ខ្មែរប៉ុស្ដិ៍ Close

«ភូមិព្រះដាក់» ក្លាយជាភូមិដំបូងនៃយុទ្ធនាការ «ផ្ទះ១ អំពូល១» ដែលគ្រោងនឹងបំពាក់ឱ្យគ្រប់ទាំង១ម៉ឺនខ្នងផ្ទះទូទាំងស្រុកបន្ទាយស្រីនាឆ្នាំនេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 94
«ភូមិព្រះដាក់» ក្លាយជាភូមិដំបូងនៃយុទ្ធនាការ «ផ្ទះ១ អំពូល១» ដែលគ្រោងនឹងបំពាក់ឱ្យគ្រប់ទាំង១ម៉ឺនខ្នងផ្ទះទូទាំងស្រុកបន្ទាយស្រីនាឆ្នាំនេះ «ភូមិព្រះដាក់» ក្លាយជាភូមិដំបូងនៃយុទ្ធនាការ «ផ្ទះ១ អំពូល១» ដែលគ្រោងនឹងបំពាក់ឱ្យគ្រប់ទាំង១ម៉ឺនខ្នងផ្ទះទូទាំងស្រុកបន្ទាយស្រីនាឆ្នាំនេះ

ការងារតម្លើងអំពូលសូឡាស្វ័យប្រវត្តិជូនតាមផ្ទះនីមួយៗនៅក្នុងភូមិព្រះដាក់សម្រេចបានសឹងតែ ជិត១០០%ហើយ!

យុទ្ធនាការ «ផ្ទះ១ អំពូល១» ដំណាក់កាលសាកល្បង ដែលមកដល់ពេលនេះក្រុមការងារកំពុងតែសស្រាក់សស្រាំរួសរាន់បញ្ចប់ការបំពាក់អំពូលសូឡាតាមផ្ទះជូនប្រជាពលរដ្ឋនៅក្នុងភូមិគំរូមួយនេះ អោយបានមុនដំណាច់ខែមករាតាមផែនការកំណត់។

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានបញ្ជាក់ថា មានរឿងដ៏គួរអោយភ្ញាក់ផ្អើលមួយ ដែលឆ្លុះបញ្ជាំងពីការចូលរួមនិងភាពជាម្ចាស់របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិព្រះដាក់ នោះគឺការចូលរួមគាំទ្រពីសំណាក់អ្នកភូមិ តាមរយះការជួយជីករណ្តៅបង្គោលទម្រអំពូល កាប់មែកឈើដែលបាំងពន្លឺថ្ងៃ និងមានផ្ទះមួយចំនួនធំបានថែមទាំងចេញចំណាយថ្លៃសុីម៉ង់ត៍ ថ្មល្អិត និងខ្សាច់សម្រាប់ចាក់ការពារជើងអំពូលដោយខ្លួនឯងទៀតផង បើទោះជាក្នុងដំណាក់សាកល្បងនេះ ពួកគាត់មិនត្រូវបានតម្រូវអោយចូលរួមអ្វីនោះឡើយ។

លោកអភិបាលស្រុកបន្ទាយស្រី បានថ្លែងអនូវអំណរគុណដល់អ្នកភូមិព្រះដាក់ ចំពោះស្មារតីចូលរួម ស្រលាញ់ប្រយោជន៍រួម និងមានភាពស្រុះគ្នាជាសហគមន៍។

លោកអភិបាលស្រុកបន្ទាយស្រី បន្តថាបើទោះជាបញ្ហាមួយចំនួន តែសប្បាយចិត្តពេលដែលអ្វីៗដំណើរការទៅដូចការរំពឹងទុក ប្រភេទអំពូលភ្លឺគ្រប់គ្រាន់ ដងទម្រខ្ពស់និងរឹងមាំសមល្មម ជាពិសេសប្រជាពលរដ្ឋមានការសាទរពេញចិត្តចំពោះយុទ្ធនាការនេះ ដោយមើលឃើញពីអត្ថប្រយោជន៍ផ្ទាល់ដល់ផ្ទះរបស់គាត់ផង ក៏ដូចជាប្រយោជន៍រួមដល់ភូមិទាំងមូលផងដែរ។

លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បញ្ជាក់បន្តថា លោកគ្រោងនឹងអោយក្រុមការងារកែសម្រួលនិងបញ្ចប់ការតម្លើងគ្រប់ផ្ទះទាំង៥១៨នៅក្នុងភូមិព្រះដាក់ទាំងមូល ត្រឹមដំណាច់ចុងខែមករានេះ ហើយនឹងធ្វើការវាយតម្លៃជារួមលើលទ្ធផលនៃភូមិសាកល្បងមួយនេះ មុននឹងបន្តអនុវត្តនៅក្នុងភូមិនិងឃុំដទៃទៀត។ បើមិនអ្វីប្រែប្រួលទេ ខ្ញុំសង្ឃឹមថា យើងនឹងឈានទៅដល់ការសម្រេចបានផ្ទះទាំង១០០០០ខ្នង នៅទូទាំងស្រុកបន្ទាយស្រីក្នុងឆ្នាំ២០២០នេះ តាមផែនការគ្រោងទុក។

សូមបញ្ជាក់ថា៖ យុទ្ធនាការ “ផ្ទះ១ អំពូល១” គឺជាគំនិតផ្តួចផ្តើមរបស់រដ្ឋបាលស្រុកបន្ទាយស្រី ក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនិងបង្កើនសុវត្ថិភាពភូមិឃុំនៅពេលយប់ តាមរយៈការជម្រុញអោយមានអំពូលបំភ្លឺមួយយប់ទល់ភ្លឺនៅគ្រប់ផ្ទះនីមួយៗ នៅគ្រប់ទីកន្លែងក្នុងស្រុក។ យុទ្ធនាការនេះមានការចូលរួមឧបត្ថម្ភដោយផ្ទាល់ពីសំណាក់សប្បុរសជននានា ថវិកាបដិភាគជាមួយប្រជាពលរដ្ឋ និងការរៃអង្គាសតាមប្រភពផ្សេងៗ៕SN-ពុទ្ធិរៈ

សូមទស្សនាទិដ្ឋភាពពេលរាត្រី បន្ទាប់ពីមានបំពាក់អំពូលសូឡាតាមផ្ទះរបស់ប្រជាពលរដ្ឋនៅក្នុងភូមិគំរូមួយនេះ៖

SWIFT NEWS

អត្ថបទទាក់ទង