ខ្មែរប៉ុស្ដិ៍ Close

សត្វស្លាបនៅតាមតំបន់រ៉ាមសាតាមដងទន្លេមេគង្គលើ ត្រូវបានការពារនិងអភិរក្ស

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៣០ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 44
សត្វស្លាបនៅតាមតំបន់រ៉ាមសាតាមដងទន្លេមេគង្គលើ ត្រូវបានការពារនិងអភិរក្ស សត្វស្លាបនៅតាមតំបន់រ៉ាមសាតាមដងទន្លេមេគង្គលើ ត្រូវបានការពារនិងអភិរក្ស

មន្ត្រីអភិរក្សធនធានធម្មជាតិ និងជីវចម្រុះនៅខេត្តស្ទឹងត្រែង បានបង្កើនការអភិរក្សពពួកសត្វស្លាបរស់នៅ តាមតំបន់រ៉ាមសា ព្រោះវាមានសក្តានុពលបម្រើឱ្យវិស័យទេសចរណ៍។

ក្នុងសកម្មភាពចុះល្បាតតាមតំបន់រ៉ាមសានៅតាមដងទន្លេមេគង្គលើ ក្នុងស្រុកបូរីអូស្វាយសែនជ័យ កាលពីថ្ងៃទី២៩មីនា លោក ឈន ឆន អនុប្រធានការិយាល័យអភិរក្សធនធានធម្មជាតិនៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានបញ្ជាក់ថា៖នៅតំបន់រ៉ាមសា មានពពួកសត្វស្លាបជាច្រើនប្រភេទរស់នៅដូចជា សត្វក្អែកទឹក-ស្មោញ-កុក-ក្រៀល-រនាលខ្យង-និងសត្វក្រសារ ជាដើម កំពុងតែរស់នៅបំបែកហ្វូងគ្នា តាមចំណុចនីមួយៗ ។

លោកបន្តថា ទីតាំងដែលពពួកសត្វទាំងនេះរស់នៅមានដូចជាតំបន់កោះល្ង- កោះលន-កោះទន្សាយ-កោះហាន-កោះពូថៅ- និងចំណុចកោះព្រះសាខន ដែលជាកន្លែងសម្បូរត្រីល្អិតខ្ចៅ-ខ្យង សម្រាប់ពួកវាចាប់ធ្វើជាចំណីអាហារ។

លោក វង្ស សាវឿន នាយរងខណ្ឌជលផលខេត្ត បានបញ្ជាក់ថា៖វត្តមានពពួកសត្វដ៏ច្រើននេះ តម្រូវឱ្យប្រជាសហគមន៍ ទេសចរណ៍ និងប្រជាអ្នកនេសាទរួមគ្នាយកចិត្តទុកដាក់អភិរក្ស ព្រោះវាជាសក្តានុពលមួយបន្ថែមទៀត បម្រើវិស័យទេសចរណ៍ នៅតំបន់នេះ បន្ទាប់ពីព្រៃលិចទឹក ។

លោក គង់ ចន្ធី ប្រធានសហគមន៍ទេសចរណ៍បូរីអូស្វាយបានអះអាងថា៖ធនធានសម្បត្តិធម្មជាតិនេះ អាជ្ញាធរមូលដ្ឋានតែង អំពាវនាវ និងណែនាំជារឿយៗ ឲ្យបង្កើនការថែរក្សាព្រោះវាជាសម្បត្តិធនធានរបស់យើងទាំងអស់គ្នា ដែលមាននៅក្នុងភូមិ ឃុំរបស់ខ្លួន។

លោកថាប្រការនេះប្រជាសហគមន៏ភ្ញាក់រលឹកបានច្រើនគ្នាហើយ និងឈប់កាប់ព្រៃលិចទឹក- ឈប់បរបាញ់សត្វ -ឈប់ប្រើប្រាស់ថ្នាំពុលឬដាក់អន្ទាក់- និងឈប់ប្រើឧបករណ៍ឆក់ត្រី ហើយងាកមករក្សាទុកធនធានជីវចម្រុះទាំងនេះ សម្រាប់ឲ្យភ្ញៀវទេសចរមកទស្សនាវិញ ព្រោះយើងអាចទាញយកប្រាក់ចំណូលបាន ដោយប្រយោលពី វិស័យ ទេសចរណ៍នេះ។

សូមបញ្ជាក់ថា តំបន់រ៉ាមសានៅទន្លេមេគង្គលើ មានទំហំផ្ទៃទឹកចំនួន១៤.៦០០ហិកតា សម្បូរទៅដោយព្រៃឈើលិចទឹក ដែលមានពពួកសត្វស្លាបរស់នៅ ចំនួន៩៧ប្រភេទ និងត្រីទឹកសាបចំនួនជាង១៣០ប្រភេទផងដែរ នេះបើតាមការស្រាវជ្រាវ របស់ក្រសួងបរិស្ថាននិងអង្គការ(WWF)៕

អត្ថបទទាក់ទង