ខ្មែរប៉ុស្ដិ៍ Close

តំបន់រ៉ាមសារស្ទឹងសែន ជាទីជម្រកដ៏មានសុវត្ថិភាពសម្រាប់សត្វស្លាបទឹករហូតដល់៦០ប្រភេទ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 83
តំបន់រ៉ាមសារស្ទឹងសែន ជាទីជម្រកដ៏មានសុវត្ថិភាពសម្រាប់សត្វស្លាបទឹករហូតដល់៦០ប្រភេទ តំបន់រ៉ាមសារស្ទឹងសែន ជាទីជម្រកដ៏មានសុវត្ថិភាពសម្រាប់សត្វស្លាបទឹករហូតដល់៦០ប្រភេទ

សត្វស្លាបជាង៦០ប្រភេទ ត្រូវបានរកឃើញនៅតំបន់រ៉ាមសារស្ទឹងសែន ក្រោយពីមានការអង្កេតតាមដានជីវៈចម្រុះ ដែលធ្វើឡើងជារៀងរាល់ឆ្នាំ ដោយមន្ត្រីឧទ្យានុរក្សក្នុងតំបន់ការពារ ក្រោមការគាំទ្រពីអង្គការ BirdLife។

លោក ប៊ូ វរសក្ស នាយកកម្មវិធីអង្គការជីវិតសត្វស្លាបប្រចាំកម្ពុជាបានឱ្យដឹងថា តាមការអង្កេតតាមដាន សត្វស្លាបទឹកនៅឆ្នាំ២០២១នេះ បានបង្ហាញពីលទ្ធផលថា សត្វស្លាបមានចំនួន៦០ប្រភេទ ត្រូវបានរកឃើញ និងកត់ត្រាបាននៅតំបន់រ៉ាមសារស្ទឹងសែន ក្នុងនោះប្រភេទសត្វស្លាបដែលកំពុងរងគ្រោះ និងជិតរងគ្រោះ មានដូចជា ត្រដក់តូច ស្មោញ ទង់ប្រផេះ អកត្រីក្បាលប្រផេះ និង រនាលពណ៌ជាដើម។ លោកបញ្ជាក់ថា តំបន់រ៉ាមសារស្ទឹងសែន គឺជាទីតាំងព្រៃលិចទឹក ដ៏ល្អជាងគេសម្រាប់ការពងកូនរបស់ពពួកត្រី និងជាទីជម្រកដែលមានសុវត្ថិភាព ក្នុងការរស់នៅ ការរកចំណី សម្រាប់ពពួកសត្វស្លាបទឹកទាំងអស់នេះ នាពេលរដូវទឹកសម្រក។

លោកបានបញ្ជាក់ថា៖

ទីតាំងនឹងគេហៅថា ទីតាំងព្រៃលិចទឹកល្អជាងគេ មានព្រៃលិចទឹកធំៗ ជាទីជម្រកពងកូនរបស់ពពួកត្រី ក្រៅពីនេះក៏មានសត្វស្លាបទឹកផងដែរ នៅពេលរដូវទឹកសម្រក សត្វស្លាបទឹកវាហើរមកទីតាំងនេះដើម្បីរកចំណី នៅលើដីភក់ ដីម៉ាដ ដោយឡែក យើងមិនទាន់បានឃើញវាកាច់សំបុកនៅទីតាំងនឹងនៅឡើយទេ ព្រោះអីប្រហែលជាសត្វហ្នឹងធ្វើសំបុកនៅព្រែកទាល់ គឺជាផ្នែកមួយនៅទន្លេសាបដូចគ្នា តំបន់រ៉ាមសារស្ទឹងសែន គឺជាផ្នែកមួយនៅទន្លេសាបដូចគ្នា អ៊ីចឹងទីតាំងរ៉ាមសារស្ទឹងសែន ពិសេសនោះគឺ មានព្រៃលិចទឹកធំៗជាជម្រកត្រីពងកូនដ៏ល្អ នៅក្នុងទន្លេសាប ហើយក៏គាំទ្រដល់ការរកចំណីរបស់សត្វស្លាបនាទឹកសម្រក ដែលសត្វស្លាបជាច្រើនហើរចេញពីសំបុកពងកូនព្រែកទាល់ ។

លោកបន្ថែមថា បើប្រៀបធៀបទៅនឹងទីតាំងផ្សេង តំបន់រ៉ាមសារស្ទឹងសែននេះ អង្គការ Bird life ទើបតែចាប់ផ្តើមធ្វើការអភិរក្សជាមួយសហគមន៍បានរយៈពេល២ឆ្នាំប៉ុណ្ណោះ ហើយគ្រោងនឹងបន្តបង្កើតសហគមន៍តំបន់ការពារធម្មជាតិ នៅភូមិថ្មីមួយទៀតនាពេលឆាប់ៗក្នុងតំបន់ស្ទឹងសែន។

លោកនាយកកម្មវិធីអង្គការជីវិតស្វតស្លាបប្រចាំកម្ពុជា បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្រ្តីពាក់ព័ន្ធ និងប្រជាពលរដ្ឋ ត្រូវបន្តចូលរួមសហការទាំងអស់គ្នា ដើម្បីការពារនិងអភិរក្សសត្វព្រៃរបស់យើង ដែលជិតផុតពូជ ឱ្យបានគង់វង្សនៅក្នុងតំបន់រ៉ាមសារស្ទឹងសែននេះ ដើម្បីធានាថែរក្សា និងការពារសោភ័ណភាព ធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី វប្បធម៌ និងជីវៈចម្រុះ និងផ្តល់ផលិតផល និងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយ និរន្តរភាព ក៏ដូចជាលើកកម្ពស់ ការចូលរួម របស់សហគមន៍មូលដ្ឋាននិងសាធារណជន ក្នុងការរួមចំណែក ដល់ការ គ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់ការពារធម្មជាតិមួយនេះឱ្យបានគង់វង្ស៕

អត្ថបទទាក់ទង