រវាងសន្តិភាព និងសង្គ្រាម៖ ទិសដៅនយោបាយផ្ទុយគ្នារវាងកម្ពុជា និងថៃក្នុងសម័យអស្ថិរភាពសកល
ក្នុងបរិបទពិភពលោកបច្ចុប្បន្នដែលកំពុងពោរពេញដោយភាពមិនប្រាកដប្រជា និងការប្រកួតប្រជែងអំណាចកាន់តែខ្លាំង ប្រទេសកម្ពុជា និងថៃ កំពុងបង្ហាញយ៉ាងច្បាស់នូវទិសដៅយុទ្ធសាស្ត្រនយោបាយផ្ទុយគ្នា។ ខណៈដែលកម្ពុជាកំពុងលើកកម្ពស់រូបភាពជាប្រទេសសន្តិភាព តាមរយៈការរៀបចំព្រឹត្តិការណ៍វប្បធម៌ធំៗ ដូចជា “នគរសង្ក្រាន្ត” រីឯប្រទេសថៃវិញ ត្រូវបានគេសង្កេតឃើញថា កំពុងបង្កើនសកម្មភាពយោធានៅតាមបណ្តោយព្រំដែនកម្ពុជា ដែលនាំឲ្យមានការព្រួយបារម្ភអំពីការកើនឡើងនូវសង្គ្រាមជាថ្មីដែលបង្កឲ្យមានភាពតានតឹងនយោបាយ និងសន្តិសុខក្នុងតំបន់។
“នគរសង្ក្រាន្ត” មិនមែនជាព្រឹត្តិការណ៍កម្សាន្តធម្មតាទេ ប៉ុន្តែជាឧបករណ៍នយោបាយមួយក្នុងការបង្កើនអំណាចទន់របស់កម្ពុជា។ តាមរយៈព្រឹត្តិការណ៍នេះ កម្ពុជាបង្ហាញពីអត្តសញ្ញាណវប្បធម៌ ប្រពៃណី និងភាពមានស្ថិរភាពសង្គមទៅកាន់សហគមន៍អន្តរជាតិ។ នេះជាការបញ្ជាក់ថា កម្ពុជាកំពុងជ្រើសរើសផ្លូវ “អភិវឌ្ឍតាមរយៈសន្តិភាព” ដោយផ្តោតលើការកែលម្អសេដ្ឋកិច្ចមូលដ្ឋាន ជាពិសេសវិស័យទេសចរណ៍ និងការបង្កើតភាពទាក់ទាញអន្តរជាតិ។
ផ្ទុយទៅវិញ សកម្មភាពយោធារបស់ថៃនៅតាមបណ្តោយព្រំដែនកម្ពុជា បានបន្តកើតមានឡើងទោះបីជាមានបទឈប់បាញ់ហើយក៏ដោយ ហើយបានបង្ហាញសញ្ញានិងមានគោលបំណងយុទ្ធសាស្ត្រកាន់តែច្បាស់ក្នុងចេតនាបង្កសង្គ្រាមឈ្លានពានប្រទេសកម្ពុជាជាថ្មី។ ជាក់ស្តែង នៅតំបន់មុំបី ខេត្តព្រះវិហារ ម្តុំភ្នំ៤៦៩ កងកម្លាំងប្រដាប់អាវុធថៃបានឈូសឆាយដី សាងសង់ផ្លូវ និងរចនាសម្ព័ន្ធអចិន្ត្រៃយ៍ រួមទាំងការសាងសង់រូបសំណាកព្រះពុទ្ធ។ សកម្មភាពស្រដៀងគ្នានេះក៏ត្រូវបានគេរាយការណ៍ថានៅភូមិថ្មជូន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ក៏មានការសាងសង់ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធថ្មីៗនៅតំបន់ដំណាក់ស្តេចផងដែរ។
រីឯនៅតំបន់អានសេះ ខេត្តព្រះវិហារវិញ ក៏មានសកម្មភាពឈូសឆាយដី សាងសង់ផ្លូវ និងលើកទង់ជាតិថៃ ខណៈដែលសកម្មភាពដូចគ្នានេះបានកើតមានឡើងនៅតំបន់ជាច្រើនទៀត ដូចជា តំបន់អូរផ្កាស្នេហ៍ ភ្នំ៦៧៧ និងភ្នំ៥០០ ដែលកងកម្លាំងថៃ រួមជាមួយព្រះសង្ឃថៃ បានសាងសង់រូបសំណាកព្រះពុទ្ធ។ ហើយនៅតំបន់តាថាវ និងតំបន់ជិតប្រាសាទដូនទុន ក៏មានការសាងសង់រចនាសម្ព័ន្ធអចិន្ត្រៃយ៍នៅលើភ្នំ៥០៥ និងភ្នំ៣៣៣ ខណៈដែលតំបន់តាសឺម និងចាក់ប្រែង ក៏មានសកម្មភាពឈូសឆាយដី និងសាងសង់ផ្លូវដូចគ្នានេះដែរ។
លើសពីនេះទៅទៀត កងកម្លាំងថៃ ដោយមានការចូលរួមពីព្រះសង្ឃថៃ បានសាងសង់រូបសំណាកព្រះពុទ្ធនៅទីតាំងជាច្រើនក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា រួមមាន តំបន់តាថាវ និងភ្នំទ្រព្យ ខេត្តព្រះវិហារ ព្រមទាំងតំបន់អូរស្មាច់ និងប្រាសាទខ្នារ ខេត្តឧត្តរមានជ័យ។ សកម្មភាពទាំងនេះ បង្ហាញពីការបង្កើតសកម្មភាព ដោយធ្វើការ “ផ្លាស់ប្តូរស្ថានភាពពិតនៅលើដីជាក់ស្តែង” ដែលនេះអាចប៉ះពាល់ដល់ការចរចាព្រំដែននៅពេលអនាគត។
