ខ្មែរប៉ុស្ដិ៍ Close

SCMP ៖ សហរដ្ឋអាមេរិក ត្រូវតែដោះស្រាយបញ្ហាអំពើពុករលួយផ្នែកនយោបាយ និងវិសមភាពសង្គម បើមិនចង់ឱ្យ ត្រាំ វិលមកវិញនៅឆ្នាំ ២០២៤ នោះទេ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៨ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានអន្តរជាតិ 37
SCMP ៖ សហរដ្ឋអាមេរិក ត្រូវតែដោះស្រាយបញ្ហាអំពើពុករលួយផ្នែកនយោបាយ និងវិសមភាពសង្គម បើមិនចង់ឱ្យ ត្រាំ វិលមកវិញនៅឆ្នាំ ២០២៤ នោះទេ SCMP ៖ សហរដ្ឋអាមេរិក ត្រូវតែដោះស្រាយបញ្ហាអំពើពុករលួយផ្នែកនយោបាយ និងវិសមភាពសង្គម បើមិនចង់ឱ្យ ត្រាំ វិលមកវិញនៅឆ្នាំ ២០២៤ នោះទេ

រយៈពេលជិតមួយឆ្នាំបន្ទាប់ពីជ័យជម្នះដ៏តិចតួចដែលលោកប្រធានាធិបតី បៃឌិន ដណ្តើមបានពីលោក ត្រាំ នៅក្នុងការបោះឆ្នោត សហរដ្ឋអាមេរិកនៅតែស្ថិតនៅក្នុងស្ថានភាពលំបាកដដែល។ លទ្ធផលនយោបាយជាច្រើនអាចនឹងកើតមាន ដោយរាប់ចាប់ពីកំណែទម្រង់បន្តិចម្តងៗនៅក្នុងផ្នែកសេដ្ឋកិច្ច និងនយោបាយ។

វាមិនមែនជារឿងងាយស្រួលទេក្នុងការវិនិច្ឆ័យថា «តើអ្វីដែលបានធ្វើឱ្យសហរដ្ឋអាមេរិករងនូវការឈឺចាប់យ៉ាងខ្លាំងដែលជាហេតុជំរុញឱ្យមានចលនា ត្រាំ និយម។ តើវាជាសង្គ្រាមវប្បធម៌ដដែលៗ ដែលបានបង្កឱ្យមានការរើសអើងពូជសាសន៍, សាសនា និងមនោគមវិជ្ជានៅសហរដ្ឋអាមេរិក ឬតើវាជាការកើនឡើងនូវបញ្ហាវិសមភាពទ្រព្យសម្បត្តិនិងអំណាច ដល់កម្រិតមួយដែលមិនធ្លាប់មានពីមុនមក ឬតើវាជាការធ្លាក់ចុះ
នៃអំណាចសកលរបស់អាមេរិក និងការបរាជ័យម្តងហើយម្តងទៀតនៅក្នុងសង្រ្គាមដែលដឹកនាំដោយអាមេរិកឬ»?

កត្តាទាំងអស់នេះបាននិងកំពុងកើតមាន ហើយវិបត្តិដ៏ជ្រាលជ្រៅបំផុតគឺ «វិបត្តិនយោបាយ» ដែលនោះ គឺការបរាជ័យនៃស្ថាប័ននយោបាយរបស់អាមេរិកក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនទូទៅ ដូចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់អាមេរិក។

នៅក្នុងរយៈពេល ៤ ទសវត្សរ៍កន្លងមកនេះ នយោបាយរបស់អាមេរិកបានក្លាយទៅជាល្បែងផ្ទៃក្នុងមួយ ដែលផ្តោតលើការបំពេញតម្រូវការរបស់បណ្តាមហាសេដ្ឋី និងក្រុមអ្នកបញ្ចុះបញ្ចូល ដោយមិនខ្វល់ពីផលប៉ះពាល់មកលើប្រជាជនភាគច្រើន។

លោក Warren Buffett បានផ្តោតលើខ្លឹមសារនៃវិបត្តិនៅក្នុងឆ្នាំ ២០០៦ ដោយលោកបាននិយាយថា «សង្រ្គាមវណ្ណៈពិតជាបាននិងកំពុងកើតមាន ដោយក្នុងនោះវណ្ណៈអ្នកមានគឺជាអ្នកបង្កសង្រ្គាម និងជាអ្នក ទទួលបានជ័យជម្នះ»។

