ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរមូលដ្ឋានជាអ្នកចេញប័ណ្ណសម្គាល់ខ្លួនឱ្យម្នាក់ក្នុងមួយគ្រួសារ សម្រាប់ចេញពីផ្ទះទៅផ្សារទិញម្ហូបអាហារ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២០ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 27
អាជ្ញាធរមូលដ្ឋានជាអ្នកចេញប័ណ្ណសម្គាល់ខ្លួនឱ្យម្នាក់ក្នុងមួយគ្រួសារ សម្រាប់ចេញពីផ្ទះទៅផ្សារទិញម្ហូបអាហារ អាជ្ញាធរមូលដ្ឋានជាអ្នកចេញប័ណ្ណសម្គាល់ខ្លួនឱ្យម្នាក់ក្នុងមួយគ្រួសារ សម្រាប់ចេញពីផ្ទះទៅផ្សារទិញម្ហូបអាហារ

លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ បានបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋដែលត្រូវចេញពីលំនៅឋានទៅផ្សារ ដើម្បីទិញម្ហូប បន្លែ ត្រីសាច់ សម្រាប់គ្រួសារ អាជ្ញាធរមូលដ្ឋានជាអ្នកចេញបណ្ណសម្គាល់ខ្លួនឱ្យ ដោយមួយគ្រួសារចេញបានតែម្នាក់ប៉ុណ្ណោះ ។

ចំណែកឯផ្សាររដ្ឋនិងផ្សារឯកជនទាំងអស់ ត្រូវតែអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាលឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ឱ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩នេះ។

ការបញ្ជាក់បែបនេះរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញតាមរយៈប្រពន្ធវីដេអូជាមួយអាជ្ញាធរខណ្ឌទាំង១៤ កាលពីរាត្រីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោក ឃួង ស្រេង ក៏បានធ្វើការណែនាំដល់កងកម្លាំងជិះល្បាតក្នុងមូលដ្ឋាន ត្រូវតែអនុវត្តឱ្យមានប្រសិទ្ធភាព ធានាឱ្យបានក្នុងមូលដ្ឋានគ្មានការធ្វើចរាចរណ៍ ការជួបជុំផឹកសុី និងការប្រមូលផ្ដុំជួបជុំផ្សេងៗ ក្នុងមូលដ្ឋានរបស់ខ្លួនក្នុងយុទ្ធនាការនៃការបិទខ្ទប់រាជធានីភ្នំពេញនេះ។

លោកាបានបន្ថែមថា ចំពោះការអនុញ្ញាតជូនបងប្អូន ប្រជាពលរដ្ឋចេញពីលំនៅឋាន ដើម្បីទៅផ្សារទិញម្ហូប បន្លែ ត្រីសាច់ សម្រាប់ជីវភាពក្នុងគ្រួសារ អាជ្ញាធរមូលដ្ឋានជាអ្នកចេញបណ្ណសម្គាល់ខ្លួនឱ្យ ដោយមួយគ្រួសារចេញបានតែមួយនាក់ប៉ុណ្ណោះ ហើយផ្សាររដ្ឋនិងផ្សារឯកជនទាំងអស់ ត្រូវអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល និងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះគឺ “៣កុំ ៣ការពារ”។

ដោយឡែកចំពោះការងារចែកអំណោយ លោកឃួង ស្រេង បានជំរុញឱ្យខណ្ឌទាំងអស់អនុវត្តឱ្យមានតម្លាភាព លឿន រហ័ស ដើម្បីចែកជូនទៅប្រជាពលរដ្ឋដែលមានការខ្វះខាតឱ្យបានទាន់ពេលវេលា៕

អត្ថបទទាក់ទង