ខ្មែរប៉ុស្ដិ៍ Close

អង្គការ Bird Life បង្កើនការតាមដានសម្បុកពង កូនរបស់សត្វត្រយងយក្ស នៅដែនជម្រកសត្វព្រៃលំផាត់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 41
អង្គការ Bird Life បង្កើនការតាមដានសម្បុកពង កូនរបស់សត្វត្រយងយក្ស នៅដែនជម្រកសត្វព្រៃលំផាត់ អង្គការ Bird Life បង្កើនការតាមដានសម្បុកពង កូនរបស់សត្វត្រយងយក្ស នៅដែនជម្រកសត្វព្រៃលំផាត់

អង្គការ Bird Life បានបង្ហាញពីការស្រាវជ្រាវ ស្វែងរក និងការពារសម្បុកសត្វត្រយងនៅថ្ងៃ១៤កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១នេះថា ក្នុងរដូវពង កូន ឆ្នាំ២០២១នេះ ក្រុមការងារអង្គការ Bird Life នៅដែនជម្រកសត្វព្រៃលំផាត់ បានកំណត់សកម្មភាពស្វែងរក និងតាមដានសម្បុកពង កូនរបស់សត្វត្រយងយក្ស គឺជាសកម្មភាពដែលមានអាទិភាពខ្ពស់ និងត្រូវពង្រីកទីតាំងស្រាវជ្រាវឱ្យមានវិសាលភាពធំជាងមុន។ ដោយសត្វត្រយង ពង កូន នារដូវវស្សាការសិក្សាស្វែងរកមានការលំបាកខ្លាំង និងទាមទារការប្រឹងប្រែងខ្ពស់។

ជាក់ស្តែងកាលពីថ្ងៃទី១៦-១៩ ខែមិថុនា ឆ្នាំ២០២១ក្រុមការងារបានចុះសិក្សានៅទីតាំងភាគខាងកើត នៃទន្លេស្រែពក ក្នុងដែនជម្រកសត្វព្រៃលំផាត់ ជាលទ្ធផលយើងបានរកឃើញសម្បុកថ្មីមួយទើបធ្វើរួច នៅទីតាំងសម្បុកចាស់ដែលបានកសាងកាលពីរដូវពង កូនឆ្នាំចាស់។ សកម្មភាពស្រាវជ្រាវបែបនេះនឹងបន្តធ្វើច្រើនថែមទៀត រហូតដល់រដូវពង កូនត្រូវបានបញ្ចប់។

លទ្ធផលដែលរកឃើញនិងអាចផ្តល់ព័តមានពីនិន្នាការថយចុះ ឬកើនឡើង និងកត្តាគំរាមកំហែងដល់បក្សីជិតផុតពូជនេះ។ ខណៈដែលក្រុមការងារយើងធ្វើការស្រាវជ្រាវ និងអភិរក្សបក្សីកម្រនេះយ៉ាងលំបាក ។

អង្គការ Bird Life សូមសំណូមពរដល់ប្រជាសហគមន៍ អជ្ញាធរមូលដ្ឋានទាំងអស់ ចូលរួមថែរក្សា ការពារបក្សីជាតិយើងទាំងអស់គ្នា ដោយទប់ស្កាត់ និងមិនទន្រ្ទាដីដែលធ្វើឱ្យបាត់បង់ទីជម្រក មិនយកពង កូន និងមិនបង្កការរំខានជាដើម។ សត្វត្រយងយក្ស ជាបក្សីជិតផុតពូជបំផុតមួយនៅលើពិភពលោក និងជានិមិត្តរូបបក្សីជាតិរបស់កម្ពុជា។ បក្សីនេះបន្តពូជក្នុងរដូវវស្សាចាប់ពីខែមិថុនា រហូតដល់ដើមខែវិច្ឆិកា ដែលជាមធ្យមវាមានកូនមួយ ឬពីរក្បាលក្នុងមួយសម្បុក ពេលខ្លះឃើញមានដល់បីក្បាលក៏មាន៕

អត្ថបទទាក់ទង