ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា នឹងជម្រុញឲ្យការសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ បានរួចរាល់តាមការគ្រោងទុក
នៅក្នុងជំនួបសម្តែងការគួរសមជាមួយ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន លោក Park Heung-Kyeong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ បានថ្លែងទទួលស្គាល់នូវភាពយឺតយ៉ាវ នៃការសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ និងបានប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងជួយជ្រោមជ្រែងក្រុមហ៊ុនសាងសង់ ធ្វើយ៉ាងណាឲ្យគម្រោងនេះ បានអនុវត្តទាន់ពេលវេលាតាមការគ្រោងទុក ប្រកបដោយគុណភាពរឹងមាំ និងអាចប្រើប្រាស់ជាប់បានយូរអង្វែង។
ជំនួបសម្តែងការគួរសមនេះ បានធ្វើឡើងនាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសារធារណការ និងពិភាក្សាការងារផ្ដោតជាសំខាន់ ទៅលើកិច្ចសហប្រតិបត្តិការលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ឱ្យកាន់តែមានការរីកចម្រើន និងប្រកបដោយគុណភាពរឹងមាំ ប្រើប្រាស់ជាប់បានយូរ និងកាត់បន្ថយការខ្ជះខ្ជាយថវិកាជាតិ ក្នុងការថែទាំជួសជុល។
នៅក្នុងជំនួបនេះដែរ បន្ទាប់ពីបានជម្រាបជូនលោកឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ អំពីវឌ្ឍនភាពនៃគម្រោងសាងសង់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ ២២រួចមក លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ និងបានជម្រាបជូនលោកឯកអគ្គរដ្ឋទូត អំពីការបំពេញការងារប្រកបដោយការទទួលខុសត្រូវ ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រកបដោយគុណភាពរឹងមាំ និងវិស័យអាទិភាពសំខាន់ៗ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ក៏ដូចជាប្រជាជនកូរ៉េ ដែលបានផ្ដល់ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់របស់កម្ពុជា ឱ្យមានការរីកចម្រើននាពេលកន្លងមកផងដែរ។
នៅក្នុងឱកាសនោះដែរ លោក Park Heung-Kyeong ក៏បានស្នើសុំលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ផ្តល់ការគាំទ្រនិងកិច្ចសហការលើគម្រោង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា និងបានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តជួយដល់កម្ពុជាលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយគុណភាពរឹងមាំ ប្រើប្រាស់បានយូរអង្វែង។
ជាការឆ្លើយតប លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវការស្វាគមន៍ចំពោះកិច្ចសហការជាមួយរដ្ឋាភិបាលកូរ៉េ ក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា ឱ្យមានការរីកចម្រើននៅក្នុងតំបន់ ដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ផងដែរ៕