ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ-១៩ ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ២នាក់ថែមទៀត និងអ្នកជាសះស្បើយ ១នាក់
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន២នាក់ថែមទៀត និងអ្នកជាសះស្បើយចំនួន ១នាក់។
អ្នកទាំង២នាក់ដែលឆ្លងកូវីដ-១៩ រួមមាន៖
ទី១៖ បុរសជនជាតិខ្មែរ ឈ្មោះ ស្រៀន គីមស៊្រុន អាយុ២២ឆ្នាំ ស្នាក់នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ជានិស្សិតច្បាប់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានទៅហាង Zando បឹងកេងកង នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្តលើសំណាកបុរសនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ។
២៖ ស្ត្រីជនជាតិខ្មែរ ឈ្មោះ អៀម ធីតា អាយុ៣៥ឆ្នាំ ស្នាក់នៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ បានទៅហាង Pedro នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្តវត្ថុសំណាក របស់បុគ្គលនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ។
ចំណែកអ្នកជាសះស្បើយម្នាក់ គឺជាស្ត្រីជនជាតិខ្មែរ-អាមេរិកាំង ឈ្មោះ ឈួយ សារូ អាយុ៤៥ឆ្នាំ ស្នាក់នៅក្រុងប៉ៃលិន ខេត្តប៉ៃលិន ធ្វើដំណើរមកពីអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ។
សម្រាប់លទ្ធផលធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា», នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ វត្ថុសំណាកដែលនៅសល់ពីថ្ងៃទី០៦ ធ្នូ ចំនួន២២៨ សំណាក បូកបន្ថែមចំនួនវត្ថុសំណាកទទួលបានបន្ថែមពីខេត្ត និងរាចធានីភ្នំពេញ ដែលធ្វើតេស្តលើកទី២ សម្រាប់ «ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា» សុរបមានចំនួន ២៤៨៣សំណាក់ ត្រូវបានធ្វើតេស្តវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺមានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន២នាក់ (ដែលជាអ្នកជំងឺខាងលើ) ។ ដោយឡែកមាននៅវត្ថុសំណាកចំនួន ១៦០៥សំណាកផ្សេងទៀត ដែលត្រូវវិភាគបន្តនៅថ្ងៃនេះ។
សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៣៥០នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ចំនួន ៣០៧នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៤៣នាក់៕