ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈមិត្តអ្នកអាន៖ បណ្ឌិតបែកស្លុយ និងលោកសង្ឃទ្រូស្តសីល ជាគ្រូទាយត្បាញអាយ!

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 83
ទស្សនៈមិត្តអ្នកអាន៖ បណ្ឌិតបែកស្លុយ និងលោកសង្ឃទ្រូស្តសីល ជាគ្រូទាយត្បាញអាយ! ទស្សនៈមិត្តអ្នកអាន៖ បណ្ឌិតបែកស្លុយ និងលោកសង្ឃទ្រូស្តសីល ជាគ្រូទាយត្បាញអាយ!

នៅក្នុងវេទិកាអ្នកស្តាប់របស់វិទ្យុអាស៊ីសេរីដែលបានផ្សាយកាលពីយប់ថ្ងៃទី១៦ ខែមិថុនា កន្លងទៅដែលជាវិទ្យុមានចរិតប្រតិកិរិយានោះបានផ្សាយរបៀបខ្វះក្រមសីលធម៌វិជ្ជាជីវៈ ដោយវាយតម្លៃបែបជម្លើយ និងអត្តនោម័ត្តថាប្រមុខដឹកនាំកម្ពុជានឹងអស់អំណាចដោយរបៀបណា។ ការលើកប្រធានបទបែបព្រហើនរបស់ ជុន ច័ន្ទបុត្រ ជាមួយបណ្ឌិតបែកស្លុយគ្មានសីលធម៌ និងសង្ឃទ្រូស្តសីលជ្រកក្រោមព្រះពុទ្ធសាសនាបែបនេះ ដោយសារតែក្រុមនេះមានគំនុំផ្ទាល់ខ្លួនកាលពួកគេស្ថិតនៅក្នុងប្រទេសកម្ពុជាបានប្រព្រឹត្តិបទល្មើស ហើយត្រូវបានសមត្ថកិច្ចកម្ពុជាតាមចាប់មកអនុវត្តទោស ហើយក្រុមជនល្មើសទាំងនេះបានរត់គេចខ្លួនទៅក្រៅប្រទេសទើបពេលនេះពួកគេយកវិទ្យុប្រតិកិរិយា ដែលជាវិទ្យុបម្រើឱ្យនយោបាយក្រុមប្រឆាំង និងពួកបរទេស មកវាយប្រហារលោកនាយករដ្ឋមន្ត្រីវិញ ដើម្បីរំសាយកំហឹងរបស់ពួកគេ។

ក្រុមនេះត្រូវយល់ដឹងថារបបនយោបាយនៅកម្ពុជា គឺប្រកាន់យកនូវរបបប្រជាធិបតេយ្យសេរីពហុបក្ស។ ការឡើងធ្វើជាមេដឹកនាំប្រទេស ឬការបាត់បង់អំណាចទៅវិញគឺតាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ តាមការជ្រើសរើសពីឆន្ទៈនៃការគូសសន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋ។ ដូច្នេះ ប្រជាពលរដ្ឋបានផ្តល់ការទុកចិត្តក្នុងការដឹកនាំប្រទេសដល់គណបក្សប្រជាជនកម្ពុជា ហើយតាមរយៈគោលការណ៍ប្រជាធិបតេយ្យផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា គណបក្សបានសម្រេចជ្រើសរើសបេក្ខជនមួយរូបរបស់គណបក្សដើម្បីធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីនៅរាល់អាណត្តិនៃការបោះឆ្នោតម្តងៗ ក្នុងនោះលោក ហ៊ុន សែន គឺជាបេក្ខភាពដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីឈរឈ្មោះជានាយករដ្ឋមន្ត្រីដឹកនាំប្រទេស ហើយប្រជាពលរដ្ឋដែលជាម្ចាស់សន្លឹកឆ្នោតសុទ្ធតែបានដឹងយ៉ាងច្បាស់ថា បើគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតនោះ លោក ហ៊ុន សែន នឹងក្លាយជាមេដឹកនាំប្រទេស។ ជាលទ្ធផលនៃការសំដែងឆន្ទៈជ្រើសរើសមេដឹកនាំនៅអាណត្តិនីមួយៗ ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលុបនៅតែបន្តបោះឆ្នោតគាំទ្រលោក ហ៊ុន សែន ឱ្យធ្វើជាមេដឹកនាំប្រទេសសម្រាប់ពួកគាត់ដដែល។ ដូច្នេះ គ្មានហេតុផលណាដែលបញ្ជាក់ថាការឡើងកាន់អំណាចរបស់លោក ហ៊ុន សែន គឺជាការឡើងកាន់អំណាចតាមបែបជនផ្តាច់ការនោះឡើយ ហើយការចោទប្រកាន់របស់ក្រុមអ្នកវិភាគ និងសង្ឃទ្រួស្តសីលម្នាក់ដែលចងគំនុំ និងមានខួរក្បាលប្រឆាំងផ្កាប់មុខគ្រប់រឿងនោះគឺជាក្រុមមនុស្សដែលមានសតិមិនគ្រប់ទឹក វិភាគដោយមិនផ្អែកលើលក្ខខណ្ឌ និងគោលការណ៍ច្បាប់ដែលមានចែង។

