ខ្មែរប៉ុស្ដិ៍ Close

ពិព័រណ៍ការងារ និងផលិតភាព សៀមរាបរយៈពេល ២ថ្ងៃ បានចាប់ផ្តើមជាមួយឱកាសការងារ ៥ពាន់កន្លែង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 30
ពិព័រណ៍ការងារ និងផលិតភាព សៀមរាបរយៈពេល ២ថ្ងៃ បានចាប់ផ្តើមជាមួយឱកាសការងារ ៥ពាន់កន្លែង ពិព័រណ៍ការងារ និងផលិតភាព សៀមរាបរយៈពេល ២ថ្ងៃ បានចាប់ផ្តើមជាមួយឱកាសការងារ ៥ពាន់កន្លែង

ពិព័រណ៍ការងារ និងផលិតភាព សៀមរាប ឆ្នាំ២០១៩ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ នៅសួនច្បារព្រះអង្គចេកព្រះអង្គចម ខេត្តសៀមរាប បាននាំយកឱកាសការងារប្រមាណ៥ពាន់កន្លែងជូនដល់អ្នកខេត្តសៀមរាប និងរំពឹងថាមានអ្នកចូលរួមទស្សនាប្រមាណ១ម៉ឺននាក់ ដោយទទួលបានការចូលរួមតាំងបង្ហាញពីសំណាក់សហគ្រាស គ្រឹះស្ថាន ក្រសួង-ស្ថាប័ន និងអង្គការជាតិ-អន្តរជាតិចំនួន ៥៨ លើបញ្ជរសរុបចំនួន ៦២ ដែលអញ្ជើញមកពីវិស័យសេដ្ឋកិច្ចសំខាន់ៗនៅក្នុងខេត្ត។

ពិព័រណ៍ការងារ និងផលិតភាព សៀមរាប ឆ្នាំ២០១៩នេះ ត្រូវបើកសម្ពោធយ៉ាងឱឡារឹកកាលពីព្រឹកថ្ងៃទី១២ ខែកក្កដា កន្លងទៅនេះ ក្រោមអធិបតីភាពលោកបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីលោក Graeme Buckley នាយកការិយាល័យអង្គការ ILO ប្រចាំប្រទេសថៃ កម្ពុជា និងឡាវ, លោក Simon Junker អនុប្រធានទីភ្នាក់ងារស្វីស SDC លោក នាក់ ណេរ៉ុន អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប លោក លោកស្រី ដែលជាតំណាងក្រសួង-ស្ថាប័ន គ្រឹះស្ថានអប់រំបណ្តុះបណ្តាល អង្គការជាតិ-អន្តរជាតិ សមាគមនិយោជក សហជីព ដៃគូអភិវឌ្ឍន៍ ព្រមទាំងសិស្ស-និស្សិត ចូលរួមជាសក្ខីភាពក្នុងពិធីសម្ពោធបើកពិព័រណ៍ការងារ និងផលិតភាពនៅខេត្តសៀមរាបនេះផងដែរ។

មានប្រសាសន៍លើកឡើងនៅក្នុងពិធីបើកពិព័រណ៍ការងារ និងផលិតភាព សៀមរាប ឆ្នាំ២០១៩នេះ លោកបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងយន្តការ វេទិកាការងារ តាមរយៈការបង្កើតឱកាសនូវជួបជុំគ្នាដោយងាយស្រួលរវាងភាគីពាក់ព័ន្ធទាំងអស់ក្នុងទីផ្សារការងារ ការទទួលបានឱកាសការងារ និងជ្រើសរើសកម្លាំងពលកម្មដោយទូលំទូលាយ ការជំរុញយុទ្ធនាការលើកកម្ពស់ផលិតភាពសំដៅបញ្ជ្រាបការយល់ដឹងនិងកែប្រែផ្នត់គំនិតដើម្បីខិតខំបង្កើនផលិតភាពក្នុងការងារ។
គួររំឭកថា កន្លងមកពិព័រណ៍ការងារដូចគ្នានេះ ត្រូវបានរៀបចំឡើងចំនួន ២លើករួចមកហើយនៅក្នុងខេត្តសៀមរាបនេះ កាលពីឆ្នាំ២០១២ និងឆ្នាំ២០១៤ ដោយទទួលបានការគាំទ្រពីនិយោជក អ្នកស្វែងរកការងារ និងសាធារណជនប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់៕