លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ ឱកាសពិសេសសម្រាប់អ្នកចុះឈ្មោះចូលរៀនបើកបររថយន្តធុនធ្ងន់ ៥០នាក់ដំបូងទទួលបានការបញ្ចុះថ្លៃ ៥០ភាគរយ
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ នៅអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ និង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបើកបររថយន្តធុនធ្ងន់ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង តំណាងសាលាបង្រៀនបើកបរធុនធ្ងន់មកពីប្រទេសថៃ ក្រុមហ៊ុន ឯកជន អង្គការនានា និងប្រជាពលរដ្ឋជាច្រើនផងដែរ។
លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នេះគឺជាសាលាបង្រៀនបើកបររថយន្តធុនធ្ងន់លើកទីមួយហើយ ដែលបានបើកឱ្យដំណើរការជាផ្លូវការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីកាត់បន្ថយគ្រោះថា្នក់ចរាចរណ៍ ដែលបណ្តាលឱ្យខាតបង់ថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់។
លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា៖ សាលាបង្រៀនបើកបររថយន្តធុនធំនេះមានលក្ខណៈស្តង់ដារ មានកម្មវិធីសិក្សាច្បាស់លាស់ មានសម្ភារៈបង្រៀនតាមបែបទំនើប មានរថយន្តធុនធ្ងន់សម្រាប់អនុវត្តជាក់ស្ដែង និងមានកម្មវិធីសិក្សាដែលអាចទាញយកមកប្រើប្រាស់តាមទូរសព្ទដៃបានផងដែរ។
គួរកត់សម្គាល់ផងដែរថា៖ ដើម្បីអបអរសាទរចំពោះការបើកដំណើរការដំបូងនៃមជ្ឈមណ្ឌលថ្មីនេះ សាលា នឹងបញ្ចុះតម្លៃចំនួន៥០% សម្រាប់អ្នកដែលមកចុះឈ្មោះចូលរៀនមុនគេបង្អស់ចំនួន៥០នាក់ ចំណែកថ្លៃ សិក្សាធម្មតាមានចំនួន ៣៥០ ដុល្លារតែប៉ុណ្ណោះ។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីសមិទ្ធផលសម្រេចបានទាក់ទង នឹងផែនការ១០០ថ្ងៃក្នុងអាណត្តិទី៦នេះ ក្នុងនោះមាន៖ ការអភិវឌ្ឍកម្មវិធី Road Care App ដែលអាច ទាញយកមកប្រើប្រាស់បាននៅលើទូរសព្ទដៃបាន កម្មវិធីនេះអាចឱ្យប្រជាពលរដ្ឋថតរូបភាពជង្ហុគសំបុកមាន់ ផ្ញើមកក្រុមការងារបច្ចេកទេសក្រសួង ហើយក្រោយមកក្រុមការងារក្រសួងនឹងចុះត្រួតពិនិត្យ និងជួសជុលភ្លាមៗ ដើម្បីបង្ការកុំឱ្យរីករាលដាលកាន់តែធំ ដែលអាចបង្កគ្រោះថ្នាក់ចរាចរដល់អ្នកធ្វើដំណើរ។
សូមជម្រាបជូនថា៖ កម្មវិធី Road Care Appនេះ គ្រោងនឹងដាក់ឱ្យប្រើប្រាស់នៅមុនដំណាច់ ឆ្នាំ២០១៨ខាងមុខ។
ជាទីបញ្ចប់ លោកទេសរដ្ឋមន្ត្រី ក៏បានស្នើឱ្យប្រជាពលរដ្ឋ និងក្រុមហ៊ុនឯកជនទាំងអស់ គោរពច្បាប់ចរាចរណ៍ មិនត្រូវពិសារគ្រឿងស្រវឹង បើកបរថយន្តធុនធ្ងន់ត្រូវមានបណ្ណបើកបរប្រភេទរថយន្តធុនធ្ងន់ ពាក់ខ្សែក្រវ៉ាត់ឱ្យបានត្រឹមត្រូវពេលបើកបរ ពិសេសមិនត្រូវនិយាយទូរសព្ទក្នុងពេលបើកបរឡើយ៕