ប្រាក់រាប់ពាន់លានដុល្លារត្រូវបានចំណាយជារៀងរាល់ឆ្នាំលើការងារបញ្ចុះបញ្ចូលរបស់សហព័ន្ធ (Federal Lobbying) (ប្រមាណ ៣,៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២០) និងការងារធ្វើយុទ្ធនាការផ្សេងៗទៀត (ប្រមាណ ១៤,៤ ពាន់លានដុល្លារអាមេរិកនៅក្នុងការ បោះឆ្នោតនៅឆ្នាំ ២០២០) ខណៈពេលដែលអ្នកឃោសនាសង្រ្គាមគឺជាប្រព័ន្ធផ្សព្វផ្សាយដែលដឹកនាំដោយមហាសេដ្ឋី Rupert Murdoch។

សង្រ្គាមវណ្ណៈរបស់អាមេរិកប្រឆាំងនឹងអ្នកក្រ មិនមែនជារឿងថ្មីនោះទេ ដោយវាបានចាប់ផ្តើមតាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៧០ មកម៉្លេះ។ បន្ទាប់ពីវិបត្តិសេដ្ឋកិច្ចដ៏ធំនៅទសវត្សរ៍ឆ្នាំ ១៩៣០ អាមេរិកបានស្ថិតនៅលើមាគ៌ាអភិវឌ្ឍន៍ដូចគ្នាទៅនឹងអឺរ៉ុបខាងលិចនៅសម័យក្រោយសង្គ្រាមដែលបានក្លាយទៅជាលទ្ធិប្រជាធិបតេយ្យសង្គម។

វិសមភាពប្រាក់ចំណូលបានធ្លាក់ចុះ ហើយក្រុមសង្គមជាច្រើនទៀតបានចូលរួមនៅក្នុងចរន្តសេដ្ឋកិច្ច និងនយោបាយ។ នៅឆ្នាំ១៩៧១ មេធាវីម្នាក់ដែលមានឈ្មោះថា «Lewis Powell» បានដាក់ចេញនូវយុទ្ធសាស្រ្តដើម្បីផ្លាស់ប្តូរនិន្នាការប្រជាធិបតេយ្យសង្គម។

នៅក្នុងអាណត្តិរបស់ប្រធានាធិបតី Richard Nixon លោក Powell បានស្បថចូលកាន់តំណែងនៅតុលាការកំពូលរបស់អាមេរិកក្នុងឆ្នាំ ១៩៧២ ហើយតំណែងនេះបានជួយឱ្យលោកអាចដំណើរការផែនការរបស់លោកបាន។

នៅពេលដែល លោក Ronald Reagan ក្លាយជាប្រធានាធិបតីនៅក្នុងឆ្នាំ១៩៨១ លោកបានជំរុញ និងបង្កើនសកម្មភាពរំលោភរបស់តុលាការកំពូល លើសុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈការកាត់បន្ថយពន្ធសម្រាប់អ្នកមាន, ការវាយប្រហារលើក្រុមសហជីព និងការកាត់បន្ថយការការពារបរិស្ថាន។

ខណៈពេលដែលអឺរ៉ុបបានបន្តលើមាគ៌ាលទ្ធិប្រជាធិបតេយ្យសង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព សហរដ្ឋអាមេរិកបានរងនូវការចោទប្រកាន់ថាបាននិងកំពុងដើរលើផ្លូវមួយដែលពោរពេញទៅដោយអំពើពុករលួយផ្នែកនយោបាយ, ការប្រកាន់យកនូវរបបផ្តាច់ការ, គម្លាតដ៏ធំដែលមិនធ្លាប់មាន ពីមុនមករវាងអ្នកមាន និងអ្នកក្រ ក៏ដូចជាការមិនអើពើចំពោះបរិស្ថាន។

រដ្ឋាភិបាលសហភាពអឺរ៉ុបបានបង្កើនប្រាក់ចំណូលជាមធ្យមបានប្រហែល ៤៥% នៃ ផ.ស.ស ខណៈពេលដែលប្រាក់ចំណូលរបស់រដ្ឋាភិបាលអាមេរិកមានចំនួនត្រឹមតែ ៣១% នៃ ផ.ស.ស ប៉ុណ្ណោះ។ ដូច្នេះរដ្ឋាភិបាលអឺរ៉ុបអាចមានលទ្ធភាពបង្កើនការចំណាយលើការថែទាំសុខភាព, ការអប់រំខ្ពស់, ការផ្គត់ផ្គង់លើគ្រួសារ និងការបណ្តុះបណ្តាលការងារ ខណៈពេលដែលអាមេរិកមិនអាចធ្វើបែបនេះបានទេ។

