បទយកការណ៍ ៖ តំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើតប្រទេសកម្ពុជា ប្រៀបដូចពេជ្រមិនទាន់ច្នៃ ក្នុងវិស័យអេកូទេសចរណ៍
តំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើតជាប្រភេទព្រៃរបោះស្ថិតនៅភាគខាងជើង និងភាគ ខាងឦសាននៃប្រទេសកម្ពុជា ចាប់ពីខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី។ តំបន់នេះជាតំបន់មួយស្ថិតនៅក្នុងចំណោមតំបន់អេកូឡូស៊ី ដែលមានតម្លៃជីវៈចម្រុះខ្ពស់ ចំនួន៨ សម្រាប់កម្មវិធីអភិរក្សអាទិភាពក្នុងតំបន់មេគង្គ។ក្រសួងបរិស្ថាន និងអង្គការដៃគូបានខិតខំប្រឹងប្រែងអភិរក្សតំបន់នេះឱ្យបានគង់វង្សដើម្បីរក្សាធនធានព្រៃឈើ សត្វព្រៃ និងជីវៈចម្រុះដែលមានតាមដងទន្លេមេគង្គ ព្រមទាំងអូរបឹងបួរក្នុងតំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើតឱ្យកាន់តែសម្បូរបែប មុននឹងឈានទៅបង្កើតជាតំបន់អេកូទេសចរណ៍នាពេលអនាគត។
តាមរយៈខ្សែវីដេអូ ដែលថតដោយជនបរទេស និងការស្រាវស្រាវរបស់អង្គការWWF បានបង្ហាញថាកាលពីប្រមាណជាង៥០ឆ្នាំមុនប្រភេទសត្វតិណាសីធំៗ ដូចជា គោព្រៃ ដំរីអាស៊ី និងរមាំងក៏ដូចជាប្រភេទសត្វមំសាសីរួមមាន ខ្លាធំ និងខ្លារខិន មានចំនួន យ៉ាងច្រើនរស់នៅក្នុងតំបន់ព្រៃរបោះភាគខាងជើង និងភាគឦសាននៃប្រទេសកម្ពុជាដែល អ្នកវិទ្យាសាស្ត្របានប្រៀបធៀបតំបន់អេកូឡូស៊ីនេះទៅនឹងតំបន់ព្រៃធម្មជាតិនៃប្រទេសអាហ្រ្វិកខាងកើត។ យ៉ាងណាមិញ ការបាត់បង់ទីជម្រក និង ការបាញ់ខុសច្បាប់បានធ្វើឱ្យចំនួនសត្វព្រៃ និងធនធានជីវៈចម្រុះធ្លាក់ចុះ។ បច្ចុប្បន្នសម្រាប់តំបន់អាស៊ីអាគ្នេហ៍ តំបន់ធនធានព្រៃរបោះដែលនៅសេសសល់ក្នុងសភាពតភ្ជាប់គ្នាតាន់តាប់ល្អធំជាងគេ គឺស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា ហើយដែលត្រូវបានគេផ្តល់ឈ្មោះថាជា តំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើត។តំបន់នេះជាតំបន់ មួយស្ថិតក្នុងចំណោមតំបន់អេកូឡូស៊ីដែលមានតម្លៃជីវៈចម្រុះខ្ពស់ចំនួន៨ សម្រាប់កម្មវិធីអភិរក្សអាទិភាពក្នុងតំបន់មេគង្គរបស់អង្គការWWF។ តំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើតក៏ត្រូវបានអ្នកវិទ្យាសាស្ត្រអន្តរជាតិចាត់បញ្ចូលក្នុងបញ្ជីសកលនៃតំបន់អេកូឡូស៊ីដែលមានជីវៈចម្រុះខ្ពស់ជាសកលចំនួន២០០តំបន់ សម្រាប់ការអភិរក្សធនធានធម្មជាតិជាសកលដែលត្រូវបានទទួលស្គាល់អនុវត្តន៍ដោយអង្គការWWF និងបណ្តាអង្គការធំៗផ្សេងៗទៀតលើសកលលោក។
អស់រយៈកាលជាងពីរទសវត្សរ៍ហើយ ដែលអង្គការ WWF បាន និងកំពុងធ្វើសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រសួងបរិស្ថាន និងបណ្តាដៃគូដទៃផ្សេងៗទៀតដើម្បីគ្រប់គ្រង និងថែរក្សាធនធានជីវៈចម្រុះដ៏សម្បូរបែប នៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច និងដែនជម្រកសត្វព្រៃស្រែពកលើផ្ទៃដីសរុបប្រមាណ ៦ ០០០ គីឡូម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅក្នុងខេត្តមណ្ឌលគិរីនៃ ប្រទេសកម្ពុជា។ ដែនជម្រកសត្វព្រៃទាំងពីរនេះជាតំបន់ការពារធម្មជាតិចំនួនពីរ ដែលស្ថិត ក្នុងចំណោមតំបន់ការពារផ្សេងទៀតនៃតំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើត ដោយ គ្របដណ្តប់លើផ្ទៃដីសរុបចំនួន២៧,៤៦០គីឡូម៉ែត្រការ៉េ ក្នុងខេត្តរតនគិរី មណ្ឌលគិរី និង ខេត្ដក្រចេះ។ ដែនជម្រកសត្វព្រៃទាំងពីរនេះជាទីជម្រករបស់សត្វដែលកំពុងទទួលរងការគម្រាមកំហែងជាសកលជាច្រើនប្រភេទ រាប់បញ្ចូលទាំងប្រភេទរងគ្រោះថ្នាក់ជិតផុតពូជ រួមមានដូចជា សត្វទន្សោង(Bos javanicus) សត្វដំរីអាស៊ី(Elephas maximus) សត្វក្រពើភ្នំ(Crocodylus siamensis) ដែលជាចំនួននៅសេសសល់ចុងក្រោយនៅក្នុងប្រទេស សត្វខ្លារខិន (Panthera pardus delacouri) ដែលជាចំនួននៅសេសសល់ចុងក្រោយសម្រាប់តំបន់ឥណ្ឌូចិន និងពពួកសត្វស្លាប ដូចជាសត្វត្រយង សត្វត្មាត និងសត្វក្ងោកបៃតង ព្រមទាំងសត្វព្រៃសំខាន់ៗផ្សេងទៀតរាប់បញ្ចូលទាំងសត្វរមាំង សត្វខ្ទីង សត្វឈ្លូស សត្វប្រើស និងពពួកពានរផងដែរ។ មិនតែប៉ុណ្ណោះ ដែនជម្រកសត្វព្រៃទាំងពីរនេះមានតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់នូវប្រភពធនធានកសិកម្ម និងអនុផលព្រៃឈើដល់ប្រជាជនសហគមន៍មូលដ្ឋានចំនួនប្រមាណជាង៣០,០០០នាក់ដែលកំពុងរស់នៅជុំវិញនិងក្បែរតំបន់អភិរក្សទាំងពីរ។
បើទោះបីនៅទីនោះមិនទាន់មានការរៀបចំឱ្យក្លាយជាកន្លែងទេសចរណ៍នៅឡើយក្តី ប៉ុន្ដែជាទិសដៅ ក្រសួងបរិស្ថាន និងអង្គការដៃគូបានសម្លឹងឃើញសក្តានុពលជាច្រើននៅក្នុងតំបន់ការពារធម្មជាតិដ៏ធំនេះ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានក្នុងដំណើរទស្សនកិច្ចសិក្សានៅដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី ដែលរៀបចំដោយ ក្រសួងបរិស្ថាន និងអង្គការ WWF កាលពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែមករាឆ្នាំ២០២១ កន្លងមកនេះបានថ្លែងថា ក្រសួងបរិស្ថាន និងអង្គការដៃគូកំពុងខិតខំថែរក្សាធនធានធម្មជាតិនៅដែនជម្រកសត្វព្រៃស្រែពកនេះឱ្យបានល្អសិនមុននឹងឈានទៅគិតគូដល់ការបង្កើតជាកន្លែងទេសចរណ៍។ ឯកឧត្តមបានថ្លែងបញ្ជាក់ថា «សម្រាប់ពេលនេះយើងអត់ទាន់គិតអ្វីទាំងអស់ព្រោះវាស្ថិតនៅក្នុងតំបន់ស្នូលដែលមិនអាចអនុញ្ញាតឱ្យមនុស្សចូលច្រើនទេ ប៉ុន្តែ នេះជាកម្មវត្ថុនៃការគិតគូទៅមុខទៀត អ្វីដែលសំខាន់ពេលនេះ គឺយើងថែរក្សាតំបន់នេះឱ្យបានល្អជាមុនសិន ថែរក្សាព្រៃឈើនៅកន្លែងនេះជាជម្រកសត្វព្រៃនិងខិតខំប្រឹងប្រែងការពារ ទប់ស្កាត់បទល្មើស ប្រឆាំងបទល្មើស ដកអន្ទាក់ចេញដើម្បីបង្កើនចំនួនសត្វនៅកន្លែងនេះ ហើយតទៅមុខទៀតយ៉ាងណាគឺយើងនឹងពិនិត្យទៅលើលទ្ធភាពផ្សេងៗទៀត»។
តាមច្បាប់ពាក់ព័ន្ធបរិស្ថាន តំបន់ស្នូលគឺ ជាតំបន់គ្រប់គ្រងមានតម្លៃខ្ពស់ សម្រាប់ការអភិរក្សប្រភេទសត្វ រុក្ខជាតិដែលកម្រ ជិតផុតពូជ ទទួលរងគ្រោះថ្នាក់គម្រាមកំហែងនិង មានប្រព័ន្ធអេកូឡូស៊ីផុយស្រួយ។ ការចេញចូលតំបន់នេះត្រូវហាមឃាត់ លើកលែងតែ មន្ត្រីរដ្ឋបាលការពារ និងអភិរក្សធម្មជាតិដែលមានភារកិច្ច និង អ្នកសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រធម្មជាតិ ក្នុងគោលបំណងការពារអភិរក្សធម្មជាតិជីវចម្រុះ និងបរិស្ថានដែលត្រូវមានការអនុញ្ញាតជាមុនពីក្រសួងបរិស្ថាន លើកលែងតែវិស័យសន្តិសុខ និងការពារជាតិ។
លោក សេង ទៀក ប្រធានអង្គការ WWF បានប្រៀបធៀបដែនជម្រកសត្វព្រៃស្រែ ពកដូចជាគ្រាប់ពេជ្រមិនច្នៃសម្រាប់វិស័យទេសចរណ៍ធម្មជាតិ សម្រាប់ទាក់ទាញភ្ញៀវទេសចរបរទេសស្នាក់នៅយូរថ្ងៃក្រោយពីទស្សនាប្រាសាទបុរាណនៅខេត្តសៀមរាប ហើយបន្តទស្សនាតំបន់ព្រៃធម្មជាតិដែលសម្បូណ៌សត្វព្រៃទៀត។ លោកប្រធានអង្គការ WWF បានលើកឡើងថា «ទីនេះមានសក្តានុពលខ្ពស់មែនទែន ជាគ្រាប់ពេជ្រដែលមិនទាន់ច្នៃ គឺមានសក្តានុពលក្នុងន័យគ្រាប់ពេជ្រមិនទាន់ច្នៃនេះសំដៅទៅលើតំបន់ភាគឦសានរបស់យើងនេះនៅមានព្រៃ នៅមានសត្វព្រៃ ហើយទីជម្រកទាំងអស់នៅក្នុងតំបន់នេះ នៅពេលយើងគ្រប់គ្រងឱ្យមានប្រសិទ្ធភាពកាត់បន្ថយទៅលើសម្ពាធដែលអាចប៉ះពាល់ដល់សត្វព្រៃ គឺនៅពេលហ្នឹងយើងអាចច្នៃគ្រាប់ពេជ្រមួយដែលល្អជាពិសេសទៅលើវិស័យទេសចរណ៍ធម្មជាតិរបស់យើង»។
សូមបញ្ជាក់ថា បច្ចុប្បន្នដែនជម្រកសព្រៃស្រែពកមានវត្តមានសត្វមួយចំនួន ដូចជា សត្វខ្ទីង ខ្លារខិន ដំរី ឈ្លូស ប្រើស ជ្រូកព្រៃ មាន់ព្រៃ ស្វា ក្ងោក និងប្រភេទសត្វផ្សេងៗទៀត និងមានអនុផលព្រៃឈើផ្សេងៗទៀត ដូចជា ផ្សិត បន្លែ ផ្លែឈើផ្សេងៗដែលប្រជាពលរដ្ឋរស់នៅក្នុងតំបន់ការពារដែនជម្រកសត្វព្រៃស្រែពកនេះអាចអាស្រ័យផលបានជារៀងរាល់ឆ្នាំ៕