ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ភាពក្រនាពេលបច្ចុប្បន្ន មិនលំបាកដូចនៅសម័យសង្គ្រាមមុនឆ្នាំ១៩៧៩ ឡើយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២០ ព័ត៌មានទូទៅ 43
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ភាពក្រនាពេលបច្ចុប្បន្ន មិនលំបាកដូចនៅសម័យសង្គ្រាមមុនឆ្នាំ១៩៧៩ ឡើយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ភាពក្រនាពេលបច្ចុប្បន្ន មិនលំបាកដូចនៅសម័យសង្គ្រាមមុនឆ្នាំ១៩៧៩ ឡើយ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា កម្ពុជាបច្ចុប្បន្នទោះបីថា ប្រជាជននៅមានខ្លះក្រីក្រពិតមែន តែក្រក្នុងសម័យនេះ មិនដល់ថ្នាក់ក្រដូចសម័យ ប៉ុល ពត ឡើយ។ លោកថា សម័យ ប៉ុល ពត ប្រជាជនក្រីក្រមែនទែន សូម្បីស្បែកជើងក៏គ្មានប្រើផង។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់ រាជធានីភ្នំពេញពី ទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរាឆ្ពោះទៅផ្លូវជាតិលេខ ១ ក្នុងភូមិ សាស្ត្រ សង្កាត់និរោធ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២០ នេះនាឱកាសនោផងដែរ លោក បានប្រកាសដាក់ឲ្យដំណើរការជាបណ្តោះអាសន្ននូវផ្លូវក្រោមដីចំណុចការដ្ឋានស្ពានអាកាសចោមចៅ។

លោកនាយករដ្ឋមន្ត្រីថ្លែងបន្តថា លោកមិនយល់ពីសំដីរបស់ក្រុមអគតិចោទប្រកាន់ទៅលើរាជរដ្ឋាភិបាលថា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឱ្យប្រជាពលរដ្ឋក្រទៅៗ។ លោកបានសង្កត់ធ្ងន់ថា បើទោះបីជាជីវភាពរបស់ប្រជាពលរដ្ឋជួបការលំបាកខ្លះ ក៏មិនដល់សម័យកាលប្រទេសមានសង្គ្រាមនោះឡើយ ហើយជាភាពក្រទាំងផ្លូវកាយ ទាំងផ្លូវចិត្ត រស់នៅក្នុងអាម្មរណ៍ភិតភ័យ ព្រួយបារម្ភពីការកាប់សម្លាប់ និងសេចក្តីទុក្ខវេទនាអត់ឃ្លាន គ្មានអ្វីហូប។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ក្រក្នុងសម័យសុខសន្តិភាព មិនភិតភ័យ រត់លូនក្នុងសមរភូមិនោះទេ ដោយប្រជាពលរដ្ឋបានដើរចេញឆ្ងាយពីឆ្នាំមុន១៩៧៩ ដែលមានចាន ខ្វះឆ្នាំង មានឆ្នាំងអត់គម្រប ឬមានឆ្នាំងខ្វះអង្ករ មានអង្ករ អត់ឆ្នាំងដាំស្ល។ លោកថា ត្រូវលួចលាក់នៅពេលមានរបស់ហូប ហើយភ័យខ្លាចគេឃើញ នេះជាសេចក្តីទុក្ខវេទនា ក្រលំបាកខ្លាំងណាស់។ ងាកមកមើលបច្ចុប្បន្ននេះវិញ មានហូបចុក មានស្លៀកពាក់ ចង់ហូបមានហូបតាមចិត្ត រស់នៅជួបជុំគ្រួសារ ហើយជីវភាពប្រជាពលរដ្ឋកាន់តែធូរធារ ក្នុងស្ថានភាពប្រទេសមានសុខសន្តិភាព មានការអភិវឌ្ឍគ្រប់វិស័យ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងឲ្យដឹងទៀតថា កាលពីអតីតកាល ភ្ញៀវជាតិ និងអន្តរជាតិមិនហ៊ានធ្វើដំណើរកំសាន្តនៅក្នុងប្រទេសកម្ពុជានោះទេ សូម្បីតែឆ្លងកាត់ក៏មិនហ៊ានដែរ តែមកដល់បច្ចុប្បន្ននេះវិញ ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ បានដើរកំសាន្តនៅតាមតំបន់ទេសចរណ៍ និងបានស្វែងរកឱកាសវិនិយោគនានាផងដែរ។ បន្ថែមពីលើនេះ ទាំងថ្នាក់ដឹកនាំបរទេសដែលអញ្ជើញមកទស្សនៈកិច្ចមកប្រទេសកម្ពុជា ក៏បានសម្តែងការកោតសរសើរពីការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជាផងដែរ៕

អត្ថបទទាក់ទង