សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារអបអរសាទរការចាប់កំណើតឡើងវិញប្រតិមាព្រះឥសូររាំបន្ទាប់ពីជួសជុលដោយជោគជ័យ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្តាញសង្គមនៅរសៀលថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៦ បានផ្ញើសារអបអរសាទរ ការបញ្ចប់ការជួសជុលដោយជោគជ័យនៃប្រតិមាព្រះឥសូររាំដ៏ធំមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប្រតិមាព្រះឥសូរដ៏ធំជាងគេមួយក្នុងប្រទេសកម្ពុជាដែលមានកម្ពស់៥ម៉ែត្រ និងទម្ងន់ប្រមាណ៧តោននិងមានការបែកបាក់ដល់ទៅជាង១ម៉ឺនបំណែកមកពីកោះកេរ្ដិ៍ចាប់កំណើតឡើងវិញក្រោយជួសជុលរួចរាល់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ប្រតិមាព្រះឥសូរដ៏ធំមួយនេះ ត្រូវប្រើពេលជួសជុលអស់រយៈពេលជាង៥ឆ្នាំ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៦ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិព្រះវិហារ និងសាលាបារាំងចុងបូព៌ា និងមានការគាំទ្រដោយសម្ព័ន្ធភាពបេតិកភណ្ឌ។ នេះជាវត្ថុបុរាណដែលមានកម្ពស់៥ម៉ែត្រ មានព្រះភក្ត្រ៥ ព្រះហស្ថ១០និងទម្ងន់ប្រមាណ៧តោន។ ប្រតិមានេះបានរលំបាក់ក្នុងសតវត្សទី១៤ មានសភាពបែកបាក់ចំនួនជាង១ម៉ឺនបំណែកនិងត្រូវបានចោរចូលលួចក្នុងសម័យសង្គ្រាមស៊ីវិល៕




