ខ្មែរប៉ុស្ដិ៍ Close

សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទួរ ខួបលើកទី ៥៤ ថ្ងៃកំណើតរបស់អាស៊ាន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៨ ខែសីហា ឆ្នាំ២០២២ ឯកសារ 38
សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទួរ ខួបលើកទី ៥៤ ថ្ងៃកំណើតរបស់អាស៊ាន សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទួរ ខួបលើកទី ៥៤ ថ្ងៃកំណើតរបស់អាស៊ាន

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានប្តូរវេនឆ្នាំ២០២២នេះ បានគូសរំលេចថា អាស៊ានចាំបាច់ត្រូវតែឈរលើជំហរនៃការឯកភាពគ្នាសម្រាប់កិច្ចសហប្រតិបត្តិការ និងដើម្បីផលប្រយោជន៍ទៅវិញទៅមក។

សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចបែបនេះ ក្នុងសារលិខិតអបអរសាទរខួប៥៥ឆ្នាំ នៃថ្ងៃកំណើតរបស់អាស៊ាន (៨ សីហា ១៩៦៧-៨ សីហា ២០២២)។ ក្នុងសារលិខិតនេះសម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសរំលេចនូវសមិទ្ធផលជាច្រើន ដែលអាស៊ានសម្រេចបានក្នុងរយៈពេល៥៥ឆ្នាំមកនេះ។

សម្តេចតេជោ បានលើកឡើងថា ក្នុងរយៈពេល ៥៥ឆ្នាំមកនេះ អាស៊ាន បានផ្លាស់ប្តូរខ្លួនពីអង្គការដែលមានក្របខ័ណ្ឌធូររលុង ទៅជាអង្គការដែលមានរចនាសម្ព័ន្ធរឹងមាំ និងផ្អែកលើវិធានច្បាប់។ អាស៊ាន បានធ្វើដំណើរឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងខ្លាំង ទាំងក្នុងទិដ្ឋភាពនយោបាយសាកលលោក និងក្នុងកម្រិតតំបន់ និងបានលេចត្រដែតឡើងជាគ្រួសារមួយដ៏ខ្លាំងក្លា និងវាងវៃ។

សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងទៀតថា ថ្វិដ្បិតអាស៊ានមិនអាចធានាយ៉ាងដាច់ណាត់ថា ពុំមានទំនាស់ និងសង្គ្រាមនោះទេ ប៉ុន្តែយ៉ាងហោចណាស់អាស៊ានបានដើរតួនាទីជាអ្នកផ្តល់វេទិកាបើកចំហមួយ សម្រាប់កិច្ចសន្ទនា និងការពិគ្រោះយោបល់ប្រកបដោយភាពស្ថាបនា ដែលការណ៍នេះបានរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សមិទ្ធផលដ៏ធំសម្បើមរហូតមកដល់បច្ចុប្បន្នបានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្ត និងឆន្ទៈនយោបាយយ៉ាងខ្លាំងក្លារបស់ប្រមុខដឹកនាំអាស៊ាន ក្នុងការថែរក្សាសន្តិភាព និងស្ថិរភាព ក៏ដូចជាការនាំមកនូវវិបុលភាពសេដ្ឋកិច្ច ជូនសហគមន៍អាស៊ានមួយដែលប្រកបទៅដោយស្មារតីរួបរួមគ្នា និងសាមគ្គីភាព។

សម្តេចតេជោ ហ៊ុន សែន ក៏បានមើលឃើញផងដែរថា សម្រាប់អនាគតអាស៊ាន នឹងបន្តជួបប្រទះបញ្ហាប្រឈមផ្នែកសន្តិសុខធំៗជាច្រើន ហើយបញ្ហាដែលសំខាន់ជាងគេនោះ គឺស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា បញ្ហាសមុទ្រចិនខាងត្បូង បញ្ហាឧបទ្វីបកូរ៉េ និងសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន។ បញ្ហាទាំងអស់នេះ អាចធ្វើបង្កអស្ថិរភាពដល់សន្តិភាព និងសន្តិសុខក្នុងតំបន់ ប្រសិនបើអាស៊ានមិនបានគ្រប់គ្រងបញ្ហាទាំងនេះឱ្យបានល្អ។

