ខ្មែរប៉ុស្ដិ៍ Close

សត្វទន្សោងឈ្មោលមួយក្បាលទៀត បានស្លាប់ក្នុងដែនជម្រកសត្វព្រៃខេត្តឧត្តរមានជ័យ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 71
សត្វទន្សោងឈ្មោលមួយក្បាលទៀត បានស្លាប់ក្នុងដែនជម្រកសត្វព្រៃខេត្តឧត្តរមានជ័យ សត្វទន្សោងឈ្មោលមួយក្បាលទៀត បានស្លាប់ក្នុងដែនជម្រកសត្វព្រៃខេត្តឧត្តរមានជ័យ

សត្វទន្សោងឈ្មោលមួយក្បាលទៀត បានស្លាប់ក្នុងដែនជម្រកសត្វព្រៃខេត្តឧត្តរមានជ័យ ខណៈសប្តាហ៍មុនមានគេបាញ់សម្លាប់ពីរក្បាលនៅខេត្តមណ្ឌលគិរី។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានបង្ហាញការសោកស្តាយ ដែលសត្វទន្សោងឈ្មោលមួយក្បាលបានស្លាប់បាត់បង់ជីវិត នៅក្នុងព្រៃសហគមន៍សង្ឃរុក្ខវ័ន្តនៅក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ខេត្តឧត្តរមានជ័យ កាលពីល្ងាចថ្ងៃទី ២៤ ខែឧសភានេះ។ សពសត្វទន្សោងនេះ ត្រូវបានមន្ត្រីឧទ្យានុរក្ស និងសហគមន៍ព្រៃសង្ឃរុក្ខវ័នដឹកនាំដោយព្រះអង្គ ប៊ុន សាលួត បញ្ចុះនៅស្នាក់ការកណ្តាលរបស់ព្រះអង្គ។

លោកបានបញ្ជាក់ថា សត្វទន្សោងឈ្មោលមួយនេះ ស្លាប់ដោយសារជាប់អន្ទាក់របស់ព្រានជាយូរថ្ងៃមកហើយ នៅក្នុងភូមិសាស្រ្តចំណុចអូរថ្ម ក្នុងព្រៃសហគមន៍សង្ឃរុក្ខាវ័នស្ថិតក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន។ ក្រុមការងារបានជួយសង្គ្រោះបឋមមុននឹងសត្វទន្សោងនេះបានស្លាប់បាត់បង់ជីវិត។

គិតពីដើមឆ្នាំ២០២០ មកទល់នឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០នេះ សត្វទន្សោង៤ក្បាល ត្រូវបានរកឃើញស្លាប់ ដោយក្នុងនោះ១ក្បាលនៅក្នុងខេត្តកំពង់ស្ពឺ ស្លាប់ដោយសារជាប់អន្ទាក់ និង២ក្បាល ត្រូវបានរកឃើញថា បាញ់ស្លាប់នៅក្នុងខេត្តមណ្ឌលគិរី និងចុងក្រោយនេះ សត្វទន្សោងមួយក្បាល បានស្លាប់ដោយសារតែជាប់អន្ទាក់របស់ព្រានព្រៃ ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន។

យោងតាមរបាយការណ៍សិក្សា របាយរបស់សត្វទន្សោង នៅក្នុងប្រទេសកម្ពុជាមានចន្លោះពី២.៧០០ ទៅ ៥.៧០០ ក្បាល។ ចំនួននេះបានធ្វើឲ្យប្រទេសកម្ពុជា ជាកន្លែងដែល មានវត្តមានសត្វទន្សោងច្រើនជាងគេនៅលើពិភពលោក ខណៈចំនួនសត្វទន្សោងសរុបនៅលើពិភពលោកត្រូវបានគេប៉ានស្មានថាមានចន្លោះពី៥.៩០០ ទៅ ១១.០០០ ក្បាលតែប៉ុណ្ណោះ៕

អត្ថបទទាក់ទង