ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកកើតជំងឺកូវីដ-១៩ ម្នាក់ទៀត ជាបុរសជនជាតិឥណ្ឌា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០ ព័ត៌មានទូទៅ 61
ក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកកើតជំងឺកូវីដ-១៩ ម្នាក់ទៀត ជាបុរសជនជាតិឥណ្ឌា ក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកកើតជំងឺកូវីដ-១៩ ម្នាក់ទៀត ជាបុរសជនជាតិឥណ្ឌា

ក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងនៅព្រឹកថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០នេះថា ខ្លួនបានរកឃើញអ្នកកើតជំងឺកូវីដ-១៩ ម្នាក់ទៀត ជាបុរសជនជាតិឥណ្ឌា អាយុ ៣២ឆ្នាំ។ បុរសរូបនេះ បានហោះមកពីប្រទេសឥណ្ឌា ឆ្លងកាត់តាមប្រទេសម៉ាឡេស៊ី និងបន្តជើងហោះហើរនៅ ប្រទេសកូរ៉េខាងត្បូង មកដល់រាជធានីភ្នំពេញយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០។

ក្រសួងសុខាភិបាល បានឱ្យដឹងដែរថា បុរសរូបនេះ មានលទ្ធផលតេស្តវិជ្ជមានវីរុសកូវីដ-១៩ នៅថ្ងៃទី២៧ ខែ កក្កដា ឆ្នាំ២០២០ ហើយបច្ចុប្បន្នត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។ ក្រសួងក៏បានឱ្យដឹងទៀតថា នៅក្នុងជើងហោះហើររបស់បុរសជនជាតិឥណ្ឌារូបនេះ មានអ្នក ដំណើរសរុប ៩០នាក់ មានជនជាតិខ្មែរ ២២នាក់ (ស្រី ៣៩នាក់ កុមារី ០៦នាក់ កុមារា ០៣នាក់ និងប្រុស ៤២នាក់)។ អ្នកដំណើរទាំងនេះធ្វើដំណើរមកពីប្រទេសកូរ៉េខាងត្បូង, បង់ក្លាដែស, កាណាដា, បារាំង, អាល្លឺម៉ង់, ប៉ូឡូញ, ក្រិច, ឥណ្ឌា, អ៉ីតាលី, ម៉ាឡេស៊ី, ហូឡង់, អារ៉ាប់អេម៉េរ៉េត និងសហរដ្ឋអាមេរិក។

ក្រសួង បានបញ្ជាក់ថា អ្នកដំណើរចំនួន ៨៩នាក់ ដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កអនុវិទ្យាល័យពោធិ៍ចិនតុង ចំនួន ០៧នាក់ និងនៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ចំនួន៨២នាក់ ដើម្បីតាមដានសុខភាពបន្តទៀត។

យោងតាមក្រសួងសុខាភិបាល បានឱ្យដឹងថា មកដល់ត្រឹមព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកកើតជំងឺកូវីដ-១៩ សរុប ២២៦នាក់។ ក្នុងនោះព្យាបាលជាសះស្បើយ ១៤៧នាក់ មានស្រី ៣៩នាក់ និងបុរស ១០៨នាក់។ ដោយឡែកអ្នកកំពុងព្យាបាលមានចំនួន ៧៩នាក់នាក់ ក្នុងនោះសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ០៦នាក់, នៅមណ្ឌល សុខភាពចាក់អង្រែ រាជធានីភ្នំពេញមានចំនួន ៥៦នាក់, នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺមានចំនួន ១៥នាក់ និងនៅក្នុងស្ថានទូតអាម៉េរិក ២នាក់៕

អត្ថបទទាក់ទង