ខ្មែរប៉ុស្ដិ៍ Close

ប្រជាពលរដ្ឋ ឃុំសំបុកនិងឃុំចង្ក្រង់ ប្រមាណ៨៥ភាគរយ ទទួលបានបណ្ណកម្មសិទ្ធិដីធ្លី ពីគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និង ការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី២

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែធ្នូ ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 60
ប្រជាពលរដ្ឋ ឃុំសំបុកនិងឃុំចង្ក្រង់ ប្រមាណ៨៥ភាគរយ ទទួលបានបណ្ណកម្មសិទ្ធិដីធ្លី ពីគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និង ការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី២ ប្រជាពលរដ្ឋ ឃុំសំបុកនិងឃុំចង្ក្រង់ ប្រមាណ៨៥ភាគរយ ទទួលបានបណ្ណកម្មសិទ្ធិដីធ្លី ពីគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និង ការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី២

ប្រជាពលរដ្ឋ ឃុំសំបុកនិងឃុំចង្ក្រង់ ខេត្តក្រចេះ ប្រមាណ៨៥ភាគរយ ទទួលបានបណ្ណកម្មសិទ្ធិដីធ្លី ពីគម្រោងបែងចែកដី ដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី២ (LASED II) ខណៈដែលគម្រោងនេះបានជួយអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ និងជីវភាពប្រជាពលរដ្ឋនៅឃុំទាំង២នេះ ឱ្យមានការរីកចម្រើនគួរឱ្យកត់សម្គាល់ តាមរយៈការផ្តល់ដីធ្វើផ្ទះសំបែងនិងដីធ្វើ កសិកម្ម អាចរស់នៅនិងប្រកបមុខរបររកស៊ីបានយ៉ាងសមរម្យ ។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម ៖

លោក ជួប ចំណាន ប្រធានការិយាល័យលំនៅដ្ឋាន នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តក្រចេះ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា គម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី២ (LASED II) ក្នុងខេត្តក្រចេះ សម្រាប់ ឃុំសំបុកនិងឃុំចង្ក្រង់ខេត្តក្រចេះ មកដល់ពេលនេះបានបែងចែកជូនប្រជាពលរដ្ឋបាន ចំនួន ៨៨៥គ្រួសារ លើផ្ទៃដី៣៩០៦ហិកតា ខណៈដែលបានចែកបណ្ណកម្មសិទ្ធិដីធ្លីប្រមាណ៨៥ភាគរយ ។

លោកបានឱ្យដឹងទៀតថា គម្រោងបែងចែកដីសម្បទានសង្គមកិច្ច បានបែងចែកជា៣ប្រភេទ ទី១សម្រាប់ប្រជាពលរដ្ឋក្រីក្រ ស៊ីវិល ទី២សម្រាប់អតីតកងកម្លាំងប្រដាប់អាវុធនិងគ្រួសារចូលនិវត្តន៍ និងទី៣សម្រាប់គម្រោងសង្គមកិច្ច និងការអភិវឌ្ឍ សេដ្ឋកិច្ចតែម្ដង ។
លោកបានបញ្ជាក់ថា ការបែងចែកដីជូនប្រជាពលរដ្ឋក្រីក្រនេះ គឺបានរៀបចំនូវដីជូនពួកគាត់ទៅតាមការស្នើសុំ ដើម្បីឱ្យ ពួកគាត់មាននិរន្តរភាព តាមរយៈការធ្វើផ្លូវ សាងសង់សាលារៀន ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាដើម ។ លោកបន្តថា ចំពោះអតីតកងកម្លាំងប្រដាប់អាវុធនិងគ្រួសារចូលនិវត្តន៍ គឺបានរៀបចំឱ្យមានជាដីលំនៅដ្ឋាន និងដីកសិកម្ម ដើម្បីឱ្យគាត់ បង្កបង្កើនផល ទ្រទ្រង់ជីវភាព និងបានសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធ ឈូសឆាយផ្លូវចូលដល់ដីលំនៅដ្ឋាននិងដីកសិកម្ម សាងសង់អណ្តូង សាលារៀន ស្រះទឹក ហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ។
លោកបានឱ្យដឹងថា សម្រាប់គោលការណ៍ នៃការទទួលបានបណ្ណកម្មសិទ្ធិដីធ្លី ស្របច្បាប់ទៅតាមលក្ខខណ្ឌ ក្នុងនោះបងប្អូនសម្បទានិកត្រូវធ្វើការដាំដុះ និងសាងសង់លំនៅដ្ឋានសម្រាប់ស្នាក់នៅជាអចិន្ត្រៃយ៍នៅលើដីលំនៅដ្ឋាន ដោយមានដាំដំណាំបន្លែ ដំណាំហូបផ្លែ ផ្ទះត្រូវមានរបង និងមានការចិញ្ចឹមសត្វជាដើម។ ដោយឡែកសម្រាប់ដីកសិកម្ម បងប្អូនសម្បទានិកត្រូវបង្កបង្កើនផល ដាំដំណាំកសិកម្មផ្សេងៗឱ្យបានទៀងទាត់ និងត្រូវប្រើប្រាស់ដីកសិកម្មឱ្យបាន ពេញលេញ។

