ក្រសួងបរិស្ថាន សម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយផលិតថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ និងប្រព័ន្ធផ្ទុកថាមពល(អាគុយ)
លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅរសៀលថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១ បានអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ថានីយផលិតថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យកម្លាំង៣២គីឡូវ៉ាត់ ជាមួយប្រព័ន្ធផ្ទុកថាមពល(អាគុយ)៨៧គីឡូវ៉ាត់ម៉ោង នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អានភ្នំគូលែន ក្នុងខេត្តសៀមរាប។
ប្រភពពីក្រសួងបរិស្ថានឱ្យដឹងថា ក្នុងពិធីសម្ពោធនោះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងបរិស្ថាន តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអាជ្ញាធរខេត្តសៀមរាប តំណាងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា ដៃគូអភិវឌ្ឍន៍ និងមន្រ្តីឧទ្យានុរក្ស និងប្រជាសហគមន៍មួយចំនួនទៀត។
លោក ង៉ាន់ ភិរុណ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានបញ្ជាក់ថាសមិទ្ធផលថ្មីសម្រាប់ខេត្តសៀមរាប ដែលជាខេត្តគោលដៅទេសចរណ៍ វប្បធម៌ និងធម្មជាតិ ដូចនេះការប្រើប្រាស់ថាមពលស្អាត មិនប៉ះពាល់ដល់បរិស្ថាន គឺជាចំណុចចាប់ផ្ដើមគំរូដល់រមណីយដ្ឋានដទៃនៅក្នុងខេត្តសៀមរាប ក៏ដូចជាខេត្តដទៃទៀត ដែលមិនមានបណ្ដាញអគ្គិសនីជាតិ។
លោកស្រី (Ms.) Sonali Dayaratne តំណាងកម្មវិធីអភិវឌ្ឍន៍អង្គសហប្រជាជាតិប្រចាំកម្ពុជា (UNDP) បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលជួយឱ្យបរិស្ថានស្អាត ការការពារ និងអភិរក្សធនធានជីវចម្រុះ និងការគាំទ្រចំពោះគោលជំហរកម្ពុជាក្នុងការឆ្លើយតបនឹងការប្រែប្រួលធាតុអាកាសធាតុ។
ក្នុងឱកាសនោះ លោក សាយ សំអាល់ បានចាត់ទុកថា ស្ថានីយផលិតថាមពលពីពន្លឺព្រះអាទិត្យនេះ គឺជាមជ្ឈមណ្ឌលទី១ នៅក្នុងប្រទេសកម្ពុជា ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹងការចូលរួមដល់មជ្ឈមណ្ឌលស្រាវជ្រាវ និង អភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ធ្វើការកំណត់អត្តសញ្ញាណ និងរក្សានូវពូជកេសរកូលព្រៃ រុក្ខជាតិ និងសត្វក្នុងស្រុក ជាពិសេសប្រភេទដែលកំពុងរងគ្រោះថ្នាក់ ប្រភេទកម្រ និងប្រភេទជិតផុតពូជ សំដៅធានាដល់និរន្តរភាពនៃធនធានជីវចម្រុះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវប្បធម៌នៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយក្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានបានចាត់ទុកសមិទ្ធផលនៅថ្ងៃនេះ គឺជាការបោះជំហានថ្មីមួយបន្ថែមទៀត សម្រាប់ការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រដទៃទៀតនាពេលអនាគត សំដៅអភិវឌ្ឍន៍មជ្ឈមណ្ឌលនេះឱ្យដើរតួនាទីជាមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការ ការសិក្សាស្រាវជ្រាវលក្ខណៈវិទ្យាសាស្រ្ត ការផ្លាស់ប្តូរចំណេះដឹង និងបច្ចេកវិទ្យា ការលើកកម្ពស់ការយល់ដឹងអំពីសារៈប្រយោជន៍នៃធនធានជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ការអភិវឌ្ឍដោយនិរន្តរភាព និងការរស់នៅដោយចីរភាពនៅកម្ពុជា។
លោក សាយ សំអាល់ បានលើកឡើងផងដែរថា មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន នឹងរួមចំណែកធ្វើពិពិធកម្មសេដ្ឋកិច្ចមូលដ្ឋាន ជាពិសេសទេសចរណ៍ផ្សាភ្ជាប់នឹងវប្បធម៌-ធម្មជាតិ និងជួយបង្កើនជម្រើសមុខរបរ ប្រភពចំណូលបន្ថែម និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននេះបានមួយកម្រិតបន្ថែមទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោក តាំង ម៉េងអៀង ប្រធាននាយកដ្ឋានសេដ្ឋកិច្ចបៃតងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានឱ្យដឹងថា គំនិតផ្តួចផ្តើមក្នុងការដំឡើងប្រព័ន្ធថាមពលសូឡាសម្រាប់ក្រសួងបរិស្ថាន ទទួលបានការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេក ទេសពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍មួយចំនួន។ ប្រព័ន្ធស្ថានីយផលិតថាមពលអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យនេះ អាចផលិតថាមពលបានក្នុងរង្វង់ ១៥០គីឡូវ៉ាត់ម៉ោងក្នុងមួយថ្ងៃ។ ប្រព័ន្ធអគ្គិសនីនេះបានផ្តល់ប្រយោជន៍ដល់ការប្រើប្រាស់ម៉ាស៊ីនត្រជាក់ ឬម៉ាស៊ីនបូមទឹកបានរៀងរាល់ថ្ងៃ។
គួរបញ្ជាក់ថា ក្រុមការងារនាយកដ្ឋានជីវចម្រុះ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បាននិងកំពុងបន្តប្រមូលប្រភេទកេសរកូលព្រៃពីតំបន់ភ្នំគូលែន និងតំបន់ដទៃទៀតដើម្បីកត់ត្រា និងកំណត់អត្តសញ្ញាណបន្ថែមទៀត។
លោកស្រី ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានបានឱ្យដឹងថា មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន បង្កើតឡើងដើម្បី៖
១. ការសិក្សាស្រាវជ្រាវ កំណត់អត្តសញ្ញាណ ធ្វើសារពើភណ្ឌ និងកំណត់លក្ខណៈវិនិច្ឆ័យ និងមុខងារពិសេសនៃប្រភេទនីមួយៗ តាមបែបវិទ្យាសាស្រ្ត។
២. ការអភិរក្ស៖ សង្រ្គោះ បង្កាត់ បណ្តុះ បន្សុទ្ធពូជ និងស្តារ ប្រភេទកេសរកូលព្រៃដែលកំពុងរងការគំរាមកំហែង និងជិតផុតពូជពីព្រៃធម្មជាតិឡើងវិញ ជាពិសេសសម្រាប់រក្សាពូជកេសរកូលព្រៃ។
៣. ការអប់រំផ្សព្វផ្សាយ៖ ជាកន្លែងអប់រំ និងផ្សព្វផ្សាយ ស្តីពីប្រភេទ និងចំនួន នៃកេសរកូលព្រៃនៅកម្ពុជា ។
៤. ការកម្សាន្ត៖ ផ្តល់ទស្សនីយភាពកេសរកូលព្រៃធម្មជាតិ ទីកន្លែងលំហែកាយទស្ស នាធម្មជាតិ និង កម្សាន្តនានា៕