ក្រសួងទេសចរណ៍ នឹងរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍អន្លង់វែងលើកទី២ ក្រោមប្រធានបទ «ថ្មើរជើងប្រវត្តិសាស្រ្ត»
ក្រសួងទេសចរណ៍ នឹងរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍អន្លង់វែងលើកទី២ ក្រោមប្រធានបទ «ថ្មើរជើងប្រវត្តិសាស្រ្ត» ចាប់ពីថ្ងៃទី០៧-០៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីរួមស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដើម្បីផ្សព្វផ្សាយពីសក្តានុពលតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រអន្លង់វែង។
តាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ គោលបំណង នៃការរៀបចំព្រឹត្តិការណ៍នេះ គឺដើម្បីរំឭកនូវភាពជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាម និងនាំមកនូវសន្តិភាពពេញលេញជូនប្រទេសជាតិ។
ការរៀបចំនេះក៏មានកិច្ចសហការជាមួយគណៈកម្មការអន្តរក្រសួងដើម្បីគ្រប់គ្រង និងអភិវឌ្ឍតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រអន្លង់វែង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រដ្ឋបាលខេត្តឧត្តរមានជ័យ រដ្ឋបាលស្រុកអន្លង់វែង និងមជ្ឈមណ្ឌលឯកសារកម្ពុជា។
ក្រសួងទេសចរណ៍ ក៏បានអំពាវនាវដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ផ្នែកឯកជនក្នុងវិស័យទេសចរណ៍ កីឡាករ-កីឡាការិនី យុវជន សិស្ស និស្សិត និងសាធារណជនទាំងអស់ មេត្តាចូលរួមក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍អន្លង់វែងលើកទី២នេះឲ្យបានច្រើនកុះករ៕