ខ្មែរប៉ុស្ដិ៍ Close

សត្វស្លាបនៅក្នុងបឹងពារាំង បម្លាស់ទីចេញអស់ប្រមាណ ៩៥% ដោយសារបាត់បង់ចំណី និងភ្លើងឆេះព្រៃដែលជាទីជម្រក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៩ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 73
សត្វស្លាបនៅក្នុងបឹងពារាំង បម្លាស់ទីចេញអស់ប្រមាណ ៩៥% ដោយសារបាត់បង់ចំណី និងភ្លើងឆេះព្រៃដែលជាទីជម្រក សត្វស្លាបនៅក្នុងបឹងពារាំង បម្លាស់ទីចេញអស់ប្រមាណ ៩៥% ដោយសារបាត់បង់ចំណី និងភ្លើងឆេះព្រៃដែលជាទីជម្រក

បឹងធម្មជាតិ «ពារាំង» ស្ថិតនៅសង្កាត់ជ្រាវ ភាគខាងត្បូងទីក្រុងសៀមរាប ជាបឹងដែលបានចូលរួមអភិរក្សសត្វស្លាបប្រមាណជា ១៦០ប្រភេទ នៅលើផ្ទៃដី ២៥០ហិកតា និងបានជំរុញសក្ដានុពលទេសចរណ៍ ក្នុងខេត្តសៀមរាបនាពេលកន្លងមកផងដែរ។

ដោយភ្ញៀវទេសចរទៅទស្សនានៅតំបន់នេះ តែងតែសប្បាយរីករាយជាមួយទេសភាពវាលស្រែបៃតងខៀវស្រងាត់ នៅអមសងខាងផ្លូវ ខណៈពេលទៅទស្សនាក្នុងបឹងនេះ បានឃើញហ្វូងសត្វស្លាបជាច្រើនចុះមករកចំណីរបស់វាជាហ្វូងៗ។

ប៉ុន្តែឥឡូវនេះ ដោយសារតែកត្ដាធម្មជាតិ បឹងនេះ មានការប្រែប្រួលខុសពីមុន ដែលមានកត្ដាជាច្រើន ក្នុងនោះក៏រួមមានទាងកត្ដា រីងស្ងួត ការឆេះព្រៃលិចទឹកជាដើម នៅរដូវប្រាំង ដែលធ្វើឱ្យបាត់បង់នូវទីជម្រករបស់សត្វស្លាប ដែលធ្លាប់រស់នៅ និងរកចំណីក្នុងបឹងនេះ ជាពិសេសធ្វើឱ្យមានការបម្លាស់ទីរបស់សត្វទាំងស្លាបទាំងនោះទៅកាន់តំបន់ផ្សេងទៀត។

លោក គង់ មង្គល ប្រធានសហគមន៍ទេសចរណ៍បឹងពារាំងបានឱ្យដឹងថា សត្វស្លាបដែលបានមករស់នៅក្នុងបឹងពារាំងកន្លងមកនេះ មានចំនួនកើនឡើងរាប់រយ រាប់ពាន់ ក្បាល ដោយសារតំបន់នេះ ពួកវាងាយស្រួលរកចំណី នៅក្នុងបឹងនៅពេលដែលទឹកបានស្រកចុះ ហើយហ្វូងសត្វទាំងនេះ ត្រូវបានក្រុមអ្នកអភិរក្សការពារយ៉ាងល្អ។ លោកបានបន្ដថា កាលពីឆ្នាំ ២០១៥ អង្គការការពារសត្វ អូសស្មូ បានរកឃើញថា សត្វស្លាបនៅបឹងពារំាងនេះមានតែ១ ឬ២ប្រភេទប៉ុណ្ណោះ។

ប៉ុន្ដែសម្រាប់នៅឆ្នាំ២០១៩ បានកើនឡើងមានប្រមាណជាង១០០ប្រភេទ ខណៈដែលពេលនោះព្រៃលិចទឹក ក៏កំពុងរក្សាការពារបានល្អប្រសើរនៅក្នុងបឹងនោះផងដែរ។ លោកបានលើកឡើងថា «តែនៅក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១នេះ ដោយសារមានគ្រោះរាំងស្ងួត ធ្វើឱ្យបឹងពារាំងនេះមានការរីងស្ងួត មិនសូវមានត្រីសម្រាប់ជាចំណីដល់សត្វ រួមជាមួយនឹងកត្តាភ្លើងឆេះព្រៃលិចទឹក ដែលជាជម្រកសម្រាប់សត្វពងកូនផងនោះ ធ្វើឱ្យសត្វស្លាបដែលរស់នៅតំបន់បឹងពារាំង បម្លាស់ទីទៅរស់នៅតំបន់ផ្សេង ដែលធ្វើឱ្យបរិមាណសត្វដែលនៅតំបន់នេះមានការថយចុះរហូត៩៥ភាគរយ»។

លោកបានកត់សម្គាល់ឃើញថា ដោយសារបច្ចុប្បន្ន តាមការសង្កេតមើលជាក់ស្តែងរបស់សហគមន៍ សត្វដែលរស់នៅតំបន់បឹងពារាំងនេះ មានប្រមាណតែ ៥% ប៉ុណ្ណោះ។

លោក គង់ មង្គល បានបញ្ជាក់ដែរថា ដើម្បីឱ្យសត្វស្លាបមករស់នៅតំបន់នេះច្រើនឡើងវិញ អាជ្ញាធរចាំបាច់ត្រូវរៀបចំស្តារ ឬជីកស្រះដើម្បីរក្សាទឹកទុកនៅរដូប្រាំង និងបង្កើនធនធានមច្ឆាជាតិ សម្រាប់ជាពូជផង និងសម្រាប់ជាចំណីសត្វផង និងបង្កើនការការពារព្រៃលិចទឹកមិនឱ្យមានការកាប់បំផ្លាញ និងត្រូវភ្លើងឆេះនារដូវប្រាំង។

ទាក់ទងនឹងបញ្ហានេះដែរ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបបានឱ្យដឹងថា ជាការពិតណាស់ចំនួនសត្វស្លាប នៅក្នុងបឹងពារាំងពិតជា មានការថយចុះមែនដោយសារតែគ្រោះរាំងស្ងួតធ្វើឱ្យបឹងពារាំងនេះមានការរីងស្ងួត បណ្តាលឱ្យសត្វស្លាបខ្វះចំណី ដូច្នេះវាចាំបាច់ត្រូវផ្លាស់ទីទៅរកចំណីនៅកន្លែងផ្សេង។

លោកប្រធានមន្ទីរបានគូសបញ្ជាក់ថា ដើម្បីឱ្យសម្បូរត្រី និងសត្វស្លាបមករស់នៅទីនេះច្រើនឡើងវិញ អាជ្ញាធរខេត្តមានគម្រោងជីកស្តារស្រះនៅតំបន់នេះនៅលើផ្ទៃដី១០ហិកតា។ លោកបានបន្ថែមថា «ប៉ុន្តែស្រះនេះយើងមិនទាន់ដឹងថា អាចជីកបានរួចរាល់ឆ្នាំនេះទាំងអស់ ឬយ៉ាងណានោះទេ ព្រោះរដូវស្សាបានមកដល់ពិបាកក្នុងដំណើរការជីក»៕

អត្ថបទទាក់ទង