គម្រោងសាងសង់របងព្រំដែនចន្លោះបង្គោលលេខ៥២-៥៩ ត្រូវបានបំភ្លឺជាសាធារណៈ
ប្រភពព័ត៌មានច្បាស់ការមួយ បានផ្តល់សេចក្ដីបំភ្លឺជាសាធារណៈជុំវិញគម្រោងដែលត្រូវបានគេរាយការណ៍ថា ធ្វើឡើងដោយភាគីថៃ ដើម្បីសាងសង់របងព្រំដែននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ៥២-៥៩ ស្ថិតក្នុង ភូមិសាស្ត្រឃុំកំរៀង និងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបងដោយក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរកម្ពុជា-ថៃ បានបញ្ចប់ការងារវាស់វែង និងបោះបង្គោលបណ្តោះអាសន្ននៅលើដីជាក់ស្តែងតាំងពីចុងខែវិច្ឆិកា ឆ្នាំ២០២៥ មកម្ល៉េះ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ភាគីថៃបានធ្វើលិខិតជូនដំណឹងមកភាគីកម្ពុជា អំពីគម្រោងសាងសង់របងគ្រប់គ្រងការឆ្លងព្រំដែននិងផ្លូវព្រំដែននៅក្នុងទឹកដីថៃ ចន្លោះបង្គោលព្រំដែនលេខ៥២-៥៩។ ភាគីទាំងពីរបានឯកភាពធ្វើផ្លូវល្បាតព្រំដែននៅក្នុងទឹកដីរបស់ខ្លួនរៀងៗខ្លួន ចាប់ពីបង្គោលលេខ៥២ ហើយរហូតមកដល់បច្ចុប្បន្ននេះ ភាគីទាំងពីរបានឈូសឆាយធ្វើផ្លូវមកដល់បង្គោលលេខ៥៤។
ប្រភពដដែលបានឱ្យដឹងថា ភាគីទាំងពីរបានឯកភាពគ្នា ទាំងទីតាំងបង្គោល ទាំងខ្សែព្រំដែន តាំងពីខែមីនា ឆ្នាំ២០០៨ និងថែមទាំងបានចុះបោះបង្គោលបណ្តោះអាសន្នរួចរាល់ដែលបង្គោលនីមួយៗមានគម្លាតពីគ្នា៥០ម៉ែត្រដើម្បីបង្ហាញពីភាពច្បាស់លាស់នៃខ្សែព្រំដែនលើដីជាក់ស្តែងតាំងពីចុងខែវិច្ឆិកា ឆ្នាំ២០២៥។ ដូច្នេះ ផ្អែកតាមទិដ្ឋភាពច្បាប់ ក៏ដូចជា ទិដ្ឋភាពបច្ចេកទេស កាលបើភាគីថៃមានផែនការធ្វើរបងនៅតំបន់នេះ ហើយធ្វើនៅក្នុងទឹកដីថៃនោះ មិនមានអ្វីខុសឆ្គងទេ។
ទោះយ៉ាងណា ប្រសិនបើភាគីថៃធ្វើរបង ឬធ្វើសកម្មភាពផ្សេងទៀតនៅកំណាត់ខ្សែព្រំដែនណា ដែលភាគីទាំងពីរពុំទាន់បានឯកភាពគ្នា សកម្មភាពទាំងអស់នោះគឺជាការរំលោភលើច្បាប់អន្តរជាតិ រំលោភលើសន្ធិសញ្ញា អនុសញ្ញា ផែនទី MOU និងឯកសារពាក់ព័ន្ធផ្សេងទៀតដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។
ប៉ុន្តែ សកម្មភាពរបស់យោធាថៃ ដែលបានធ្វើនាពេលកន្លងមកក៏ដូចជា កំពុងបន្តធ្វើក្រោយមានកិច្ចព្រមព្រៀងសន្តិភាព និងបទឈប់បាញ់នៅលើទីតាំងមួយចំនួននៅក្នុងបូរណភាពទឹកដីនិងអធិបតេយ្យរបស់កម្ពុជា គឺជាសកម្មភាពរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទាំងឡាយដែលមានជាធរមាន៕




