ខ្មែរប៉ុស្ដិ៍ Close

ធនាគារអភិវឌ្ឍន៍អាស៊ី៖ ប្រតិបត្តិការឆ្នាំ២០១៩ កើនដល់ ៣៣,៧៤ ពាន់លានដុល្លារ សម្រាប់សមាជិកជាប្រទេសកំពុង​អភិវឌ្ឍ​​ន៍ក្នុងតំបន់អាស៊ី​ និងប៉ាស៊ីហ្វិក

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 60
ធនាគារអភិវឌ្ឍន៍អាស៊ី៖ ប្រតិបត្តិការឆ្នាំ២០១៩ កើនដល់ ៣៣,៧៤ ពាន់លានដុល្លារ សម្រាប់សមាជិកជាប្រទេសកំពុង​អភិវឌ្ឍ​​ន៍ក្នុងតំបន់អាស៊ី​ និងប៉ាស៊ីហ្វិក ធនាគារអភិវឌ្ឍន៍អាស៊ី៖ ប្រតិបត្តិការឆ្នាំ២០១៩ កើនដល់ ៣៣,៧៤ ពាន់លានដុល្លារ សម្រាប់សមាជិកជាប្រទេសកំពុង​អភិវឌ្ឍ​​ន៍ក្នុងតំបន់អាស៊ី​ និងប៉ាស៊ីហ្វិក

គម្រោង​​កម្មវីធី និងការគាំទ្រ​ការអភិវឌ្ឍផ្សេងៗ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សម្រាប់សមាជិកជាប្រទេសកំពុង​អភិវឌ្ឍ​​ន៍ក្នុងតំបន់អាស៊ី​និងប៉ាស៊ីហ្វិកមានទំហំរហូតដល់ ៣៣,៧៤ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០១៩ ដែលនេះ បង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់​ទៅនឹងទស្សនវិស័យរបស់ខ្លួនដើម្បីសម្រេចបានតំបន់ដែលមានវិបុលភាព បរិយាប័ន្ន ភាពធន់ និងនិរន្តរភាព។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។

ក្នុងសេចក្ដីប្រកាសព័ត៌មានស្ដីពីរបាយការណ៍ប្រចាំឆ្នាំ២០១៩ ​ របស់ ADB ចេញផ្សាយថ្ងៃនេះ លោក Masatsugu Asakawa ប្រធានធនាគារអភិវឌ្ឍន៍អាស៊ីបានមានប្រសាស ន៍ “ខ្ញុំមានការលើកទឹកចិត្ត​ ដោយការខិតខំរបស់យើងក្នុងឆ្នាំ២០១៩ ហើយខ្ញុំមានជំនឿចិត្តលើអ្វីដែលយើង​សម្រេចបានកន្លងមកក្នុងឆ្នាំ២០២០។ យើង​នឹងបន្តពីសមិទ្ធផលសម្រេចបានដើម្បីធានាធ្វើការងារបន្ថែមដែលស្រប ហើយឆ្លើយតបនឹង​តម្រូវការ​សមាជិកយើង ​ខណៈដែលពួកគេទប់ទល់ និងងើបឡើងវិញពីការរាតត្បាតនៃជំងឺ COVID-19។” លោកបាន បន្ដថា ដើម្បីឆ្លើយតបនឹង COVID-19​ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំនេះ ADBបានអនុម័តកញ្ចប់ថវិកា​២០​ពាន់លានដុល្លា​រ ដើម្បីផ្តល់ហិរញ្ញប្បទានសម្រាប់សកម្មភាព ក៏ដូចជាកម្មវិធីនានាជួយសមាជិកជាប្រទេសកំពុង​អភិវឌ្ឍដោះស្រាយផលប៉ះពាល់ដោយ ជំងឺរាតត្បាតនេះ។ ចំពោះការគាំទ្រថ្មីៗក្នុងឆ្នាំ២០១៩ រួមមាន​ កម្ចីជំនួយការវិនិយោគនិងកិច្ចធានាប្រមាណ២១,៦៤ពាន់​លានដុល្លារពីធនធានផ្ទាល់របស់ ADB ដើម្បីជួយផែនការអភិវឌ្ឍនិងកំណើននៃសមាជិកដែលជាប្រទេសកំពុងអភិវឌ្ឍន៍។ ការផ្តល់មូលនិធិក្នុងឆ្នាំ២០១៩ (ដែលជាសូចនាករគន្លឹះសម្រាប់ការអនុវត្តគម្រោងប្រកបដោយជោគជ័យ) មានចំនួនដល់ ១៦,៤៧ពាន់លានដុល្លារ គឺកើនឡើង១៦,១ភាគរយ ពីឆ្នាំ២០១៨។ ប្រតិបត្តិការផ្នែកឯកជនរបស់ADB​ ក្នុងឆ្នាំ២០១៩ កើនដល់៣ពាន់លានដុល្លាដែលជាឆ្នាំទីពីរ​ជាប់ៗគ្នានៃកម្រិតខ្ពស់នេះ ហើយវាបង្ហាញផែនការពង្រីកការវិនិយោគវិស័យឯកជន ក្នុងផ្នែកនិងក្នុងប្រទេសអភិវឌ្ឍន៍បង្គួរថ្មីៗ។

