ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖«អនិច្ចាចេតិយ លោក កែម ឡី »

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 85
លិខិតមិត្តអ្នកអាន៖«អនិច្ចាចេតិយ លោក កែម ឡី » លិខិតមិត្តអ្នកអាន៖«អនិច្ចាចេតិយ លោក កែម ឡី »

រយៈពេល ៣ឆ្នាំបានកន្លងផុតទៅ ចេតិយលោក កែម ឡី នៅតែមិនអាចចេញជារូបរាងពិតប្រាកដ នៅឡើយដោយសារតែកង្វះថវិកា។ ប្រសិនបើគេក្រឡេក មើលសកម្មភាពរបស់ក្រុមអ្នក ដែលអួតអាងថា ជាអ្នកកែមឡីនិយមឯណោះវិញ ខ្ញុំកត់សំគាល់ឃើញពួកគេបានធ្វើសកម្មភាពសម្បើមណាស់ ហើយបើតាមសកម្មភាពនេះ ខ្ញុំយល់ថា កុំថាឡើយត្រឹមចេតិយ មួយ ទោះបីត្រូវសាងសង់ផ្ទះវីឡា ស្កឹមស្កៃជូនម្តាយលោកកែមឡីក៏មិនអស់ប្រាក់នោះដែរ។
ដូច្នេះ ដើម្បីយល់អំពីជំរៅនិងធាតុពិតនៃបញ្ហានេះ ខ្ញុំសូមទាញអារម្មណ៍យើងទាំងអស់គ្នាទៅក្រឡេកមើលសកម្មភាពរបស់ក្រុមដែលតាំងខ្លួនថាជាអ្នកកែមឡីនិយម។ មរណៈភាពរបស់លោក កែម ឡី បានក្លាយជាជំនួញអាជីវកម្មយ៉ាងពេញនិយមទាំងសម្រាប់គោលដៅនយោបាយ ទាំងសម្រាប់ការទាញយកប្រជាប្រិយភាពបុគ្គល និងទាំងការស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន។ ហេតុអ្វីបានជាខ្ញុំហ៊ានអះអាងយ៉ាងដូច្នេះ ?

ទី១៖ នៅលើទិដ្ឋភាព
នយោបាយ ៖ ក្រុមប្រឆាំងដឹកនាំដោយលោកសម រង្ស៊ី ទោះបីជា មិនដែលចូលចិត្តលោក កែម ឡី ទាល់តែសោះដោយសារតែការរិះគន់យ៉ាងចាស់ដៃរបស់លោក កែម ឡី ទៅលើអតីតបក្សសង្គ្រោះជាតិ ជាពិសេសទៅលើ បុគ្គលលោក សម រង្ស៊ី ផ្ទាល់តែ ម្តង ប៉ុន្តែក្រោយមរណៈភាព លោក កែមឡី ក្រុមនេះបានឆ្លៀតឱកាសធ្វើអាជីវកម្មលើ សាកសពលោកកែមឡីដើម្បីកេងចំណេញនយោបាយយ៉ាងពេញទំហឹង និងដោយឥតអៀនខ្មាស់។ ក្រុមនេះដែលពីមុនមកធ្លាប់តិះដៀលលោក កែម ឡី ថា លក់ក្បាល ជាអាយ៉ង ឬជាយួន… ជាដើមនោះ ស្រាប់តែតាំងខ្លួនថាជាអ្នកគោរពស្រឡាញ់លោកកែម ឡី ជាអ្នកស្រឡាញ់ទ្រឹស្តីលោក កែម ឡី និងជាអ្នកកែមឡីនិយមយ៉ាងជ្រាលជ្រៅដូចមែនទែន។ ពួកគេក៏បានយកបញ្ហាលោក កែម ឡី មកធ្វើជាប្រធានបទ ដើម្បីបង្កភាពប្រទូសរាយជាមួយអាជ្ញាធរដើម្បីកេងចំណេញនយោបាយយ៉ាងពេញទំហឹង។

