ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាលរកឃើញមេរោគកូវីដ-១៩ បំប្លែងថ្មី Delta ៣៩ករណីទៀត ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែកក្កដា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៧ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 3
ក្រសួងសុខាភិបាលរកឃើញមេរោគកូវីដ-១៩ បំប្លែងថ្មី Delta ៣៩ករណីទៀត ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែកក្កដា ក្រសួងសុខាភិបាលរកឃើញមេរោគកូវីដ-១៩ បំប្លែងថ្មី Delta ៣៩ករណីទៀត ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែកក្កដា

ក្រសួងសុខាភិបាល បានប្រកាសរកឃើញមេរោគកូវីដ-១៩ បំប្លែងថ្មី B.1.617.2 ឬហៅថា ដែលតា (Delta) ចំនួន ៣៩ករណីបន្ថែមទៀត ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១។

យោងតាមសេចក្តីជូនព័ត៌មាននៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ករណីមេរោគកូវីដ-១៩ បំប្លែងថ្មី ដែលរកឃើញនេះ មាន ២១ករណី ជាអ្នកដំណើរមកពីប្រទេសថៃ, ៤នាក់ ជាបុគ្គលិកសុខាភិបាល, ប្រជាពលរដ្ឋក្នុងសហគមន៍ដែលប៉ះពាល់ផ្ទាល់ចំនួន ៦នាក់ និងប្រជាពលរដ្ឋក្នុងសហគមន៍មិនប៉ះពាល់ផ្ទាល់ចំនួន ៨នាក់។

ក្រសួងបានឱ្យដឹងដែរថា គិតចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២៥ ខែកក្កដា កម្ពុជា រកឃើញអ្នកមានវិជ្ជមានមេរោគកូវីដ-១៩ បំប្លែងថ្មី Delta ចំនួន ១១៤នាក់ហើយ ក្នុងនោះមានស្ត្រី ៥៩នាក់។

មេរោគកូវីដ-១៩ Delta ជាមេរោគមួយដែលកំពុងឆ្លងរីករាលដាលយ៉ាងខ្លាំងនៅលើពិភពលោក ហើយក៏កំពុងបង្កការព្រួយបារម្ភខ្លាំងផងដែរ ដោយសារមេរោគនេះឆ្លងលឿន ហើយបង្កបញ្ហាដល់សុខភាពធ្ងន់ធ្ងរផងដែរ។

ជាមួយការរកឃើញចំនួនអ្នកវិជ្ជមានមេរោគបំប្លែងថ្មីកាន់តែច្រើននេះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានក្រើនរំលឹកហើយរំលឹកទៀត និងអំពាវនាវដោយទទូចដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ឱ្យបន្តប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួនកុំភ្លេចខ្លួនឱ្យសោះ ដោយត្រូវចេះផ្លាស់ប្ដូរទម្លាប់រស់នៅរបស់ខ្លួនឱ្យស្របតាមពាក្យស្លោកដែលថា «រៀនរស់នៅធម្មតាជាមួយវីរុសកូវីដ-១៩ តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩» សំដៅបង្ការ គ្រប់គ្រង និងកាត់ ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ-១៩ ជាពិសេសពពួកប្រភេទបំប្លែងថ្មីនេះ ឬក៏ប្រភេទថ្មីផ្សេងទៀតដែលអាចកើតមានក្នុង ព្រះរាជាណាចក្រកម្ពុជាយើង ជាយថាហេតុណាមួយ ។

លោករដ្ឋមន្ត្រី អំពាវនាវបន្តការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» ដូចសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពីការពង្រឹងការអនុវត្តវិធានការការពារការចម្លងវីរុសកូវីដ-១៩ រួមទាំងពពួកបំប្លែងថ្មី។ ជាពិសេសេបុគ្គលត្រូវចូលរួមជាចាំបាច់ឱ្យបានត្រឹមត្រូវ ខ្ជាប់ខ្លួន និងម៉ត់ចត់ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។ រីឯបុគ្គលដែលតម្រូវឱ្យធ្វើចត្តាឡីស័ក ត្រូវតែគោរពតាមគោលការណ៍ការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ និងគោរពទៅតាមការ ណែនាំរបស់ គណៈកម្មការគ្រប់គ្រងនៅទីតាំងនោះ ដើម្បីទប់ស្កាត់ការចម្លងបន្តគ្នានៅក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំ។

បន្ថែមពីលើនេះ កុំទៅកាន់ទីតាំង ៣ «ជួ» រួមមាន៖ កន្លែងមនុស្សជួបជុំអ៊ូរអរច្រើន កន្លែងមនុស្សនៅជិតៗគ្នា កន្លែងដែលបិទជិត ដែលជាទីតាំងមានហានិភ័យឆ្លងខ្ពស់បំផុត ដូចជាជួបជុំគ្នា ដើម្បីទទួលទានបាយរួម ឬបង្កឱ្យមានជួបជុំ ពិធីភ្ជាប់ពាក្យ ឬពិធីបុណ្យទានអ្វីមួយ និងកាត់បន្ថយការធ្វើដំណើរចល័ត ឬនៅផ្ទះប្រសិនមិនមានភារកិច្ចចាំបាច់ត្រូវចេញក្រៅ។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង នៅពេលដែលដល់វេន សូមចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ឱ្យបានគ្រប់ៗគ្នា។

ក្នុងសេចក្តីជូនដំណឹងនេះ ក្រសួងសុខាភិបាលបានបង្ហាញការសង្កេតរបស់ខ្លួនថា ការចម្លងនាបច្ចុប្បន្ននេះ មានសន្ទុះកើនឡើងលើយុវវ័យ ដែលក្រុមនេះបានដើរចេញក្រៅផ្ទះច្រើន ឬមានការជួបជុំមិត្តភ័ក្ដិ្រ។ ហេតុនេះយុវវ័យគ្រប់រូប ត្រូវចូលរួមអនុវត្ត នូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានម៉ត់ចត់ និងត្រឹមត្រូវលើ «៣ការពារ ៣កុំ» និងកុំទៅកាន់ ទីតាំង ៣ «ជ» ដើម្បីការពារបុគ្គលខ្លួនឯង កុំនាំវីរុសកូវីដ-១៩ មកចូលផ្ទះ និងដើម្បីការពារសមាជិកគ្រួសាររបស់ខ្លួន ជាពិសេស ឪពុកម្តាយ ជីដូន ជីតា ឬអ្នកមានជំងឺប្រចាំកាយនៅក្នុងគ្រួសារ ដែលជាបុគ្គលងាយរងគ្រោះ និងប្រឈមខ្ពស់ចំពោះភាពធ្ងន់ធ្ងរនៃជំងឺ ឬឈានទៅដល់ ការស្លាប់បើមានការឆ្លងនូវ វីរុសកូវីដ-១៩នេះ៕

អត្ថបទទាក់ទង