ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាល បន្តផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករក្នុងវិស័យកាត់ដេរ-វាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ កាបូប និងវិស័យទេសចរណ៍ ៣ខែបន្ថែមទៀត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២០ ព័ត៌មានទូទៅ 47

រាជរដ្ឋាភិបាលកម្ពុជា បន្ដរក្សាជំហរជួយដល់វិស័យកាត់ដេរ-វាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ, កាបូប និងវិស័យទេសចរណ៍ គ្រាដែលកម្ពុជាកំពុងប្រឈមជាមួយវិបត្តិជំងឺកូវីដ-១៩ រយៈពេល៣ខែបន្ថែមទៀត រហូតដល់ខែមីនា ឆ្នាំ២០២១។

តាមរយៈសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា បន្ទាប់ពីរោងចក្រ-សហគ្រាស និងអាជីវកម្ម ក្នុងវិស័យកាត់ដេរ-វាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ, កាបូប និងវិស័យទេសចរណ៍ ទទួលបានលិខិតអនុញ្ញាតឲ្យព្យួរកិច្ចសន្យាការងារ និង/ឬលិខិតអនុញ្ញាតឲ្យពន្យារការព្យួរកិច្ចសន្យាការងារ ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោយពីបានបំពេញតាមលក្ខណៈវិនិច្ឆ័យ និងលក្ខខណ្ឌ នៃការព្យួរកិច្ចសន្យាការងារ រាជរដ្ឋាភិបាលកម្ពុជានឹង៖

* បន្តផ្ដល់ប្រាក់ឧបត្ថម្ភ ៤០ដុល្លារអាមេរិក ក្នុងមួយខែ សម្រាប់កម្មករ-និយោជិតម្នាក់ ដែលបំពេញការងារក្នុងវិស័យកាត់ដេរ-វាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ និងកាបូប សម្រាប់រយៈពេល០៣ខែបន្ថែមទៀត ពីខែមករា ដល់ខែមីនា ឆ្នាំ២០២១។ ម្ចាស់រោងចក្រ-សហគ្រាសក្នុងវិស័យនេះ ត្រូវបន្ថែមចំនួន ៣០ដុល្លារ សម្រាប់កម្មករ-និយោជិតម្នាក់ (ជាសរុប កម្មករ-និយោជិតម្នាក់ ទទួលបាន៧០ដុល្លារក្នុងមួយខែ)។

* បន្តផ្ដល់ប្រាក់ឧបត្ថម្ភ ៤០ដុល្លារ ក្នុងមួយខែជូនកម្មករ-និយោជិតម្នាក់ ដែលបំពេញការងារក្នុងវិស័យទេសចរណ៍ ដូចជា៖ សណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និងភ្នាក់ងារទេសចរណ៍ សម្រាប់រយៈពេល០៣ខែបន្ថែមទៀត ពីខែមករា ដល់ខែមីនា ឆ្នាំ២០២១។ សហគ្រាស និងអាជីវកម្មក្នុងវិស័យទេសចរណ៍ ត្រូវរួមចំណែកតាមគោលការណ៍ស្ម័គ្រចិត្ត និងតាមលទ្ធភាពជាក់ស្តែង បន្ថែមលើអ្វីដែលរាជរដ្ឋាភិបាលបានផ្តល់ជូន។

* បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ចំពោះសណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និង ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយ អគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅក្នុងរាជធានីភ្នំពេញ, ខេត្តសៀមរាប, ខេត្តព្រះសីហនុ, ខេត្តកែប, ខេត្តកំពត, ក្រុងបាវិត និងក្រុងប៉ោយប៉ែត សម្រាប់រយៈពេល ០៣ខែបន្ថែមទៀត ពីខែមករា ដល់ខែមីនា ឆ្នាំ២០២១។ អាជីវកម្មទាំងនេះ នៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញ សម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែ ក្នុងអំឡុងពេលនៃការលើកលែងនេះ។

* បន្តពន្យារការចាប់ផ្តើមអនុវត្តរបបសន្តិសុខសង្គម ផ្នែកសោធន រយៈពេល០៦ខែបន្តទៀត គឺរហូតដល់ខែកក្កដា ឆ្នាំ២០២១។ ការពន្យារពេលនេះ នឹងត្រូវផ្អែកលើការវាយតម្លៃជាបន្តបន្ទាប់ នូវស្ថានភាពសង្គម-សេដ្ឋកិច្ចជាក់ស្តែង។

* បន្តលើកលែងការបង់ភាគទានរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព នៃបេឡាជាតិសន្តិសុខសង្គម ក្នុងអំឡុងពេលព្យួរអាជីវកម្ម ឬផ្អាកដំណើរការអាជីវកម្ម។

* បន្តលើកលែងការបង់ពន្ធប៉ាតង់ និងពន្ធលើតែមប្រិ៍សារពើពន្ធ (ពន្ធលើស្លាកយីហោ) ចំពោះក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ និងប្រតិបត្តិករ ក្នុងវិស័យទេសចរណ៍ដទៃទៀត។ អ្នកជាប់ពន្ធទាំងនេះ មានកាតព្វកិច្ចត្រូវធ្វើបច្ចុប្បន្នភាពប៉ាតង់។

* កំណត់ឲ្យអ្នកជាប់ពន្ធក្នុងវិស័យទេសចរណ៍ ដូចជា៖ សណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយ អគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅក្នុងរាជធានីភ្នំពេញ, ខេត្តសៀមរាប, ខេត្តព្រះសីហនុ, ខេត្តកែប, ខេត្តកំពត, ក្រុងបាវិត និងក្រុងប៉ោយប៉ែត ដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២០ យ៉ាងយឺតបំផុតឲ្យបានមុនដំណាច់ខែមីនា ឆ្នាំ២០២១ ប៉ុន្តែមិនតម្រូវឲ្យបង់ពន្ធគ្រប់ប្រភេទ។

ដោយឡែក វិធានការជួយរោងចក្រ, សហគ្រាស និងអាជីវកម្ម ក៏ដូចជាជួយសម្រួលដល់ជីវភាពរស់នៅរបស់កម្មករ-និយោជិតរួមមាន៖

* បន្តអនុញ្ញាតឲ្យរោងចក្រ, សហគ្រាស និងអាជីវកម្មក្នុងគ្រប់វិស័យ ពន្យារពេលទូទាត់ប្រាក់រំលឹកប្រាក់បំណាច់ អតីតភាពការងារមុនឆ្នាំ២០១៩ និងការទូទាត់ប្រាក់បំណាច់ អតីតភាពការងារសម្រាប់ឆ្នាំ២០២០ និង២០២១ ទៅឆ្នាំ២០២២។ ប្រសិនបើស្ថានភាពសង្គម-សេដ្ឋកិច្ចត្រឡប់មកប្រក្រតីវិញ, ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបើកកិច្ចពិភាក្សាជាមួយនឹងរោងចក្រ, សហគ្រាស និងអាជីវកម្ម ដើម្បីកំណត់នីតិវិធី និងធ្វើការទូទាត់ជាដំណាក់កាលៗ។

ក្នុងករណីដែលផលប៉ះពាល់មិនមានការថមថយ, រាជរដ្ឋាភិបាលនឹងគិតគូរជាជម្រើសជួយដល់រោងចក្រ-សហគ្រាស, អាជីវកម្ម និងនិយោជិត៕

អត្ថបទទាក់ទង