ខ្មែរប៉ុស្ដិ៍ Close

ធនាគារអភិវឌ្ឍន៍អាស៊ី ព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជា នឹងកើនឡើង ៥,៣% ក្នុងឆ្នាំ២០២២នេះ និង៦,៥% សម្រាប់ឆ្នាំ២០២៣

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៦ ខែមេសា ឆ្នាំ២០២២ ព័ត៌មានទូទៅ 56
ធនាគារអភិវឌ្ឍន៍អាស៊ី ព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជា នឹងកើនឡើង ៥,៣% ក្នុងឆ្នាំ២០២២នេះ និង៦,៥% សម្រាប់ឆ្នាំ២០២៣ ធនាគារអភិវឌ្ឍន៍អាស៊ី ព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជា នឹងកើនឡើង ៥,៣% ក្នុងឆ្នាំ២០២២នេះ និង៦,៥% សម្រាប់ឆ្នាំ២០២៣

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជា នឹងកើនឡើង៥,៣ភាគរយ នៅឆ្នាំ២០២២ និង៦,៥ភាគរយ នៅឆ្នាំ២០២៣ ដោយសារកំណើននៃការនាំចេញទំនិញ និងលំហូរវិនិយោគផ្ទាល់ពីបរទេស។ នេះបើយោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី ចេញផ្សាយនៅថ្ងៃនេះ។

លោក Anthony Gill នាយកស្តីទីប្រចាំប្រទេសកម្ពុជារបស់ ADB បានមានប្រសាសន៍ថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបានងើបឡើងវិញដល់ប្រមាណ៣,០ភាគរយ ក្នុង ឆ្នាំ២០២១ បន្ទាប់ពីបានធ្លាក់ចុះ៣,១ភាគរយក្នុងឆ្នាំ២០២០។ លោកបានលើកឡើងថា រាជរដ្ឋាភិបាលបានអនុវត្តន៍គោលនយោបាយនានា ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន នៃកូវីដ-១៩ មកលើអាជីវកម្ម និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ និងគាំទ្រដល់ការស្តារ សេដ្ឋកិច្ចឡើងវិញ។ លោកបានអះអាងថា “ការចាក់វ៉ាក់សាំងបានយ៉ាងទូលំទូលាយប្រឆាំងនឹងកូវីដ-១៩បានអនុញ្ញាតឱ្យកម្ពុជាបើកព្រំដែនរបស់ខ្លួនឡើងវិញសម្រាប់ពាណិជ្ជកម្ម និងទេសចរណ៍ ដែលនាំទៅរកការរំពឹងទុកវិជ្ជមាននៃកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំនេះ និងឆ្នាំ២០២៣”។

យោងតាមរបាយការណ៍ទស្សនៈវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ឆ្នាំ២០២២ ផលិត កម្ម ឧស្សាហកម្មត្រូវបានរំពឹងថានឹងកើនឡើង៨,១ភាគរយ នៅឆ្នាំ២០២២ និង៩,១ភាគរយ ក្នុងឆ្នាំ២០២៣។ កំណើននេះក៏នឹងត្រូវបានជំរុញដោយការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបដែលមានគោលបំណងបង្កើនការ ប្រកួត ប្រជែងនៅក្នុងផ្នែកនេះ។ ការនាំចេញទំនិញនិងសេវាកម្មត្រូវបានព្យាករណ៍ថានឹងកើនឡើងនៅឆ្នាំ២០២២ និង២០២៣ ដោយសារកំណើនតម្រូវការក្រៅស្រុកលើផលិតផលកម្ពុជាព្រមជាមួយនឹងការងើបឡើងវិញជាបណ្តើរៗនៃវិស័យទេសចរណ៍។ ចំពោះវិស័យ សេវាកម្ម ត្រូវបានព្យាករណ៍ថានឹងងើបឡើងវិញនៅកម្រិត៤,៨ភាគរយ នៅឆ្នាំនេះ និង កើនដល់៦,៨ភាគរយក្នុងឆ្នាំ២០២៣។ ការបើកសេដ្ឋកិច្ចឡើងវិញ និងការចាក់ថ្នាំបង្ការទូលំទូលាយប្រឆាំងនឹងកូវីដ-១៩ នឹងធ្វើឱ្យមានការងើបឡើងវិញបន្តិចម្តងៗ នៃវិស័យទេស ចរណ៍ ដែលនឹងជួយគាំទ្រតម្រូវការនៃកន្លែងស្នាក់នៅម្ហូបអាហារការដឹកជញ្ជូន និងសេវា កម្ម ផ្ទាល់ផ្សេងទៀត។

បើតាមរបាយការណ៍របស់ ADB គឺអំពាវនាវឱ្យកម្ពុជាធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីជំរុញកំណើនប្រកបដោយចីរភាព។ លោក Anthony Gill បានគូសបញ្ជាក់ថា “ការបង្កើនពាណិជ្ជកម្មនិងទេសចរណ៍តែមួយមុខនឹងមិនគ្រប់គ្រាន់ដើម្បីជួយកម្ពុជាឱ្យមាននិរន្តរភាពកំណើនសេដ្ឋកិច្ចខ្ពស់នោះទេ។ ប្រទេសកម្ពុជាដែលធ្លាប់តែផ្តោតលើការផលិត និង ការនាំចេញសម្លៀកបំពាក់ទំនិញធ្វើដំណើរនិងស្បែកជើងអាចទទួលបានអត្ថប្រយោជន៍ពីការធ្វើពិពិធកម្មនៃឧស្សាហកម្មធុនស្រាលដូចជាកង់ គ្រឿងបន្លាស់អេឡិចត្រូនិក និង ផលិត ផលខ្សែភ្លើងជាដើម។ ការធ្វើពិពិធកម្មនេះ នឹងធ្វើឱ្យសេដ្ឋកិច្ចមានភាព ធន់នឹងវិបត្តិ នានានៃតម្រូវការក្រៅស្រុក”។

សូមជម្រាបជូនថា បច្ចុប្បន្ន ADB កំពុងអនុវត្តន៍គម្រោងវិនិយោគចំនួន២,៣ពាន់លានដុល្លារនៅកម្ពុជា។ សម្រាប់ឆ្នាំ២០២១ ADB បានអនុម័តផ្តល់ប្រាក់កម្ចី និងជំនួយ ឥត សំណងចំនួន៣២៧,១លានដុល្លារ ហើយបានកៀរគរថវិកាបន្ថែមចំនួន៥លានដុល្លារ តាម រយៈសហហិរញ្ញប្បទានសម្រាប់ប្រទេសកម្ពុជា។ ថវិការបស់ ADB ដែលត្រៀមសម្រាប់ កម្ពុជាក្នុងឆ្នាំ២០២២-២០២៥ រួមមាន កម្ចីសម្បទានចំនួន១,៤៤ពាន់លានដុល្លារ និង ជំនួយឥតសំណងចំនួន៣៧លានដុល្លារដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការងើប ឡើងវិញពីជំងឺរាតត្បាតកូវីដ-១៩៕ AKP

អត្ថបទទាក់ទង