ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ អំពាវនាវឲ្យអ្នករត់ឡាន TAXI និងម៉ូតូកង់បី ដែលធ្លាប់បានដឹកភ្ញៀវនៅតាម២៣ទីតាំង សូមទៅធ្វើតេស្តរកកូវីដនៅស្តាតអូឡាំពិក នាវេលាម៉ោង ២រសៀលថ្ងៃនេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 120

ក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ បានអំពាវនាវឲ្យអ្នករត់ឡាន TAXI និងម៉ូតូកង់បី (PassApp) ដែលធ្លាប់បានដឹកភ្ញៀវនៅតាម ២៣ទីតាំង សូមទៅធ្វើតេស្តរកជំងឺកូវីដ-១៩នៅស្តាតអូឡាំពិក នាវេលាម៉ោង ២រសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

ក្រសួងសុខាភិបាល តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួននៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអំពាវនាវឲ្យអ្នកចេញចូលទីតាំង ដែលរកឃើញឆ្លងកូវីដ-១៩ ចំនួន២៣កន្លែង និងអ្នកដឹងខ្លួនថា បានប៉ះពាល់ «ព្រឹត្តិការណ៍២០ កុម្ភៈ» ទៅធ្វើតេស្ត និងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ។

មន្រ្តីសាលារាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា បន្ថែមលើការជូនដំណឹងរបស់ក្រសួងសុខាភិបាល បង្ហាញពីទីតាំងទាំង២៣ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» នោះ ក្រសួង និងសាលារាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនរបស់យើងដែលរត់ឡានតាក់ស៊ី និងរត់ម៉ូតូកង់បីឥណ្ឌា (PassApp) ធ្លាប់ចេញចូល និងធ្លាប់ដឹកភ្ញៀវចេញពីទីតាំងទាំង២៣នេះ សូមទៅយកសំណាកនៅកីឡដ្ឋានជាតិអូឡាំពិក នាវេលាម៉ោង ២រសៀលថ្ងៃទី២២ ខែកុម្ភៈនេះ ដើម្បីស្វែងរកជំងឺកូវីដ-១៩។

ក្រសួងបន្តអំពាវនាវយ៉ាងដូច្នេះថា៖

«បុគ្គលដែលធ្លាប់បានចេញចូលទីតាំងខាងលើ ពីថ្ងៃទី០៦ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ឬបុគ្គលពាក់ព័ន្ធ ទៅនឹងព្រឹត្តិការណ៍ ឬដឹងថាខ្លួនជាអ្នកប៉ះពាល់ជាមួយអ្នកមានវីរុសកូវីដ-១៩ ត្រូវមានភាពស្មោះត្រង់ មិនលាក់លៀម និងស្ម័គ្រចិត្តមកធ្វើតេស្តរកមេរោគកូវីដ-១៩ នៅរៀងរាល់ម៉ោងធ្វើការ សូមអញ្ជើញមកធ្វើតេស្តយកវត្ថុ សំណាកដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅមណ្ឌលសុខភាពចាក់អង្រៃនៃរាជធានីភ្នំពេញ ហើយដាក់ខ្លួននៅដាច់ ដោយឡែកពីក្រុមគ្រួសារ ធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃនៅតាមផ្ទះរៀងៗខ្លួន ព្រមទាំងធ្វើការតាមដានសុខភាព ជារៀងរាល់ថ្ងៃ»។

ក្រសួងបន្តថា ប្រសិនបើមានអាការៈមិនស្រួលខ្លួន ដូចជាមានឡើងកម្ដៅខ្លួន ក្អក ផ្តាសាយ ឈឺបំពងក ឬ ពិបាកដកដង្ហើមជាដើម សូមហៅទៅលេខទូរសព្ទទាន់ហេតុការណ៍ ១១៥ ឬលេខទូរសព្ទលេខ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨ ដើម្បីជួយអន្តរាគមន៍សុខភាព បានទាន់ពេលវេលា៕

អត្ថបទទាក់ទង