លោកដូណាល់ត្រាំឆ្លៀតទៅវាយកូនហ្គោល ខណៈពេលដែលចំនួនអ្នកស្លាប់នៅអាមេរិកដោយសារកូវីដ-១៩កើនជិតដល់ ១០ម៉ឺននាក់
លោកដូណាល់ត្រាំបានបង្កើតអោយមានភាពចម្រូងចម្រាសមួយទៀតនៅថ្ងៃល្ងាចសៅរ៍ដែលត្រូវនឹងព្រឹកថ្ងៃអាទិត្យនៅភ្នំពេញ បានចេញទៅវាយកូនហ្គោលនៅក្លឹបរបស់គាត់មួយនៅឯរដ្ឋ Virginia។
អ្នកកាសែតមួយរូបបានឃើញលោកត្រាំស្លៀកសម្លៀកបំពាក់សម្រាប់លេងកីឡាវាយកូនហ្គោល និងបានចេញទៅជាមួយនឹងកងការពារដែលពួកគេមានពាក់ម៉ាស់ផងដែរ ទៅកាន់ទីកន្លែងដែលលោកមិនបានប្រាប់ជាមុននោះទេ។ ក្រោយមកគេបានប្រទះឃើញលោកកំពុងតែលេងនៅក្លឹបផ្ទាល់ខ្លួនរបស់លោកនៅឯរដ្ឋ Virginia ។
ការចូលចិត្តលេងកីឡាវាយកូនហ្គោលរបស់លោក Trump គឺជាប្រភពនៃភាពចម្រូងចម្រាសឥតឈប់ឈរ រវាងពលរដ្ឋដែលជាអ្នកបង់ពន្ធនិងផលប្រយោជន៍សម្រាប់អាជីវកម្មគ្រួសាររបស់គាត់។
គេនៅចាំបានថា កាលពីឆ្នាំ២០១៦ លោកត្រាំបាននិយាយទៅកាន់អ្នកគាំទ្រថា លោកនឹងចំណាយពេលទាំងអស់ធ្វើការដើម្បីអ្នកគាំទ្រ ហើយលោកនឹងពុំមានពេលលេងវាយកូនហ្គោលទេ។
គួរបញ្ជាក់ថា ចាប់តាំងពីពេលឡើងកាន់តំណែងជាប្រធានាធិបតីមក លោកត្រាំបានឆ្លៀតទៅលេងវាយកូនហ្គោលមិនតិចជាង ២០០ដងនោះទេ ហើយការចេញទៅលេងប្រកបដោយភាពចម្រូងចម្រាសចុងក្រោយគឺនៅរដ្ឋ Florida កាលពីថ្ងៃទី ៨ ខែមីនា ជាពេលដែលវីរុសកូរ៉ូណាកំពុងចាប់ផ្ដើមវាយលុកសហរដ្ឋអាមេរិក។
គេនៅចាំបានថា លោកត្រាំធ្លាប់បានរិះគន់លោកអូបាម៉ាម្ដងរួចមកហើយដែរកាលពីឆ្នាំ ២០១៤ នៅពេលដែលលោកអូបាម៉ាទៅលេងវាយកូនហ្គោល ដោយមិនបានចូលរួមប្រជុំទាក់ទងនឹងវីរុសអេបូឡា។
សូមជម្រាបថា មកទល់ពេលនេះ សហរដ្ឋអាមេរិកមានអ្នកឆ្លងវីរុសកូរ៉ូណាសរុបចំនួន 1,669,396នាក់ និងស្លាប់ចំនួន 98,740នាក់៕