អាជ្ញាធររាជធានីភ្នំពេញនឹងដាក់ម៉ាស៊ីនបូមទឹកនៅតាមបុរីនិងផ្ទះប្រជាពលរដ្ឋដែលទទួលរងនូវការលិចលង់
ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ នឹងដាក់ម៉ាស៊ីនបូមទឹកនិងបាញ់ថ្នាំសម្លាប់មេរោគនៅតាមបុរីនិងផ្ទះប្រជាពលរដ្ឋដែលទទួលរង នូវការលិចលង់ដោយជំនន់ទឹកភ្លៀងដើម្បីជួយសម្រួលទុក្ខលំបាក សុខមាលភាពនិងការរស់នៅរបស់ប្រជាពលរដ្ឋ ។
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មានប្រសាសន៍បែបនេះ នៅក្នុងពិធីចែកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋចំនួន៣៨៥គ្រួសារ រស់នៅក្នុងសង្កាត់ ចំនួន៤ក្នុងខណ្ឌកំបូល នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នៅក្នុងបរិវេណវត្តសុវណ្ណអម្ពា ហៅវត្តស្វាយមាស ស្ថិតនៅក្នុងសង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ឯកឧត្តម បានលើកឡើងទៀតថា ក្រោមការដឹកនាំនិងបញ្ជាពីសម្តេចតេជោ ហ៊ុន សែន គឺសម្តេចបានណែនាំនិងជំរុញឱ្យកងកម្លាំងទាំងអស់ ធ្វើយ៉ាងណាសង្រ្គោះប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះ ឱ្យមកកាន់ទីទួលសុវត្ថិភាពបានទាន់ពេលវេលា ។ អនុវត្តតាមបទបញ្ជានេះ អាជ្ញាធររាជធានីភ្នំពេញ ក្រោមការសហការជាមួយកងកម្លាំងប្រដាប់អាវុធពិសេស កម្លាំងកងទ័ព បានជម្លៀសប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាពបានដោយជោគជ័យ ជាមួយនឹងអាហារហូបចុកគ្រប់គ្រាន់ ដោយការសង្រ្គោះប្រជាពលរដ្ឋនេះ គឺធ្វើឡើងដោយមិនគិតពីនិន្នាការនយោបាយឬគណបក្សណានោះឡើយ ពោល ឱ្យតែប្រជាពលរដ្ឋដែលទទួលរងគ្រោះគឺជួយទាំងអស់ រួមនឹងការផ្ដល់អំណោយជូនពួកគាត់ផងដែរ ។
គួរបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋដែលទទួលបានអំណោយមានចំនួន៣៨៥គ្រួសារ មកពី៤សង្កាត់ គឺសង្កាត់ប្រទះឡាង សង្កាត់ភ្លើងឆេះរទេះ សង្កាត់បឹងធំ និងសង្កាត់កំបូល ដោយក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន២៥គីឡូក្រាម មី១កេស ទឹកបរិសុទ្ធ១កេស ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាចំនួន៥ម៉ឺនរៀល ៕