ខ្មែរប៉ុស្ដិ៍ Close

លោក នេត្រ ភក្ត្រា ថ្លែងថា ការផ្សព្វផ្សាយពីការប្រណាំងរថយន្តឆ្លងកាត់តំបន់អភិរក្សនៅកម្ពុជានេះ នឹងធ្វើឱ្យពលរដ្ឋបានដឹងពីសក្តានុពលទេសចរណ៍ធម្មជាតិ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 55
លោក នេត្រ ភក្ត្រា ថ្លែងថា ការផ្សព្វផ្សាយពីការប្រណាំងរថយន្តឆ្លងកាត់តំបន់អភិរក្សនៅកម្ពុជានេះ នឹងធ្វើឱ្យពលរដ្ឋបានដឹងពីសក្តានុពលទេសចរណ៍ធម្មជាតិ លោក នេត្រ ភក្ត្រា ថ្លែងថា ការផ្សព្វផ្សាយពីការប្រណាំងរថយន្តឆ្លងកាត់តំបន់អភិរក្សនៅកម្ពុជានេះ នឹងធ្វើឱ្យពលរដ្ឋបានដឹងពីសក្តានុពលទេសចរណ៍ធម្មជាតិ

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០១៨ នៅទីស្តីក្រសួងបរិស្ថានថា ការប្រណាំងរថយន្តក្រោមប្រធានបទ «រួមគ្នាដើម្បី ការពារនិងអភិរក្សធនធានធម្មជាតិនេះ» ធ្វើឡើងរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយឆ្លងកាត់ខេត្តចំនួន ៣ ខេត្តគឺខេត្តកំពង់ស្ពឺដោយឆ្លងកាត់តំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងឧទ្យានជាតិគិរីរម្យ នៅក្នុងខេត្តកំពតដែលឆ្លងកាត់តំបន់ឧទ្យាន ជាតិព្រះមុនីវង្សភ្នំបូកគោ ហើយនៅក្នុងខេត្តព្រះសីហនុ ឆ្លងកាត់តំបន់ឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូងដែលមានចម្ងាយផ្លូវសរុបជាង ៦៣០ គឺឡូម៉ែត្រ។ នេះជាលើកទី១ ដែលក្រសួងបរិស្ថានបានសហការជាមួយនឹងសហព័ន្ធកីឡាយានយន្តកម្ពុជារៀបចំការប្រណាំងរថយន្តនេះឡើង។ ការប្រណាំងរថយន្តត្រូវបានរៀបចំ ២ លើករួចមកហើយគឺនៅខែធ្នូ ឆ្នាំ ២០១៧ និងខែមិថុនា ឆ្នាំ ២០១៨ នៅក្នុងទឹកដីខេត្តមណ្ឌលគិរី។

លោក ហូ សិទ្ធីគុណ អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា និងអ្នករៀបចំកម្មវិធីប្រណាំងរថយន្តរ៉ាលី រ៉េដ ២០១៨ បានថ្លែងឱ្យដឹងថានៅក្នុង ការប្រកួតរយៈពេល ៤ ថ្ងៃនេះនឹងមានការចូលរួមពីកីឡាករ កីឡាការិនីជាតិ និងអន្តរជាតិរួមនឹងអ្នកសម្រប សម្រួលកម្មវិធីសរុបទាំងអស់ប្រមាណ ៨០ នាក់ដែលមកពី ៥ ប្រទេសគឺកម្ពុជា ថៃ អូស្ត្រាលី នូវែលសេឡង់ វ៉ែល ស្កត់ឡែន។ លោក ហូ សិទ្ធីគុណ បានថ្លែងថា ការសហការរៀបចំការប្រណាំងរថយន្តជាមួយនឹងក្រសួងបរិស្ថានមិនមែនដើម្បីការកម្សាន្ត និងការពង្រឹងលើបច្ចេកទេសនៃការប្រណាំងដើម្បីឈានទៅចូលរួមប្រណាំងរថយន្តជាលក្ខណៈអន្តរជាតិផ្សេងៗទៀតតែប៉ុណ្ណោះនោះទេ គឺដើម្បីផ្សាភ្ជាប់ជីវិតរបស់កីឡាករ កីឡាការិនីទៅនឹងធនធានធម្មជាតិនៅប្រទេសកម្ពុជា។ បើតាមលោក ហូ សិទ្ធីគុណ កម្ពុជាសម្បូណ៌ដោយធនធានធម្មជាតិ ដែលត្រូវបង្ហាញដល់ ពិភពលោកទាំងមូលឱ្យបានដឹង។