ទី២៖ ការទាញយកប្រជាប្រិយភាពបុគ្គល៖ មានមនុស្សមិនតិចទេដែលពីមុនគេមិនដែលស្គាល់ឈ្មោះសោះ ស្រាប់តែនឹកឃើញចង់ល្បីក៏ខំទៅកេងចំណេញ
ប្រជាប្រិយភាពពីសពលោកកែម ឡី យ៉ាងព្រោងព្រាតដោយអ្នក ខ្លះតាំងខ្លួនជាអ្នកវិភាគវ័យក្មេងបន្តវេនពីលោក កែម ឡី អ្នកខ្លះតាំងខ្លួនជាអ្នកកែមឡីនិយមបានខិតខំប្រមែប្រមូលពាក្យពេចន៍ ដែលលោកកែមឡីធ្លាប់និយាយ មកចងក្រងជាសៀវភៅដើម្បីលក់។ អ្នកខ្លះទៅបោះពុម្ពអាវយឺត ឬបោះពុម្ពខិតប័ណ្ណផ្សេងៗដោយប្រើឈ្មោះកែមឡី។ នៅមានមនុស្សមួយចំនួនទៀតដែលយករូបថតលោកកែមឡីទៅធ្វើជាប្រូហ្វែល ហ្វេសប៊ុក (Facebook Profile) របស់ខ្លួន។
ជាក់ស្តែងយុវជន គង់ រ៉ៃយ៉ា សួងនាគព័ន្ធ.. ជាដើមនេះ ហេតុ តែចង់ល្បីឈ្មោះក៏តាំងខ្លួនជាអ្នកកែមឡីនិយមហើយបង្កបញ្ហាប្រទូសរាយជាមួយអាជ្ញាធរឥតឈប់ឈរ។ ពួកគេបានកេងចំណេញប្រជាប្រិយភាពផ្ទាល់ ខ្លួនពីសព លោក កែម ឡី ក្នុងនោះរាប់ទាំងឈ្មោះកឹម សុខ ម្នាក់ផងដែលជ្រកក្រោមផ្លាកជាមន្ត្រីបក្សហ៊្វុស៊ីនបិចបានទៅរៀនមួយរយះនៅប្រទេសចិនកុម្មុយនីស្តស្រាប់តែមកលឺវិទ្យុប្រឆាំងដាក់ ងារថាអ្នកវិភាគសង្គមបន្តពីលោក កែម ឡី នឹងគេដែរ។ ដោយមានគំរូនាំមុខពីលោកកឹម សុខនិងមន្ត្រីបក្សប្រឆាំងខ្លះទៀតផង នោះបែបនេះហើយបានជាមានមនុស្សមួយចំនួនទៀត រាប់ទាំងគង់ រ៉ៃយ៉ា និងសួង នាគព័ន្ធ ផង បាននិងកំពុងផ្គើនជាមួយអាជ្ញាធរ យ៉ាងចាស់ដៃដើម្បីសន្សំពិន្ទុឈានទៅសុំសិទ្ធិជ្រកកោននៅ ឯក្រៅប្រទេស។

ទី៣៖ អ្នកស្វែងរកផលចំណេញផ្ទាល់ខ្លួនពីសពលោក កែម ឡី៖ មនុស្សក្នុងជំពូកនេះរឹតតែសម្បូរថែមទៀត។ ពួកគេដើរឃោសនា ពីលោកកែមឡីដើម្បីទាក់ទាញក្តីអាណិតអាសូរហើយឆ្លៀតរៃ អង្គាសប្រាក់ដាក់ហោប៉ៅ។ គេនៅចាំបានថា ក្រោយមរណៈភាពលោកកែមឡី ក្រុមអ្នកជួញចំណេញលើសាកសព បានដុតបញ្ឆេះកំហឹងឲ្យពលរដ្ឋខឹងអាជ្ញាធរ ហើយនាំគ្នាមកចូល រួមបុណ្យសពយ៉ាងច្រើនកុះករ ដោយម្នាក់ៗបាននាំគ្នាចូលបច្ច័យគ្រប់ៗគ្នា។
ខ្ញុំនៅចាំច្បាស់ណាស់ថាគ្រាន់ តែសពលោកកែមឡី តម្កល់នៅ ក្នុងវត្តចាស់ជាច្រើនថ្ងៃ ពួកគេ ប្រមូលបច្ច៧យបានយ៉ាងសន្ធឹកសន្ធាប់។ ហើយដោយឃើញថានេះជាមុខរបរកាក់កបយ៉ាងខ្លាំង ក៏មានអ្នកចេញមុខធ្វើគណៈកម្មការបុណ្យសពក្នុងនោះមានទាំងសង្ឃឈ្មោះ
ប៊ុត ប៊ុនតិញ លោក ប៉ា ងួនទៀង លោក មឿង តុលាការជាដើម។ ល។
ហើយដល់ពេលចុងបញ្ចប់គ្រួសាសពមិនបានទទួលលុយ សូម្បីមួយរៀល។ ចប់ពិធីបុណ្យ ក្រុមគ្រួសារសពលោកកែមឡី រកលុយសងថ្លៃរោងបុណ្យ និងថ្លៃបបរក៏មិនបានផង។ រយៈពេលបីឆ្នាំមកនេះ ពិធីបុណ្យនិងការរៃអង្គាសប្រាក់ត្រូវបានធ្វើឡើងតាមគ្រប់រូបភាពទាំងនៅក្នុងនិងក្រៅប្រទេស។ អ្នកខ្លះលក់សៀវភៅ អ្នកខ្លះលក់អាវយឺត អ្នកខ្លះធ្វើបុណ្យផ្កា បុណ្យខួប បុណ្យមួយរយមុខ មួយរយដង ។ ប៉ុន្តែនៅទីបំផុត ចេតិយលោកកែមឡីនៅ មេម៉ាយ រីឯម្តាយលោកកែមឡី វីញ ក៍គ្មានបានទទួលអ្វីទាំងអស់ពី អាជីវកម្មដែលពួកគេបានធ្វើទៅ លើសពកូនរបស់គាត់។