ឆ្លើយតបបញ្ហានេះ សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតគូសបញ្ជាក់ផងដែរពីជំហររបស់កម្ពុជា។ សម្តេចតេជោ បានលើកឡើងថា កម្ពុជា គឺជាអ្នកចូលរួមចំណែកយ៉ាងបុរេសកម្មដល់សហគមន៍សន្តិសុខ-នយោបាយអាស៊ាន រួមជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន និងប្រកបដោយការទទួលខុសត្រូវរួមគ្នាក្នុងការរក្សា និងលើកកម្ពស់សន្តិភាព និងសន្តិសុខក្នុងតំបន់។

សម្តេចតេជោ បានបន្ថែមថា «យើងបានគាំទ្រដល់សន្ទុះនៃការរួមចំណែកយ៉ាងបុរេសកម្មរបស់អាស៊ានចំពោះសន្តិភាពក្នុងតំបន់ និងសកលលោក រួមទាំងតាមរយៈប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ»។

សម្តេចតេជោ បានរំលឹកថា ក្នុងរយៈពេល ១៥ឆ្នាំចុងក្រោយ កម្ពុជាបានបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពរបស់ខ្លួនប្រមាណជិត ៨,០០០នាក់ នៅតាមបណ្តាបេសកកម្មនានារបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសមួយចំនួនទូទាំងសកលលោក។ មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) ដែលមានទីស្នាក់ការនៅរាជធានីភ្នំពេញ ក៏បានបង្កើនភាពលេចធ្លោររបស់អាស៊ានក្នុងការដោះស្រាយនូវបញ្ហាមីន និងសំណល់ជាតិផ្ទុះនៃសង្គ្រាម នានាក្នុងទិដ្ឋភាពមនុស្សធម៌។ យើងជឿជាក់យ៉ាងរឹងមាំថា ការការពារសន្តិសុខមនុស្សជាតិ គឺជាផ្នែកដ៏សំខាន់មួយនៃការថែរក្សាសន្តិភាព និងសន្តិសុខសកលលោក។

សម្តេចតេជោ បានសង្កត់ធ្ងន់ថា កម្ពុជានៅតែបន្តផ្តោតសារៈសំខាន់យ៉ាងខ្លាំង ចំពោះការលើកកម្ពស់គោលការណ៍ជាសកល នៃកិច្ចសហប្រតិបត្តិការមិត្តភាព និងសន្តិសហវិជ្ជមាន ដែលបានចែងក្នុងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)។

ដើម្បីជម្នះលើវិបត្តិសាកលដែលកំពុងមានសភាពស្រួចស្រាវនាពេលបច្ចុប្បន្ន សម្តេចតេជោ បានសង្កត់ធ្ងន់ថា អាស៊ាន ត្រូវបន្តផ្តោតសំខាន់លើសកម្មភាពនានា ដែលចងភ្ជាប់ទាំងអស់គ្នា ដើម្បីវិបុលភាពកាន់តែប្រសើរឡើងសម្រាប់តំបន់យើង។

«យើងនឹងលើកកម្ពស់ស្មារតីអាស៊ាននៃ ការរួបរួមគ្នា ដើម្បីប្រមូលផ្តុំនូវកិច្ចខិតខំប្រឹងប្រែងនានា ទាំងផ្ទៃក្នុងអាស៊ាន ទាំងជាមួយប្រទេសជាដៃគូខាងក្រៅ ដើម្បីលើកកម្ពស់នូវសាមគ្គីភាព និងភាពធន់របស់អាស៊ាន ដើម្បីសម្រេចបានគោលដៅនៃការកសាងទស្សនៈវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ប្រកបដោយភាពធន់»។ នេះជាការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន។

សម្តេចតេជោ បានបង្ហាញការជឿជាក់ថា អាស៊ាន អាចធ្វើដំណើរទៅមុខប្រកបដោយភាពរឹងមាំ សាមគ្គីភាព និងមិត្តភាព ដើម្បីជម្នះរាល់បញ្ហាប្រឈមនានា ដែលកំពុងបង្កផលប៉ះពាល់ដល់ប្រយោជន៍រួមរបស់ប្រជាជន និងតំបន់របស់យើង ដោយអនុលោមទៅតាមស្មារតីអាស៊ាន៖ «ទស្សនៈវិស័យមួយ អត្តសញ្ញាណមួយ សហគមន៍មួយ»៕

Fresh News

អត្ថបទទាក់ទង