ប្រិយមិត្តវិទ្យុអាស៊ីសេរី ៨៦% ទទួលស្គាល់រាជរដ្ឋាភិបាលថ្មី ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា
ការស្ទង់មតិមួយតាមបណ្តាញសង្គម Facebook រៀបចំឡើងដោយវិទ្យុអាស៊ីសេរីក្នុងគោលបំណងចង់ដឹងថា តើប្រជាពលរដ្ឋខ្មែរប៉ុន្មានភាគរយទទួលស្គាល់រាជរដ្ឋាភិបាលថ្មីអាណត្តិទី៦ ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា? ដោយការស្ទង់មតិនេះអនុញ្ញាតឱ្យមានតែជម្រើស២ប៉ុណ្ណោះ ដើម្បីឱ្យប្រិយមិត្តរបស់វិទ្យុនេះជ្រើសរើស ក្នុងនោះមានប្រអប់ទី១៖ ទទួលស្គាល់រដ្ឋាភិបាលថ្មី និងទី២៖ មិនទទួលស្គាល់។
គិតត្រឹមវេលាម៉ោង១៥៖០០នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ ការស្ទង់មតិមានរយៈពេល៥ថ្ងៃហើយ (នៅសល់២ថ្ងៃទៀតបញ្ចប់) ដោយមានអ្នកប្រើប្រាស់បណ្តាញសង្គម Facebook ជាង៥ម៉ឺននាក់ជាប្រិយមិត្តរបស់វិទ្យុអាស៊ីសេរី បានចូលរួមបោះឆ្នោត ហើយក្នុងចំណោមនោះ គឺមានប្រិយមិត្តប្រមាណ៨៦ភាគរយ បានទទួលស្គាល់រដ្ឋាភិបាលថ្មី ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងមានតែ១៤ភាគរយប៉ុណ្ណោះ ដែលមិនទទួលស្គាល់រដ្ឋាភិបាលថ្មី។
តាមរយៈការស្ទង់មតិ៥ថ្ងៃមកនេះ ហាក់បានបង្ហាញឱ្យឃើញថា ប្រជាពលរដ្ឋភាគច្រើនលើសលប់ បានគាំទ្រដល់រាជរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលលទ្ធផលការស្ទង់មតិរបស់វិទ្យុប្រឆាំងនេះ ក៏មិនខុសអំពីលទ្ធផលនៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ ដែលពលរដ្ឋប្រមាណជាង៨៣ភាគរយ ចូលរួមបោះឆ្នោត មិនស្តាប់តាមការអំពាវនាវរបស់ក្រុមប្រឆាំង ហើយក្នុងនោះក៏ពលរដ្ឋភាគច្រើនលើសលប់ផងដែរ ក៏បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីផ្តល់ឱកាសជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាបេក្ខជននាយករដ្ឋមន្រ្តីតែ១គត់របស់គណបក្សប្រជាជនកម្ពុជា បន្តតំណែងនាយករដ្ឋមន្រ្តី ក្នុងអាណត្តិថ្មីផងដែរ។
ទោះជាយ៉ាងនេះក្តី មជ្ឈដ្ឋានជាច្រើនបានរិះគន់តាមរយៈ Comment ថា ការរៀបចំការស្ទង់មតិរបស់វិទ្យុអាស៊ីសេរីនាពេលនេះ គ្រាន់តែជាការចង់ផ្ចាញ់ផ្ចាល់មកលើរាជរដ្ឋាភិបាលស្របច្បាប់ របស់កម្ពុជាតែប៉ុណ្ណោះ ហើយទោះជាគ្មានលទ្ធផលការស្ទង់មតិនេះ ក៏រាជរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានស្វាគមន៍ និងទទួលស្គាល់រួចទៅហើយ ដោយប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស និងសហគមន៍អន្តរជាតិ ជាពិសេសបណ្តាប្រទេសសំខាន់ធំៗដូចជា ចិន រុស្ស៊ី ជប៉ុន អាល្លឺម៉ង់ កូរ៉េ អាស៊ាន បណ្តាប្រទេសជាច្រើននៅក្នុងតំបន់ និងអឺរ៉ុប៕