ទាក់ទងនឹងការរៀបចំឱ្យមានការប្រណាំងរថយន្តឆ្លងកាត់តំបន់អភិរក្សនៅកម្ពុជានេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ពីសារៈប្រយោជន៍ថាដើម្បីផ្សព្វផ្សាយពីសក្តានុពលធនធានធម្មជាតិដែលកម្ពុជាមានឱ្យប្រជាពលរដ្ឋបានដឹង ចូលរួមពង្រឹងការផ្សព្វផ្សាយពីការអនុវត្តច្បាប់ និងផ្សព្វផ្សាយពីភាពសម្បូណ៌បែបនៃធនធានធម្មជាតិ ព្រៃឈើ និងជីវៈចម្រុះគ្រប់ប្រភេទដែលប្រទេសកម្ពុជាមាន និងជំរុញឱ្យមានការចូលរួមរបស់សាធារណៈជនក្នុងការការពារ និងអភិរក្សធនធានធម្មជាតិឱ្យបាន គង់វង្ស និងចូលរួមការពារបរិស្ថានឱ្យមាននិរន្តរភាព។

លោករដ្ឋលេខាធិការក្រសួងបរិស្ថាន ជឿជាក់ថា តាមរយៈការផ្សព្វផ្សាយពីការប្រណាំងរថយន្តឆ្លងកាត់តំបន់អភិរក្សនៅកម្ពុជានេះ នឹងធ្វើឱ្យពលរដ្ឋបានដឹងពីសក្តានុពលទេសចរណ៍ធម្មជាតិ ជីវភាពរស់នៅរបស់ប្រជាសហគមន៍នៅជុំវិញតំបន់ការពារធម្មជាតិ ការបង្ហាញពីទេសភាពស្រស់បំព្រងនៃព្រៃព្រឹក្សា ស្រែចម្ការ និងជីវៈចម្រុះគ្រប់ប្រភេទ ហើយក៏ឆ្លងកាត់កំណាត់ផ្លូវលំបាកៗរួមានផ្លូវភ្នំ ផ្លូវភក់ ផ្លូវដីក្រហម ផ្លូវខ្សាច់ ផ្លូវមានឧបសគ្គ។

ដោយបានគូសបញ្ជាក់បច្ចុប្បន្ននេះ ប្រព័ន្ធតំបន់ការពារធម្មជាតិរួមមានតំបន់ការពារធម្មជាតិចំនួន ៥២ និងរបៀងអភិរក្សជីវៈចម្រុះ ៣ ( ឦសាន្ត ឧត្តរ និងជួរភ្នំក្រវាញ) មានផ្ទៃដីសរុបទំហំប្រមាណ ៧ ២៣៩ ៩២០ ហិកតា ស្ថិតនៅក្រោមការការពារនិងអភិរក្សរបស់ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍របៀបនេះនឹងត្រូវសហការរៀបចំបន្តទៀតជាមួយសហព័ន្ធកីឡា យានយន្តកម្ពុជាដើម្បីផ្សព្វផ្សាយពីតំបន់ការពារធម្មជាតិរបស់កម្ពុជាដល់ប្រជាពលរដ្ឋខ្មែរ និងប្រជាជននៅលើពិភពលោកដើម្បីឱ្យពួកគាត់បានដឹងពីភាពសម្បូណ៌បែបនៃធនធានធម្មជាតិនិងជីវៈចម្រុះនៅក្នុងប្រទេស កម្ពុជា និងរួមគ្នាអភិរក្សឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត៕

អត្ថបទទាក់ទង