សកម្មភាពខាងលើនេះ មិនត្រឹមតែជាការប្រើប្រាស់អំណាចយោធាទេ ប៉ុន្តែអាចត្រូវបានគេយល់ថា ជាការបង្កើតសម្ពាធនយោបាយ និងការចង់ប្រែប្រួលស្ថានភាពភូមិសាស្ត្រព្រំដែនដោយឯកតោភាគី ដែលផ្ទុយនឹងគោលការណ៍នៃច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី រួមមានទាំងអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ និងយន្តការកាត់បន្ថយភាពតានតឹងក្រោមក្របខណ្ឌគណៈកម្មាធិការព្រំដែនទូទៅ (GBC)ដែលប្រទេសទាំងពីរបានឯកភាពគ្នា។
បើវិភាគក្នុងកម្រិតយុទ្ធសាស្ត្រ ភាពផ្ទុយគ្នានេះអាចត្រូវបានពិចារណាថាជាការប្រកួតប្រជែងរវាង “អំណាចទន់” គឺសន្តិភាព និង “អំណាចរឹង” គឺកម្លាំងយោធា។ ពេលនេះកម្ពុជាកំពុងវិនិយោគលើភាពទាក់ទាញ វប្បធម៌ និងភាពជឿជាក់អន្តរជាតិ ខណៈដែលថៃកំពុងផ្តោតលើការប្រើប្រាស់សមត្ថភាពយោធា ដើម្បីបង្កើនអំណាចចរចា។ ទោះជាយ៉ាងណា ប្រវត្តិសាស្ត្របានបង្ហាញថា អំណាចរឹងអាចទទួលផលលឿន ប៉ុន្តែមិនអាចធានាបាននូវស្ថិរភាពយូរអង្វែងទេ ប្រសិនបើខ្វះការគាំទ្រពីសហគមន៍អន្តរជាតិ ខណៈអំណាចទន់អាចនឹងបង្កើតឥលទ្ធផលយូរអង្វែង និងមានភាពស្របច្បាប់បាន។
យ៉ាងណាក៏ដោយ ការផ្តោតលើអំណាចទន់តែមួយមុខ មិនគ្រប់គ្រាន់សម្រាប់ការពារអធិបតេយ្យភាពជាតិកម្ពុជាឡើយ ក្នុងបរិបទដែលមានហានិភ័យសន្តិសុខកើនឡើង កម្ពុជាត្រូវការយុទ្ធសាស្ត្រដែលមានតុល្យភាព រវាង “ការអភិវឌ្ឍន៍តាមរយៈសន្តិភាព” និង “ការពារជាតិប្រកបដោយប្រសិទ្ធភាព”។
ជាមួយគ្នានេះ ការរៀបចំព្រឹត្តិការណ៍វប្បធម៌សម្រាប់ប្រជាជននៅតំបន់រងគ្រោះ ដូចជាការនាំយកកម្មវិធីអបអរសប្បាយរីករាយដែលមានលក្ខណៈស្រដៀងគ្នានិងកម្មវិធីចូលឆ្នាំខ្មែរទៅកាន់តំបន់ជំរុំភៀសសឹកនៅមុនពេលចូលឆ្នាំខ្មែរប្រពៃណីជាតិនាពេលខាងមុខនេះបង្ហាញថា រដ្ឋាភិបាល និងប្រជាជនកម្ពុជានៅសមរភូមិក្រោយទាំងអស់នៅតែរួបរួមសាមគ្គីគ្នាជាឆ្លុងមួយ និងមិនដែលបានបោះបង់បងប្អូនជនភៀសសឹកក៏ដូចជាវីរៈកងទ័ពរបស់យើងចោលនោះទេ ទោះស្ថិតនៅក្រោមការស្ថានភាពលំបាកយ៉ាងណាក៏ដោយ។ រីឯនៅកម្រិតនយោបាយ និងការទូត កម្ពុជាបានបន្តធ្វើការតវ៉ាយ៉ាងសកម្មជាផ្លូវការចំពោះសកម្មភាពឈ្លានពាន និងការកាន់កាប់ទឹកដីដោយខុសច្បាប់របស់យោធាថៃ ដោយអំពាវនាវនិងតវ៉ាឲ្យភាគីថៃបញ្ឈប់សកម្មភាពឯកតោភាគី និងងាកមកគោរពកិច្ចព្រមព្រៀងទ្វេភាគីវិញ។ ជំហរនេះបង្ហាញពីការប្តេជ្ញាចិត្តក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍ថា ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកម្លាំងឡើយ។
សរុបមក ក្នុងពិភពលោកដែលមានការប្រកួតប្រជែងអំណាចកាន់តែស្មុគស្មាញ កម្ពុជាកំពុងបង្ហាញយុទ្ធសាស្ត្រដែលផ្អែកលើចក្ខុវិស័យវែងឆ្ងាយ តាមរយៈការលើកកម្ពស់អំណាចទន់ ដោយព្យាយាមរក្សាតុល្យភាពជាមួយសមត្ថភាពការពារជាតិ។ ការរក្សាតុល្យភាពនេះ នឹងក្លាយជាគន្លឹះសម្រាប់ការការពារអធិបតេយ្យភាព និងការអភិវឌ្ឍយូរអង្វែងរបស់ប្រទេសជាតិ៕ ដោយ៖ ពិន វិជ័យ – អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ




