ខ្មែរប៉ុស្ដិ៍ Close

ក្រសួងទេសចរណ៍ បង្ហាញផលិតផលទេសចរណ៍ជាច្រើននៅកម្ពុជា ដល់ប្រតិភូជាតិ-អន្តរជាតិ ដែលចូលរួមពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ ឆ្នាំ២០១៨

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១២ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 68
ក្រសួងទេសចរណ៍ បង្ហាញផលិតផលទេសចរណ៍ជាច្រើននៅកម្ពុជា ដល់ប្រតិភូជាតិ-អន្តរជាតិ ដែលចូលរួមពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ ឆ្នាំ២០១៨ ក្រសួងទេសចរណ៍ បង្ហាញផលិតផលទេសចរណ៍ជាច្រើននៅកម្ពុជា ដល់ប្រតិភូជាតិ-អន្តរជាតិ ដែលចូលរួមពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ ឆ្នាំ២០១៨

ក្នុងពិធីលាងសោយភោជន៍នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូកេត្រា នារាត្រីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកបង្ហាញអំពីផលិតផលទេសចរណ៍ជាច្រើននៅក្នុងព្រះ​រាជាណាចក្រកម្ពុជា ប្រាប់ដល់ប្រតិភូជាតិ និងអន្តរជាតិ ដែលចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍កម្ពុជា អន្តរជាតិលើកទី២ ឆ្នាំ២០១៨ ឬហៅកាត់ថា CTM 2018 (Cambodia Travel Mart 2018)។

លោករដ្ឋមន្ត្រី ថោង ខុន បានថ្លែងថា ក្រោមម្លប់នៃសន្តិភាព ដែលបានមកពីការដឹកនាំប្រកបដោយគតិបណ្ឌិត របស់លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន បានប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុខសន្តិភាព សុវត្ថិភាពក្នុងតំបន់ សម្រាប់ការទស្សនារបស់ភ្ញៀវទេសចរគ្រប់ទិសទីក្នុងពិភពលោក ហើយកម្ពុជាកំពុងមានការអភិវឌ្ឍរីកចម្រើន​លើគ្រប់វិស័យគួរជាទីមោទនៈ។ កម្ពុជាមានមរតកវប្បធម៌ដ៏ល្បីល្បាញលើពិភពលោក គឺប្រាសាទអង្គរវត្ត ជាផលិតផលដ៏ពិសិដ្ឋបំផុតសម្រាប់កម្ពុជា ដែលបានផ្ដល់នូវថាមភាពយ៉ាងខ្លាំងក្នុងការទាក់ទាញទេសចរមកពីជុំវិញពិភពលោកកាន់តែច្រើនឡើងពីមួយឆ្នាំ​ទៅមួយឆ្នាំ។ ក្រៅពីនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងទេសចរណ៍កំពុងតែខិតខំបន្ថែមទៀតដើម្បីធ្វើការអភិវឌ្ឍផលិតផល នៅតាមគោលដៅទេសចរណ៍សំខាន់ៗផ្សេងៗទៀតដូចជាតំបន់រាជធានីភ្នំពេញ តំបន់ឆ្នេរ និងតំបន់អេកូទេសចរណ៍។

លោក ថោង ខុន បានបញ្ជាក់ដែរថា ខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍វប្បធម៌ដ៏ទាក់ទាញបំផុត ពោរពេញទៅដោយសក្ដានុពលបេតិកភណ្ឌវប្បធម៌យ៉ាងច្រើនអនេក រួមមាន៖ សំណង់ប្រាសាទជាប្រវត្តិសាស្រ្ដ ដែលមានអាយុកាលរាប់ពាន់ឆ្នាំជាច្រើនក៏កំពុងត្រូវបានយកចិត្តទុកដាក់រៀបចំឡើង ឲ្យកាន់តែមានភាពងាយស្រួលដល់ការទស្សនារបស់ភ្ញៀវ។ តំបន់នេះក៏កំពុងប្រែក្លាយជាទីកន្លែងសម្រាប់ការរៀបចំព្រឹត្តិការណ៍ជាតិ និងអន្តរជាតិនានាជាច្រើន ដូចជា ព្រឹត្តិការណ៍កីឡាទេសចរណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង (Haft Marathon) ទិវាយោគៈអន្តរជាតិ (International Day of Yoga) និងរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដោយបានផ្ដល់បទពិសោធន៍ឲ្យទេសចរអន្តរជាតិ បានសិក្សាស្វែងយល់កាន់ច្បាស់ពីវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់កម្ពុជា។ ភាពដ៏មហស្ចារ្យមួយទៀតនោះ គឺការទស្សនាព្រឹត្តិការ ណ៍អរិយភាពធម្មជាតិ ព្រះអាទិត្យរះចំពីលើកណ្ដាលកំពូលប្រាសាទអង្គរវត្ត (Angkor Equinox) ចំនួន ២ដងក្នុងមួយឆ្នាំរៀងរាល់ខែមីនា និងខែកញ្ញា។

លោករដ្ឋមន្ត្រី បានបន្ថែមថា រាជធានីភ្នំពេញដែលជាបេះដូងរបស់កម្ពុជា ក៏កំពុងក្លាយជាគោលដៅទេស ចរណ៍ដ៏ទាក់ទាញមួយផងដែរ ដែលមានទេសចរជាតិ និងអន្តរជាតិមកទស្សនាកាន់តែច្រើន និងកំពុងត្រូវបានគិតគូរអភិវឌ្ឍឲ្យទៅជាគោលដៅទេសចរណ៍ MICE និងទេសចរណ៍ទិញទំនិញដ៏ពេញនិយមមួយក្នុងតំបន់ នាពេលអនាគត។​ ជាមួយគ្នានេះ ដើម្បីបម្រើដល់ការទស្សនារបស់ទេសចរ រាជធានីភ្នំពេញក៏នឹងរៀបចំព្រឹត្តិការណ៍ធំៗមួយចំនួននៅពេលខាងមុខ ដូចជា ព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីបសំពះព្រខែ នាថ្ងៃទី ២១-២៣ ខែវិច្ឆិកា និងការរៀបចំពិធីសម្ពោធសមិទ្ធផលវិមានឈ្នះ-ឈ្នះ ដោយ​នឹងមានកម្មវិធីតាំងពិព័រណ៍ម្ហូបអាហារ ការតាំងពិព័រណ៍ទេសចរណ៍ កម្មវិធីសម្ដែង សិល្បៈ និងកម្មវិធីអបអរសាទរឆ្លងឆ្នាំសកល ២០១៨។
កម្ពុជាក៏នឹង​ធ្វើជាម្ចាស់ផ្ទះនៃវេទិការ​ទេសចរណ៍អាស៊ានលើកទី៤០ នៅឆ្នាំ២០២១ (40th ATF 2021) និងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅឆ្នាំ២០២៣ (32th SEA GAMES 2023)។

លោករដ្ឋមន្ត្រី ក៏បានបន្ថែមថា តំបន់ឆ្នេរសមុទ្រកម្ពុជានាពេលបច្ចុប្បន្ននេះ ក៏កំពុងក្លាយជាប៉ូលទាក់ទាញ​ដ៏សំខាន់មួយទៀត ដោយតំបន់កោះមួយចំនួនក៏កំពុងធ្វើការអភិវឌ្ឍឲ្យក្លាយទៅ​ជារមណីយដ្ឋានទេសចរណ៍ (Tourism Resort) ដែលមានផលិតផល​ និងសេវាកម្ម​កំរិតស្ដង់ដារអន្តរជាតិ ដូចជាមានហេដ្ឋារចនាសម្ព័ន្ធដ៏សម្បូរបែបទាំងផ្លូវគោក ផ្លូវទឹក ផ្លូវដែក និងផ្លូវអាកាស ពិសេសខេត្តនេះក៏មានអាកាសយានដ្ឋានអន្តរជាតិកងកេង ដែលអាចអោយទេសចរធ្វើដំណើរតាមជើងអាកាសមកពីរាជធានីភ្នំពេញ តំបន់សៀមរាបអង្គរ និងទីក្រុងមួយចំនួនក្នុងតំបន់បានយ៉ាងងាយស្រួល។ ជាមួយគ្នានេះដែរ តំបន់ឆ្នេរក៏នឹងមានការរៀបចំពិធីបុណ្យសមុទ្រ (Sea Festival) លើកទី៧ ​ពីថ្ងៃទី​១៤-១៦ ខែធ្នូ ឆ្នាំ២០១៨ នៅខេត្តកោះកុង ដែលជាខេត្តមួយដ៏ស្រស់ស្អាតនៅភូមិភាគនារតីនៃប្រទេសកម្ពុជា។

ទន្ទឹមនឹងនេះដែរ កម្ពុជាពិតជានៅបន្តត្រូវការអ្នកវិនិយោគពីបរទេសបន្ថែមទៀត ដើម្បីធ្វើការវិនិយោគលើផលិតផល និងសម្បទាទេសចរណ៍ចាំបាច់ជាច្រើនទៀត ដូចជា សណ្ឋាគារប្រណីតៗលំដាប់ផ្កាយ៤ ផ្កាយ៥ ភោជនីយដ្ឋានលំដាប់ខ្ពស់ ហាងលក់ដូរទំនិញ (Shopping Mall) ទំនើបៗ រមណីយដ្ឋានមជ្ឈមណ្ឌលវិស្សមកាលកម្សាន្ត និងកីឡាទេសចរណ៍ សួនកម្សាន្តរបស់កុមារនៅតំបន់ទេសចរណ៍ ទាំងនៅតំបន់សៀមរាបអង្គរ ទាំងតំបន់ភ្នំពេញ តំបន់ឆ្នេរសមុទ្រ និងរួមទាំងតំបន់អេកូ៕

អត្ថបទទាក់ទង