ជាមួយគ្នានេះ សហហិរញ្ញប្បទានមានចំនួនដល់​១១,៨៦ពាន់លានដុល្លា​រ ក្នុងឆ្នាំ២០១៩ ក្នុងនោះប្រតិបត្តិការ​ផ្នែកឯកជនរបស់ ADBមាន ៦,៩៨ពាន់លានដុល្លារ នៃចំនួនសហហិរញ្ញប្បទានសរុប។ សម្រាប់ហិរញ្ញប្បទានលើផ្នែកអាកាសធាតុនៃ ADB ក្នុងឆ្នាំ២០១៩ កើនដល់កម្រិតខ្ពស់បំផុតគឺ៦,៥៥ពាន់​លានដុល្លារ។ ជាមួយគ្នានេះ ADB សម្រេចបានគោលដៅរបស់ខ្លួនមួយឆ្នាំមុនកាលកំណត់ក្នុងការបង្កើនទ្វេដងនូវការវិនិយោគប្រចាំឆ្នាំក្នុងផ្នែកអាកាស​ធាតុដែលកាលពីឆ្នាំ២០១៤មានត្រឹមតែ៣ពាន់លានដុល្លារប៉ុណ្ណោះ។ លោកប្រធានធនាគារ ADB បានលើកឡើងដែរថា នេះបង្ហាញការ​ប្តេជ្ញាចិត្តខ្ពស់របស់ADBសម្រាប់សកម្មភាពទាក់ទងនឹងបម្រែបម្រួលអាកាសធាតុ។ ទាក់ទងនឹងយុទ្ធសាស្រ្ត២០៣០ កំណត់គោលដៅ​​ដើម្បីសម្រេចបានហិរញ្ញប្បទានលើផ្នែកអាកាសធាតុសរុបឱ្យបាន ៣៥ពាន់លានដុល្លារ ត្រឹមឆ្នាំ២០២៤ និង៨០ពាន់លានដុល្លារត្រឹមឆ្នាំ២០៣០។

លោក Masatsugu Asakawa បានបន្ថែមថា ADB ក៏កំពុងឈានទៅសម្រេចគោលដៅយុទ្ធសាស្ត្រ២០៣០ របស់ខ្លួនក្នុងការលើកកម្ពស់សមភាពយេនឌ័រយ៉ាងហោចណាស់៧៥ភាគរយ នៃប្រតិបត្តិការរបស់ខ្លួន ហើយធនាគារអភិវឌ្ឍន៍អាស៊ីប្តេជ្ញាសម្រេចឱ្យបាននូវវិបុលភាពបរិយាប័ន្ន ភាពធន់​ និងនិរន្តរភាព​សម្រាប់តំបន់អាស៊ីនិងប៉ាស៊ីហ្វិក ​ដើម្បីលុបបំបាត់ភាពទីទាល់ក្រ៕

 

អត្ថបទទាក់ទង