ការបែកបាក់សង្គមបានធ្វើឱ្យអាយុរំពឹងរស់ រងនូវការធ្លាក់ចុះ (សូម្បីតែនៅមុនពេលកើតមានវីរុស កូវីដ-១៩ ក្ដី) ខណៈដែលអត្រានៃជំងឺបាក់ទឹកចិត្តបានកើនឡើងខ្លាំង ជាពិសេសក្នុងចំណោមមនុស្សវ័យក្មេង។ ភាពច្របូកច្របល់ទាំងនេះបាននាំមកនូវបញ្ហាប្រឈមផ្សេងៗ ជាពិសេសនៅពេលដែលលោក ត្រាំ បានផ្តល់ការគាំទ្រនិងការគោរពក្លែងក្លាយ ដែលមិនបានជួយស្តារស្ថានភាពលំបាកនេះទេ។

លោក បៃឌិន បាននិងកំពុងព្យាយាមដោះស្រាយបញ្ហានេះ ក៏ប៉ុន្តែរហូតមកដល់ពេលនេះ ភាពជោគជ័យរបស់លោក នៅមានកម្រិតតិចតួចនៅឡើយ និងបានបន្តប្រឈមមុខនឹងភាពផុយស្រួយ។ សមាជិកសភាមកពីគណបក្សសាធារណរដ្ឋទាំងអស់ និងក្រុមគណបក្សប្រជាធិបតេយ្យដែលមានឥទ្ធិពលលើការសម្រេចចិត្ត បានព្យាយាមរារាំងការដំឡើងពន្ធដែលជាហេតុបង្កផលប៉ះពាល់ដល់ប្រាក់ចំណូលជាតិ ដែលមានសារៈសំខាន់ក្នុងការអាចបង្កើតឱ្យមានសង្គមមួយដែលយុត្តិធម៌ និងល្អប្រសើរជាងមុន។

យើងកំពុងឈានចូលមកដល់ចុងបញ្ចប់នៃឆ្នាំដំបូងរបស់លោក បៃឌិន ជាមួយនឹងឧបសគ្គនៅគ្រប់ទិសទី រាប់ចាប់ពីការយកពន្ធ, ការបង្កើនការចំណាយផ្នែកសង្គម, ការការពារសិទ្ធិបោះឆ្នោត និងការការពារបរិស្ថានដែលជាតម្រូវការបន្ទាន់បំផុត។

លោក បៃឌិន នៅតែអាចបន្តទទួលបានជ័យជម្នះតិចតួចបន្ថែម ទៀតនៅប៉ុន្មានឆ្នាំខាងមុខ ហើយនេះក៏ជាបំណងប្រាថ្នារបស់សាធារណជនផងដែរ។ ប្រហែល ២/៣ នៃប្រជាជនអាមេរិកសរុប ចង់ឱ្យមានការបង្កើនពន្ធខ្ពស់ជាងមុនលើអ្នកមាន និងបណ្តាសាជីវកម្មធំៗ។

បញ្ហាមួយចំនួនរបស់លោក បៃឌិន នៅក្នុងឆ្នាំ២០២១ អាច នឹងជួយឱ្យគណបក្សសាធារណរដ្ឋដណ្តើមបានការគ្រប់គ្រងលើ សភាមួយ ឬសភាទាំង២ នៅក្នុងឆ្នាំ ២០២២។ ការធ្វើកំណែទម្រង់នីតិបញ្ញត្តិអាចនឹង
បញ្ចប់ទៅយ៉ាងហោចណាស់នៅឆ្នាំ ២០២៥ ហើយការវិលត្រឡប់មកវិញរបស់លោក ត្រាំ អាចនឹងកើត ឡើងនៅឆ្នាំ២០២៤។

ជាមួយនឹងភាពច្របូកច្របល់នៅសហរដ្ឋអាមេរិក អ្នកនយោបាយនៃគណបក្សទាំងពីរបាននិងកំពុងបង្កើននយោបាយការទូតប្រឆាំងនឹងចិនដែល បាននិងកំពុងនាំមកនូវការកើតមានសង្រ្គាមត្រជាក់ថ្មីមួយ។ រឿងតែមួយគត់ដែលអាចនឹងកើតមានគឺ ភាពតានតឹងជាសកល និងបញ្ហាប្រឈមថ្មីៗនៅក្នុងជម្លោះនេះ ដូចជាបញ្ហាតៃវ៉ាន់ជាដើម។

សហរដ្ឋអាមេរិកនឹងត្រូវបន្តប្រឈមមុខ នឹងការដោះស្រាយបញ្ហាអំពើពុករលួយផ្នែកនយោបាយនិងបញ្ហាច្របូកច្របល់នៅក្នុងសង្គមដែលបានកើតមានអស់រយៈពេលច្រើនទសវត្សរ៍មកហើយ។ លទ្ធផលនៅតែមាន ភាពមិនច្បាស់លាស់នៅឡើយទាំងសម្រាប់អាមេរិក និងពិភពលោកទាំងមូល។ South China Morning Post