ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជំរុញមន្ត្រីរួមគ្នាផ្តល់យោបល់ ធ្វើឱ្យកម្ពុជាក្លាយជាមណ្ឌលភស្តុភារកម្ម និងជាឃ្លាំងស្តុកទំនិញរបស់ប្រទេសជិតខាង
(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញមន្ត្រីជំនាញរបស់ក្រសួង ចូលរួមជាមតិយោបល់ដើម្បីប្រែក្លាយកម្ពុជាទៅជាមណ្ឌលភស្តុភារកម្ម និងជាឃ្លាំងស្តុកទំនិញរបស់ប្រទេសជិតខាង ដោយហេតុថាកម្ពុជាស្ថិតក្នុងភូមិសាស្ត្រដ៏មានអំណោយផលមួយក្នុងតំបន់ និងជាច្រកដឹកជញ្ជូនទំនិញពីថៃ-កម្ពុជា-វៀតណាម និងពីវៀតណាម-កម្ពុជា-ថៃ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងជំរុញយ៉ាងដូចនេះនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ ក្នុងឱកាសលោកបានដឹកនាំកិច្ចប្រជុំលើកទី១ របស់ក្រុមការងារចំពោះកិច្ច ដើម្បីដោះស្រាយបញ្ហាប្រឈមនៅច្រកទ្វារ ព្រំដែនកម្ពុជា-វៀតណាម និងកម្ពុជា-ថៃ ដោយមានការចូលរួមពីថ្នាក់នាំក្រសួង និងភាគីពាក់ព័ន្ធ នៅទីស្ដីការក្រសួងសាធារណការ។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យមើលផែនការសកម្មភាពទាំង៧៨ ដែលរៀបចំឡើងដោយក្រុមការងារចំពោះកិច្ច និងដើម្បីប្រមូលធាតុចូលបន្ថែមសំដៅឱ្យផែនការ សកម្មភាពនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ អាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព និងបម្រើឱ្យឧត្ដមប្រយោជន៍រួម។
ក្នុងកិច្ចប្រជុំនោះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងពីគម្រោងសាងសង់ ពង្រីក និងលើកកម្ពស់គុណភាព និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ទាំងផ្លូវគោក ផ្លូវដែក និងផ្លូវទឹក ដើម្បីជំរុញនិងលើកកម្ពស់វិស័យភស្តុភារកម្មកម្ពុជាឱ្យកាន់តែប្រសើរឡើង និងអាចប្រកួតប្រជែងជាមួយនឹងប្រទេសក្នុងតំបន់។
លោកទេសរដ្ឋមន្ត្រី បានឱ្យដឹងទៀតថា ក្រសួងបាននិងកំពុងធ្វើការជាមួយភាគីថៃ ដើម្បីអនុញ្ញាតឱ្យរថយន្តដឹកទំនិញធ្វើចរាចរណ៍តាមច្រកទ្វារ ស្ទឹងបត់-បានណងអៀន បណ្ដោះអាសន្ន ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងបានធ្វើការជាមួយភាគីវៀតណាម ដើម្បីដោះស្រាយបញ្ហាកកស្ទះ ចរាចរណ៍នៅព្រំដែនបាវិត-ម៉ុកបៃផងដែរ។
លោក ស៊ុន ចាន់ថុល ក៏បានការកោតសរសើរដល់ក្រុមការងារចំពោះកិច្ច និងភាគីពាក់ព័ន្ធដែលបានសហការល្អ រៀបរៀងផែនការសកម្មភាពនេះឡើង និងបានណែនាំឱ្យ ក្រុមការងារចំពោះកិច្ចយកធាតុចូលទាំងឡាយដែលបានមកពីកិច្ចប្រជុំនេះទៅធ្វើការកែសម្រួល ផែនការសកម្មភាពឱ្យកាន់តែប្រសើរឡើង និងរៀបចំផែនការសកម្មភាព ទៅតាមកញ្ចប់សម្រាប់រយៈពេលខ្លី មធ្យម និងរយៈពេលវែង ជាពិសេសកញ្ចប់ផែនការសកម្មភាពបន្ទាន់ ដែលត្រូវអនុវត្ត នៅចុងឆ្នាំនេះដោយសហការ ជាមួយស្ថាប័នពាក់ព័ន្ធ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានណែនាំឱ្យក្រុមការងារចំពោះកិច្ចរៀបចំកិច្ចប្រជុំលើកទី២របស់ខ្លួន ដើម្បីពិនិត្យមើលផែនការសកម្មភាពទាំងនេះ ឱ្យបានល្អិតល្អន់ មុននឹងដាក់ជូនលោកបណ្ឌិតសភាចារ្យ អូន ព័ន្នមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យ និងសម្រេច៕