ខ្មែរប៉ុស្ដិ៍ Close

លោក ឃួង ស្រេង អំពាវនាវដល់ប្រជាពលរដ្ឋបន្តអនុវត្តឲ្យហ្មត់ចត់ តាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន និងក្រសួងសុខាភិបាល ដើម្បីការពារជំងឺកូវីដ-១៩ ឆ្លងចូលក្នុងសហគមន៍ទ្រង់ទ្រាយធំ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 31
លោក ឃួង ស្រេង អំពាវនាវដល់ប្រជាពលរដ្ឋបន្តអនុវត្តឲ្យហ្មត់ចត់ តាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន និងក្រសួងសុខាភិបាល ដើម្បីការពារជំងឺកូវីដ-១៩ ឆ្លងចូលក្នុងសហគមន៍ទ្រង់ទ្រាយធំ លោក ឃួង ស្រេង អំពាវនាវដល់ប្រជាពលរដ្ឋបន្តអនុវត្តឲ្យហ្មត់ចត់ តាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន និងក្រសួងសុខាភិបាល ដើម្បីការពារជំងឺកូវីដ-១៩ ឆ្លងចូលក្នុងសហគមន៍ទ្រង់ទ្រាយធំ

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តាមរយៈអង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ រស់នៅក្នុងរាជធានីភ្នំពេញ សូមមេត្តាបន្តអនុវត្តតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងតាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានហ្មត់ចត់ជាទីបំផុត ដើម្បីការពារ ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ទ្រង់ទ្រាយធំ។

ជាមួយគ្នានេះដែរ អភិបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យបន្តរស់នៅធម្មតាតាមបែបគន្លងថ្មី ដោយពាក់ម៉ាស់ (ក្នុងករណីចាំបាច់)។ ជាពិសេសនៅក្នុងកាលទេសៈនេះ សូមមើលការខុសត្រូវកូនចៅខ្លួន ដោយកុំឱ្យដើរចេញក្រៅផ្ទះរហេតរហូតបើមិនចាំបាច់។ តែបើអាក់ខានមិនបាននោះ នៅពេលចេញដើរត្រូវពាក់ម៉ាស់ជាប់ជានិច្ច ហើយសូមកុំឱ្យមានការជួបជុំគ្នាកុះករច្រើនពេក (កាត់បន្ថយជាអតិបរិមា នូវចំនួនមនុស្ស ជួបជុំគ្នា)។

បន្ថែមពីនេះ លោក ឃួង ស្រេង ក៏បានក្រើនរំឮកដល់ប្រជាពលរដ្ឋ ត្រូវលាងសម្អាតដៃជាមួយសាប៊ូ និងទឹកស្អាត ឬជាមួយអាល់កុល ឬទឹកដែលសម្រាប់លាងដៃ ឱ្យបានញឹកញាប់ កុំយកដៃដែលមិនបានលាងសម្អាត មកប៉ះផ្ទៃមុខមាត់របស់ខ្លួន និងត្រូវរក្សាសុវត្ថិភាពសង្គម និងសុវត្ថិភាពបុគ្គលឱ្យលើសពីមួយម៉ែត្រកន្លះ ឡើងទៅជាចាំបាច់។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានផ្ញើសារណែនាំពិសេសបន្ទាន់មួយទាំងយប់ ក្រោយពេលរកឃើញក្រុមគ្រួសាររបស់អគ្គនាយកពន្ធនាគារ ក្រសួងមហាផ្ទៃចំនួន៦នាក់មានជំងឺកូវីដ-១៩ ដែលជាការឆ្លងក្នុងសហគមន៍ លើកដំបូងនៅកម្ពុជា។

បើទោះបីជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែន បានស្នើដល់ប្រជាពលរដ្ឋមេត្តាកុំមានការស្លន់ស្លោ ឬឆោឡោរហូតបាត់បង់ការគ្រប់គ្រង តែត្រូវបង្កើនការយកចិត្តទុកដាក់ពាក់ព័ន្ធការការពារខ្លួនតាមរយៈការពាក់ម៉ាស់ ការលាងដៃ ការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងករណីមានការសង្ស័យត្រូវរកការបញ្ជាក់ពីគ្រូពេទ្យឱ្យបានឆាប់។ សម្តេចតេជោ ក៏បានស្នើសុំកុំឱ្យមានការប្រមូលផ្តុំណាមួយ។

សម្តេចតេជោ បានបញ្ជាក់ថា សម្តេចនឹងមិនអំពាវនាវឱ្យមានការបិទសាលារៀននៅភ្នំពេញ និងខេត្តពាក់ព័ន្ធទេ។ អ្វីដែលជាការចាំបាច់នៅពេលនេះ គឺតម្រូវការនូវការពាក់ម៉ាស់ ការលាងដៃ ការរក្សាគម្លាតសុវត្ថិភាពតែប៉ុណ្ណោះ។ សម្តេចតេជោ បានបន្ថែមថា ត្រូវទុកសាលារៀនដំណើរការធម្មតាទៅតាមគន្លងថ្មី។

សូមបញ្ជាក់ថា កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ជាលើកដំបូងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ-១៩ លើក្រុមគ្រួសារអគ្គនាយកពន្ធនាគារកម្ពុជា រួមនឹងអ្នករស់នៅជាមួយសរុប៦នាក់។ ក្រសួងសុខាភិបាល មិនទាន់បានរកឃើញពីប្រភពនៃការឆ្លងជំងឺកូវីដ-១៩នេះនៅឡើយ។

ជាវិធានការទប់ស្កាត់ការរីកសាយភាយ ឬការចម្លងកាន់តែខ្លាំង រាជរដ្ឋាភិបាល បានដាក់ចេញវិធានការបន្ទាន់មួយចំនួន ដូចជាការបិទផ្សារទំនើបអ៊ីអន ១ និងការតម្រូវឱ្យអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលដែលរួមមានមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលផងនោះ ចាប់ផ្តើមធ្វើចត្តាឡីស័ក និងយកសំណាកពិនិត្យរកមេរោគ។

ក្រសួងសុខាភិបាល បានអំពាវនាវដល់អ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍នេះ នាំគ្នាទៅយកសំណាកពិនិត្យរកមេរោគ ក្នុងនោះប្រជាពលរដ្ឋធម្មតា ទៅកាន់ផ្សារទំនើបអ៊ីអន ១ សម្រាប់មន្ត្រីរាជការត្រូវយកសំណាក នៅទីស្តីការក្រសួងមហាផ្ទៃ។

គិតមកដល់ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកឆ្លងកើតជំងឺកូវីដ-១៩ សរុប ៣១៥នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ៣០១នាក់ និងកំពុងសម្រាកព្យាបាល ១៤នាក់៕

អត្ថបទទាក់ទង