លោក ឃឹម ហ្វីណង់ ៖ សម្រស់ «ផ្កាផ្គរលាន់» មិនចាញ់ផ្កា Tulip នោះទេ
«ផ្កាផ្គរលាន់» ជាប្រភេទរុក្ខជាតិប្រចាំតំបន់ ដែលមានមើម និងមានផ្កាពណ៌ទឹកក្រូចស្រស់ (អ្នកខ្លះហៅថា «ប្រទាលផ្គរលាន់») ផ្កានេះទៀងរដូវណាស់។ រៀងរាល់ឆ្នាំ ក្នុងចន្លោះខែមេសានិងខែឧសភា ពេលបុណ្យចូលឆ្នាំខ្មែរ អោយតែចាប់ផ្តើមមានផ្គរលាន់ហើយភ្លៀងបានមួយមេពីរមេ មើមដែលនៅសល់ពីឆ្នាំចាស់ ក្រាំងរង់ចាំទឹកភ្លៀងអស់កាលពេញមួយឆ្នាំនោះ នឹងលូតចេញជាពន្លកលាស់ថ្មី មកបង្អួតរាងយ៉ាងស្រស់ឆើតឆាយជាមួយនឹងផ្កាពណ៌ទឹកក្រូចគួរអោយទាក់ទាញ។ វាក៏ជាសញ្ញាប្រាប់ថាវស្សារដូវបានមកដល់ហើយ ពេលវេលាដែលប្រជាកសិករត្រូវរួសរាន់ចាប់ផ្តើមសាបព្រោះធ្វើស្រែចម្ការរបស់ពួកគាត់ផងដែរ។ នេះជាការសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
លោកបានបន្តថា ផ្កាដែលមានភាពទាក់ទាញបែបនេះ ប្រសិនបើមានការរៀបចំបែបប្រមូលផ្តុំអោយបានច្រើន នៅលើផ្ទៃដីធំល្វឹងល្វើយរឺតាមដងផ្លូវវែងណាមួយ ប្រហែលជាអាចក្លាយជាផលិតផលទេសចរណ៍ប្រចាំរដូវ សម្រាប់ទាក់ទាញភ្ញៀវទេសចរមកទស្សនាបាន មិនចាញ់ផ្កាTulip ទេមើលទៅ…។ លោកថា «ផ្កាផ្គរលាន់» នេះសម្បូរនៅតាមដងផ្លូវពីកែងភូមិព្រះដាក់ទៅប្រាសាទបន្ទាយស្រី រឺផ្លូវទៅកាន់ឃុំត្បែង។