ខ្មែរប៉ុស្ដិ៍ Close

ក្រសួងទេសចរណ៍តម្រូវឲ្យអាជីវកម្មទេសចរណ៍អនុវត្តវិធានសុវត្ថិភាពទេសចរណ៍និងក្រមប្រតិបត្តិថ្មីដើម្បី​​ទទួលការគាំទ្រពីភ្ញៀវទេសចរ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសៅរ៍ ទី៦ ខែមិថុនា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 42
ក្រសួងទេសចរណ៍តម្រូវឲ្យអាជីវកម្មទេសចរណ៍អនុវត្តវិធានសុវត្ថិភាពទេសចរណ៍និងក្រមប្រតិបត្តិថ្មីដើម្បី​​ទទួលការគាំទ្រពីភ្ញៀវទេសចរ ក្រសួងទេសចរណ៍តម្រូវឲ្យអាជីវកម្មទេសចរណ៍អនុវត្តវិធានសុវត្ថិភាពទេសចរណ៍និងក្រមប្រតិបត្តិថ្មីដើម្បី​​ទទួលការគាំទ្រពីភ្ញៀវទេសចរ

ភ្នំពេញ៖ ក្រសួងទេសចរណ៍តម្រូវឲ្យអាជីវកម្មទេសចរណ៍ទាំងអស់ត្រូវតែអនុវត្តវិធានសុវត្ថិភាពទេសចរណ៍និងក្រមប្រតិបត្តិថ្មី ក្នុងគ្រាដែលពិភពលោក ក៏ដូចកម្ពុជាកំពុងជួបវិបវិបត្តិកូវីដ-១៩ដើម្បី​​មានការគាំទ្រពីភ្ញៀវទេសចរ និងទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្មតាមផ្លូវច្បាប់ ។

ក្នុងសន្និសីទសារព័ត៌មាន ធ្វើឡើងក្នុងពិធីផ្សព្វផ្សាយស្ដីពី បទដ្ឋានគតិយុត្តដាក់ឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់ដំណាក់កាលវិបត្តិជំងឺកូវីដ-១៩ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ នៅសណ្ឋាគារភ្នំពេញកាលពីថ្ងៃទី៥ខែមិថុនា ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បញ្ជាក់ថា អាជីវកម្មទេសចរណ៍ណា ដែលមិនទាន់បានបំពេញតាមលក្ខខណ្ឌតម្រូវ គឺត្រូវតែធ្វើការកែតម្រូវទៅតាមលក្ខខណ្ឌដែលក្រសួងកំណត់ពីព្រោះលក្ខខណ្ឌតម្រូវមិនច្រើនទេហើយថែមទាំងជាជម្រើស​ល្អទៀតផង ។

ឯកឧត្ដមរដ្ឋមន្ត្រីបញ្ជាក់ថា សំរាប់ម្ចាស់អាជីវកម្មណាដែលអនុវត្តតាមវិធានសុវត្ថិភាពនិងក្រមប្រតិបត្តិទាំងនេះបានត្រឹមត្រូវ នឹងទទួលបានក្ដីទុកចិត្តពីសំណាក់ភ្ញៀវទេសចរក្នុងស្រុក គឺនឹងទទួលបានសញ្ញាណសុវត្ថិភាពពិសេស (Label)មួយ ដែលបង្ហាញប្រាប់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យមានការជឿជាក់លើសុវត្ថិភាពរបស់គោលដៅទេសចរណ៍ ។

សំឡេង ៖ «ព្រោះថាអ្វីដែលយើងដាក់ធ្វើនេះ គឺជាលក្ខខណ្ឌតម្រូវដែលផ្នែកឯកជនលោកបានធ្វើខ្លះហើយ គ្រាន់តែថាយើងជួយបំពេញខ្លះនឹងជួយកែតម្រូវខ្លះ មានន័យថា គាត់បានទទួលយកនូវអ្វីដែលយើងបានដាក់ចេញនេះហើយ តែក៏មានលក្ខខណ្ឌជម្រើសមួយចំនួន ដើម្បីលើកទឹកចិត្តដល់គាត់ផងដែរ អញ្ចឹងអ្នកណាដែលបានធ្វើបានល្អ យើងនឹងជូននៅឡាប៊ែលគាត់មួយ ដើម្បីបញ្ជាក់ថានៅទីតាំងនេះជាទីតាំងដែលមានសុវត្ថិភាពសម្រាប់ទេសចរណ៍ ហើយបើសិនជាគាត់បានធ្វើល្អជាងនេះទៀត យើងនឹងមានបន្ថែមទៅលើលក្ខខណ្ឌសម្រាប់បន្ថែមទៀត ដូចជាមានជូននៅបណ្ណសរសើរលើកទឹកចិត្តអ្វីបន្ថែមទៀត» ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះចលនាភ្ញៀវទេសចរក្នុងស្រុកមានការងើបឡើងវិញគួរឱ្យកត់សម្គាល់ប៉ុន្តែទាំង​អស់គ្នាមិនត្រូវភ្លេចខ្លួនចំពោះបញ្ហានៃការរីករាលដាលជំងឺកូវីដ-១៩នេះឡើយ ពោលគឺត្រូវបន្តការចូលរួមទប់ស្កាត់ការរីករាលដាលនេះតទៅមុខទៀតព្រោះគ្មានអ្នកណាស្មានត្រូវនោះទេ ហើយក៏ពុំទាន់មានវាក់សាំងសម្រាប់បង្ការនៅឡើយនោះដែរ ៕

អត្ថបទទាក់ទង