តាមការសង្កេតជាទូទៅ ការវិភាគរបស់បណ្ឌិតបែកស្លុយរត់ចោលស្រុក និងសង្ឃត្រេចចរគ្មានទីអារាមសំណាក់ធម៌ម្នាក់ពីរនាក់នោះគឺមិនដែលត្រឹមត្រូវម្តងណាឡើយ ហើយទស្សនៈរបស់ពួកនេះគឺមានតែខ្លឹមសារនៃការញុះញង់ ដុតកំហឹង និងចងគំនុំតែប៉ុណ្ណោះ។ ជាក់ស្តែង ដូចពេលកន្លងមកលោកសង្ឃទ្រូស្តសីលម្នាក់នេះ ធ្លាប់បានវិភាគថាប្រជាពលរដ្ឋនឹងមិនចេញទៅបោះឆ្នោតឡើយកាលពីការបោះឆ្នោតក្នុងឆ្នាំ២០១៨ ហើយជនកំហូចយកស្បង់ជីវរជ្រករូបនេះក៏ធ្លាប់ញុះញង់ឱ្យប្រជាពលរដ្ឋនៅដេកផ្ទះក៏ពួកគេឈ្នះឯងដែរ ប៉ុន្តែទីបំផុតសារញុះញង់របស់សង្ឃទ្រូស្តសីលនេះមិនទទួលបានលទ្ធផលអ្វីឡើយ។ ផ្ទុយទៅវិញចំនួនភាគរយប្រជាពលរដ្ឋដែលបានចេញទៅបោះឆ្នោតក្នុងឆ្នាំ២០១៨មានរហូតដល់ទៅ ៨៣,០២% ។ ដូច្នេះ មកទល់នឹងពេលនេះគ្មានប្រជាពលរដ្ឋខ្មែរណាធ្វើតាមការញុះញង់ ឬធ្វើតាមការដុតកំហឹងរបស់អ្នកវិភាគដូរបាយទាំងនេះឡើយ។

បើតាមការលើកឡើងរបស់ប្រជាពលរដ្ឋចំពោះការវាយតម្លៃលើអត្តចរិតរបស់សង្ឃទ្រូស្តសីលម្នាក់នេះ បើតាំងខ្លួនជាអ្នកធ្វើនយោបាយទៅហើយសូមកុំយកស្បង់ជីវរមកធ្វើជាអាវក្រោះដើម្បីការពារអំពើបាបរបស់ខ្លួនអី។ អំពើបាបរបស់សង្ឃកំហូចនេះគឺភាពបាបទាំងកាយ ទាំងវាចា និងចិត្ត ដែលបានស្តែងចេញមកនូវការជេរប្រមាថ គ្មានធម៌ និងសីលទានក្នុងខ្លួនអ្វីបន្តិចសោះឡើយ។ សង្ឃទ្រូស្តសីលម្នាក់នេះគួរសឹកទៅជាពលរដ្ឋសាមញ្ញសិនដើម្បីឱ្យជ្រះស្រឡះអំពីផ្លូវធម៌ ហើយចាប់អាជីពធ្វើជាអ្នកនយោបាយតទល់ជាមួយអ្នកនយោបាយដូចគ្នានោះទើបជាការប្រសើរជាង។

សរុបមកវិញ ការកំពុងធ្វើគ្រូទាយរបស់បណ្ឌិតបែកស្លុយម្នាក់ និងលោកសង្ឃទ្រូស្តសីលម្នាក់តាមរយៈវិទ្យុប្រតិកិរិយាដែលជាក្រុមប្រឆាំងតែមួយទាក់ទងទៅនឹងការបន្តកាន់អំណាច ឬមិនបន្តនោះគឺជាការទស្សន៍ទាយដោយល្ងង់ខ្លៅបំផុត។ តាមការពិតការបន្តដឹកនាំប្រទេស ឬមិនបន្តរបស់គណបក្សប្រជាជនកម្ពុជា និងលោក ហ៊ុន សែន គឺវាអាស្រ័យទៅលើការសម្រេចចិត្ត និងការគាំទ្ររបស់ប្រជាជនកម្ពុជា ដូច្នេះប្រសិនបើប្រជាជនកម្ពុជានៅតែមើលឃើញអំពីវីរៈភាពរបស់គណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំនៃគណបក្សនេះដែលធ្លាប់បានជួយរំដោះជីវិតប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងស្នាដៃកសាងអភិវឌ្ឍប្រទេសឱ្យរីកចម្រើនដូចសព្វថ្ងៃ នោះប្រជាពលរដ្ឋកម្ពុជានៅតែមានឆន្ទៈបន្តគាំទ្រឱ្យគណបក្សប្រជាជនបានដឹកនាំប្រទេសជាបន្តដដែល ហើយការធ្វើជាគ្រូទាយរឿងនៅកម្ពុជារបស់បណ្ឌិតបែកស្លុយ និងលោកសង្ឃទ្រូស្តសីលគឺពិតជាការទាយខុសស្រឡះពីឆន្ទៈរបស់ប្រជាជនកម្ពុជាទាំងស្រុង ដែលគេតែងនិយមឱ្យឈ្មោះថា « គ្រូទាយត្បាញអាយ! »

ផ្ទុយទៅវិញ គណបក្សប្រជាជនកម្ពុជា និងលោក ហ៊ុន សែន នឹងនៅតែបន្តកាន់អំណាចដឹកនាំប្រទេសតទៅមុខទៀតជាដរាប ដោយសារប្រជាជនកម្ពុជានៅតែបន្តគាំទ្រគណបក្សដែលមានបទពិសោធន៍ដឹកនាំប្រទេសចាស់វស្សាមួយនេះដែលបានស្វែងរកសន្តិភាព និងការអភិវឌ្ឍពេញលេញដល់ប្រទេសជាតិ។ ជាពិសេសគឺសមត្ថភាពដឹកនាំរបស់លោក ហ៊ុន សែន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើនគួរជាទីមោទនភាពសម្រាប់ប្រជាជនកម្ពុជា ទូទាំងប្រទេសទាំងពេលបច្ចុប្បន្ន និងទៅអនាគត៕

ដោយ៖ យី វិត (ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប)

អត្ថបទទាក់ទង