ដោយទឹកចិត្តអាណិតអាសូរ ពេលនោះ លោកនាយករដ្ធមន្ត្រីហ៊ុន សែន ក៏បានចូលបុណ្យនូវថវិកាចំនួន ៩ម៉ឺនដុល្លារសម្រាប់សងថ្លៃរោងបុណ្យ ថ្លៃបបរ និងសល់ប៉ុន្មានទុកសាងសង់ចេតិយ។តើរយៈពេលបីឆ្នាំមកនេះ ក្រុមអ្នកធ្វើអាជីវកម្មលើសពលោកកែមឡីបានជួយអ្វីខ្លះដល់ម្តាយលោកកែមឡី និងបានផ្តល់ថវិកា ប៉ុន្មានដើម្បីសាងសង់ចេតិយ លោកកែមឡី? ពិតជាគ្មានទាល់តែសោះ។ ខ្ញុំកត់សំគាល់ថា ពួកគេមិនបានខ្វល់ខ្វាយពីបញ្ហានេះឡើយ។ ផ្ទុយទៅវិញ ខ្ញុំឃើញម្នាក់ៗគិតតែពីកេងចំណេញតាមជំនាញរៀងៗខ្លួន។ អ្នកនយោបាយកេងចំណេញ នយោបាយ អ្នកចង់ល្បីកេងចំណេញប្រជាប្រិយភាព រីឯអ្នក ចង់បានលុយគិតតែពីប្រមូលប្រាក់។

ខួប៣ឆ្នាំនៃការស្លាប់របស់លោកកែមឡីដែលទើបតែមកដល់កាលពីថ្ងៃទី ១០ កក្កដា បានធ្វើអោយខ្ញុំកត់សំគាល់ឃើញថា គឺ មានតែក្រុមមនុស្សដដែល មុខដដែលហើយបានប្រើប្រាស់វិធីកេងចំណេញពីសពលោក កែម ឡីដដែល។ ពួកគេធ្វើដូចជាហំហានណាស់ ស្រឡាញ់លោកកែមឡីណាស់ អាណិតអាសូរគ្រួសារលោកកែមឡីណាស់ ។ ប៉ុន្តែ សំនួរដែលត្រូវវោទសួរនោះថា តើពួកគេដែលបើកភ្នែកមើលចេតិយលោកកែមឡីឬទេ? ខ្ញុំឃើញពួកគេក៍មិនដែលបានគិតគូរដល់ម្តាយចាស់ជរារបស់លោកកែមឡីនោះដែរ? ពិតជាគ្មានទេប៉ុន្តែអ្វីដែលច្បាស់ក្រឡែតនោះគឺការគិតរកវិធីប្រមូលស្រោមសំបុត្រដាក់ហោប៉ៅ ការគិតតែពីតាំងខ្លួនជាវីរៈជនកែមឡីនិយមតាមរយៈ សកម្មភាពបំផុសកំហឹង ញុះញង់បង្កបញ្ហាឥតឈប់ឈរ។

ហើយអ្នកនយោបាយដែលរត់ទៅនៅជ្រកកោននៅក្រៅប្រទេសឯណោះវីញក៏ខិតខំទូងស្គរធ្វើដូច យកចិត្តទុកដាក់ណាស់លើ លោកសពកែមឡី។
ប៉ុន្តែ ខ្ញុំកត់សំគាល់ឃើញក្រុម នេះមិនដែលបានផ្ញើលុយមួយរៀលមកឲ្យម្តាយលោកកែមឡី ឬមកជួយសាងសង់បង្ហើយចេតិយលោកកែមឡីឡើយ។ នេះពីតជាមនុស្សធ្វើអាជីវកម្មលើខ្មោចដោយឥតអៀនខ្មាស និងឥតខ្លាចបាបមែន។ បើជាតិ ក្រោយ មានមែន ប្រហែលជាក្រុមនេះច្បាស់ជាធ្លាក់ទៅឋាននរកងើបមុខមិនរួចឡើយ។ ពិតជាអនិច្ចាចេតិយ លោកកែម ឡី មែន៕
ដោយ ៖ អ្នកតាមដាន នយោបាយតុកាហ្វេ