ខ្មែរប៉ុស្ដិ៍ Close

ក្រសួងបរិស្ថានរៀបចំដាក់តំបន់ការពារទេសភាពបឹងព្រែកល្ពៅជាតំបន់រ៉ាមសារ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 32
ក្រសួងបរិស្ថានរៀបចំដាក់តំបន់ការពារទេសភាពបឹងព្រែកល្ពៅជាតំបន់រ៉ាមសារ ក្រសួងបរិស្ថានរៀបចំដាក់តំបន់ការពារទេសភាពបឹងព្រែកល្ពៅជាតំបន់រ៉ាមសារ

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រសួងបរិស្ថាន រៀបចំដាក់តំបន់ការពារទេសភាពបឹងព្រែកល្ពៅជាតំបន់រ៉ាមសារ ដោយសារតែតំបន់នោះបានផ្តល់ធនធានធម្មជាតិសម្រាប់ទ្រទ្រង់ដល់ជីវភាពប្រជាសហគមន៍ និងជាទីជម្រកសម្រាប់សត្វស្លាបទឹក និងសត្វស្លាបទេសន្តរប្រវេសន៍ ដែលជាប្រភេទសត្វកម្រជាច្រើន ប្រភេទ។

លោក មានប្រសាសន៍ថា ការដាក់តំបន់ការពារទេសភាព បឹងព្រែកល្ពៅ ជាតំបន់រ៉ាមសារ គឺបង្ហាញឱ្យឃើញថាតំបន់ដីសើម នេះមានសារសំខាន់ជាអន្តរជាតិ និងមានការទទួលស្គាល់ជាអន្តរជាតិ ដោយអនុសញ្ញារ៉ាមសារដែលមានលេខាធិការដ្ឋានរ៉ាមសារនៅប្រទេសស្វីស។ លោកបានពន្យល់ថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ដែលស្ថិតនៅក្នុងខេត្តតាកែវ បានផ្តល់ជាធនធានធម្មជាតិសម្រាប់ទ្រទ្រង់ដល់ជីវភាពប្រជាសហគមន៍ដូចជា ផ្តល់ជាប្រភពទឹក អាហារ ឱសថ ត្រី ធនធានដីល្បាប់ និងធនធានធម្មជាតិផ្សេងៗទៀត សេវាកម្មនិយ័តកម្ម ដោយទប់ស្កាត់គ្រោះទឹកជំនន់ ខ្យល់ព្យុះ គ្រោះរាំងស្ងួត សេវាកម្មវប្បធម៌ដោយផ្តល់ជាតម្លៃសោភ័ណភាព ទេសចរណ៍ធម្មជាតិ ការកម្សាន្ត ជាដើម។ ជាមួយគ្នានេះ ក៏ជាទីជម្រកសម្រាប់សត្វស្លាបកម្រដែលកំពុងទទួលរងការគំរាម កំហែង និងសត្វស្លាបទេសន្តរប្រវេសន៍ជាច្រើនប្រភេទដូចជា៖ សត្វក្រៀល សត្វចាបព្រៃវែង ត្រយងខ្លួនស ត្រយងខ្លួនរលោង រនាលពណ៌ ចង្កៀលខ្យង ទុងប្រផេះ ជាដើម។

លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ការដាក់តំបន់ដីសើមមួយនេះ ជាតំបន់រ៉ាមសារ គឺត្រូវមានការសិក្សា និងប្រមូលទិន្នន័យពីជីវចម្រុះ សេវាកម្មអេកូឡូស៊ី និងសក្តានុពលនៃតំបន់ដីសើមនោះ ដើម្បីរៀបចំឯកសារព័ត៌មាន និងទាមទារឱ្យមានការពិគ្រោះយោបល់ និងទទួលការគាំទ្រពីអ្នកពាក់ព័ន្ធទាំងនៅមូលដ្ឋាន ថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ។

សូមបញ្ជាក់ថា បើតំបន់ការពារទេសភាពបឹងព្រែកល្ពៅត្រូវបានដាក់ជាតំបន់រ៉ាមសារ នោះកម្ពុជានឹងមានតំបន់រ៉ាមសារសរុបចំនួន៦។ បច្ចុប្បន្ន តំបន់រ៉ាមសារទាំង៥របស់កម្ពុជារួមមាន តំបន់រ៉ាមសារស្ទឹងត្រែង កោះកាពិ បឹងទន្លេឆ្មារ ព្រែកទាល់ និងស្ទឹងសែន៕

អត្ថបទទាក់ទង