ខ្មែរប៉ុស្ដិ៍ Close

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ថាការវិនិយោគលើចម្ការឈើដាំ នឹងជួយកាត់បន្ថយសម្ពាធប្រើប្រាស់ឈើធម្មជាតិ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០ ព័ត៌មានទូទៅ 62
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ថាការវិនិយោគលើចម្ការឈើដាំ នឹងជួយកាត់បន្ថយសម្ពាធប្រើប្រាស់ឈើធម្មជាតិ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ថាការវិនិយោគលើចម្ការឈើដាំ នឹងជួយកាត់បន្ថយសម្ពាធប្រើប្រាស់ឈើធម្មជាតិ

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន លើកឡើងថា ការវិនិយោគលើចម្ការឈើដាំ នឹងជួយកាត់បន្ថយសម្ពាធទៅលើការប្រើប្រាស់ឈើធម្មជាតិហើយការបង្កើតឱ្យមានឧស្សាហកម្មកែច្នៃឈើ ដែលជួយបង្កើតការងារ និងបង្កើនចំណូលជូនប្រជាពលរដ្ឋនៅក្នុងតំបន់ និងចូលរួមក្នុងកំណើនសេដ្ឋកិច្ចជាតិ។

ការលើកឡើងនេះ បន្ទាប់ពីក្រុមហ៊ុនស៊ីងបាយអូថេក (Think Bio-Tech) ដែលបានទទួលសិទ្ធិប្រើប្រាស់ដីព្រៃពីរាជរដ្ឋាភិបាល បាននិងកំពុងវិនិយោគលើចម្ការដាំដើមប្រេងខ្យល់លើផ្ទៃដីសរុបទំហំ៣៤.០០៧ហិកតា នៅលើដីរបស់ស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបឹងចារ ស្ថិតនៅក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។

លោក នេត្រ ភក្ត្រា មានប្រសាសន៍ថា ការបង្កើតចម្ការឈើដាំ គឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាព ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងចូលរួមពង្រឹងការអភិរក្សធនធានធម្មជាតិដែលកម្ពុជាមាននាពេលបច្ចុប្បន្ន។ លោកបានកត់សម្គាល់ថា មានក្រុមសកម្មជននយោបាយមួយចំនួន ដែលជ្រកក្រោមស្លាកអ្នកបរិស្ថាននិងអ្នកការពារព្រៃឈើ តែងតែ
ព្យាយាមបំផ្លាញឧស្សាហកម្មចម្ការឈើដាំនៅកម្ពុជា និងបន្តចិញ្ចឹមទំនាស់នៅក្នុងបញ្ហាធនធានធម្មជាតិដោយរៀបចំរបាយការណ៍បំផ្លើសការពិតនានា។

បើតាមការឱ្យដឹងពីលោក លូ ឈូឆាង នាយកក្រុមហ៊ុនស៊ីងបាយអូថេក (ខេមបូឌា)នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោក បាននិងកំពុងបន្តផែនការដាំកូនឈើជាង៣០លាន ដើម ក្នុងរយៈពេល៤ឆ្នាំ គិតពីឆ្នាំ២០២០នេះ ដល់ឆ្នាំ២០២៣ ដើម្បីឆ្លើយតបទៅនឹងតម្រូវ ការទីផ្សារប្រើប្រាស់ឈើ ក្នុងវិស័យឧស្សាហកម្មកែច្នៃឈើ ខណៈ បច្ចុប្បន្នកម្ពុជាកំពុងត្រូវការខ្លាំង ជាពិសេសនៅក្នុងវិស័យសំណង់ដែលកំពុងតែត្រូវការឈើកែច្នៃខ្លាំងសម្រាប់បម្រើឱ្យការ សាងសង់សំណង់ផ្សេងៗ។ លោកបន្តថា ចាប់តាំងពីដើមខែធ្នូមក ក្រុម ហ៊ុន បាននិងកំពុងឈូសឆាយសម្អាតដីចន្លោះពី៨.០០០ទៅ១០.០០០ហិកតា នៅលើផ្ទៃដីសរុបសម្រាប់ដាំកូនឈើប្រភេទប្រេងខ្យល់។ លោកថ្លែងថា ក្រុមហ៊ុនមានលិខិតអនុញ្ញាតត្រឹមត្រូវពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការឈូសឆាយលើផ្ទៃដីទាំងអស់ដែលជាផ្ទៃដីព្រៃរេចរឹលស្ថិតក្នុងទំហំដី ដែល បានទទួលសិទ្ធិប្រើប្រាស់សម្រាប់ធ្វើចម្ការឈើដាំបម្រើក្នុងវិស័យឧស្សាហកម្ម ហើយក្រុមហ៊ុនបានបង់ថ្លៃសួយសារ និងបុព្វលាភផលអនុផលព្រៃឈើដែលបានពីការឈូសឆាយស្របតាមគោលការណ៍ច្បាប់កំណត់។

នាយកក្រុមហ៊ុនរូបនេះ បានឱ្យដឹងទៀតថា ក្រុមហ៊ុនបានត្រៀមដាំកូនឈើប្រភេទប្រេងខ្យល់ ចន្លោះពី១០ទៅ១២លានដើមនៅអំឡុងខែឧសភា ឆ្នាំ២០២១ខាងមុខ ពេលចាប់ផ្តើមរដូវវស្សាសាជាថ្មី ខណៈនៅឆ្នាំ២០២០នេះ ក្រុមហ៊ុនបានដាំកូនឈើប្រភេទប្រេងខ្យល់បានចំនួនជាង ៣.០០០ហិកតា ដែលមិនបានគ្រប់តាមផែនការកំណត់ចំនួន៥.០០០ហិកតា ដោយសារតែរដូវវស្សាចាប់ផ្តើមយឺត និងស្របពេលកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលជួបប្រទះនឹងវិបត្តិនៃជំងឺឆ្លងកូវីដ-១៩។

យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថាន បានបង្ហាញថា ក្នុងពេលបច្ចុប្បន្ន ព្រៃឈើនៅកម្ពុជាគ្របដណ្តប់ចំនួន៤៦,៨៦ភាគរយ នៃផ្ទៃប្រទេស ដែលជាអត្រាខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល បានបង្កើតផ្ទៃដីតំបន់ការពារធម្មជាតិ ដែលស្ថិតនៅក្រោមយុត្តាធិការរបស់ក្រសួងបរិស្ថានរហូតដល់ប្រមាណ៤១ភាគរយ នៃផ្ទៃប្រទេស គឺស្មើនឹងប្រមាណ៧,៣លានហិកតា ដែលធ្វើឱ្យកម្ពុជាឈរលំដាប់ទី២ នៅអាស៊ី បន្ទាប់ពីប្រទេសប៊ូតាន។
ប្រទេសកម្ពុជា ក៏ទទួលបាននូវការកោតសរសើរពីសហគមន៍អន្តរជាតិថា បានអនុវត្តបានល្អលើការការពារនិងអភិរក្សជីវៈចម្រុះ និងបរិស្ថាន ព្រមទាំងបានកសាងកេរ្តិ៍ឈ្មោះល្អនៅក្នុងឆាកអន្តរជាតិលើទីផ្សារឥណទានកាបោនស្ម័គ្រចិត្តថែមទៀតផង៕

អត្ថបទទាក់ទង