប់ និងមុខជំនាញបច្ចេកទេស។ លិខិតដដែលនេះបន្តទៀតថា វិស័យសំណង់បាននិងកំពុងរីកលូតលាស់ ដោយមានអគារខ្ពស់ៗប្រមាណជាង២ ១៨០អគារ ចាប់ពី៥ជាន់ទៅ៤០ជាន់ឡើង ក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងនៅតាមបណ្តាខេត្តមួយចំនួនទៀត។ ភ្ញៀវទេសចរអន្តរជាតិចូលមកកម្ពុជា មានចំនួនប្រមាណ១លាន៣សែននាក់ ថយចុះប្រមាណ៨០,២០% និងភ្ញៀវទេសចរជាតិមានចំនួនប្រមាណ៧,២៣លាននាក់ ថយចុះប្រមាណ៣៦,១០% បើធៀបនឹងឆ្នាំ២០១៩។

ចំណូលពីវិស័យទេសចរណ៍ បានប្រមាណ១,០២៣លានដុល្លារអាម៉េរិក ថយចុះ៧៩,២០% ហើយចំណូលពីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ទទួលបានប្រមាណជាង១៨លានដុល្លារអាម៉េរិក និងមានភ្ញៀវទេសចរអន្តរជាតិចូលទស្សនាប្រមាណជាង៤០ម៉ឺននាក់៕

អត្ថបទទាក់ទង