«ក្នុងការចែកបណ្ណកម្មសិទ្ធិគាត់សរុបនោះគឺបានចំនួន៨៥ភាគរយ ហើយចំនួនអ្នកដែលនៅសេសសល់ទៀតនោះ គឺមិនទាន់បានបែងចែកបន្ត ដោយពួកគាត់មិនទាន់គ្រប់លក្ខណៈសម្បត្តិក្នុងការទទួលបានបណ្ណកម្មសិទ្ធិ ដោយមន្ទីរបាន ជំរុញបន្ថែម គឺឱ្យពួកគាត់ប្រើប្រាស់ឱ្យបានគ្រប់លក្ខណៈសម្បត្តិ ដោយគាត់ប្រើប្រាស់មិនអចិន្ត្រៃយ៍ គ្រួសារខ្លះគាត់ប្រើប្រាស់ ភាគរយអត់បានគ្រប់ចំនួន ៥៥ ភាគរយឡើយ ។ អ៊ីចឹងគាត់ប្រើប្រាស់មិនទាន់បានគ្រប់អ៊ីចឹងក្នុងឆ្នាំ២០២០នេះ រដ្ឋបាលខេត្តបានធ្វើសេចក្តីជូនដំណឹងចំនួន៣លើកទៅហើយ ដើម្បីជំរុញក្នុងការប្រើប្រាស់ដីឱ្យពេញគ្រប់ពិន្ទុរបស់គាត់ យើងនឹងបែងចែកបណ្ណកម្មសិទ្ធិជូនគាត់បន្តទៀត » ។

លោកបានបញ្ជាក់បន្ថែមថា ប្រជាពលរដ្ឋដែលទទួលបានគម្រោងនេះ ពួកគាត់មានជីវភាពរីកចម្រើនខ្ពស់ ដោយសារគម្រោងនេះបានជួយទាំងផ្នែកកសិកម្ម អភិវឌ្ឍន៍ដី ប្រព័ន្ធធារាសាស្រ្ត ផ្នែកសុខាភិបាល ជាដើម ដែលបានធ្វើឱ្យពួកគាត់មានជីវភាពធូរធា ។
សូមបញ្ជាក់ថា គម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី២ (LASED II) ខេត្តក្រចេះ បានអនុវត្តចំនួន៥ឃុំ គឺ ឃុំសំបុក ឃុំចង្រ្កង់ ឃុំដា ឃុំថ្មីនៃស្រុកចិត្របុរី និងឃុំចំបក់នៃស្រុកព្រែកប្រសព្វ ៕

អត្ថបទទាក់ទង