ខ្មែរប៉ុស្ដិ៍ Close

ព្រះបដិមាដងខ្លួនទេវរូបចំនួនពីរ ត្រូវបានអាមេរិកប្រគល់ជូនកម្ពុជា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី៤ ខែមេសា ឆ្នាំ២០២០ ឯកសារ 1183

ព្រះបដិមាដងខ្លួនទេវរូបចំនួនពីរ ដែលក្រសួងសន្តិសុខផ្ទៃក្នុងសហរដ្ឋអាមេរិករឹបអូសបានកាលពីឆ្នាំ២០០៥ និងឆ្នាំ២០១៧ បានប្រគល់ជូនកម្ពុជាវិញហើយ។ ពិធីប្រគល់ និងទទួលព្រះបដិមាដងខ្លួនទេវរូបទាំងពីនេះ ធ្វើឡើងនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ នៅសារមន្ទីរជាតិក្រោមវត្តមានលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌និងវិចិត្រសិល្បៈ និងលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីរាជការជាច្រើនរូបផ្សេងទៀត។

បន្ទាប់ពីពិធីទទួលព្រះបដិមាដងខ្លួនទេវរូប លោកស្រីរដ្ឋមន្ត្រី ក៏បានអញ្ជើញសូត្រមន្ត និងបួងសួងសូមឱ្យបានសេចក្តីសុខចម្រុងចម្រើន។ ពិសេសសូមឱ្យប្រទេសជាតិ និងប្រជារាស្ត្រកម្ពុជាទាំងអស់គេចផុតពីការរាតត្បាតនៃជម្ងឺឆ្លង COVID 19 Coronavirus។

គ្រប់ការវិលត្រឡប់មកវិញនៃវត្ថុបុរាណរបស់ខ្មែរពីបរទេស ជាសក្ខីភាពមួយដែលបង្ហាញពីភាពជាដៃគូរនៃកិច្ចសហប្រតិបត្តិការរឹងមាំ ជាពិសេសប្រទេសមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលធ្វើឱ្យមានការវិលត្រឡប់មកវិញនៃព្រះបដិមា​ដែលបានចាកចេញ​ពីប្រទេសអស់មួយរយៈកាល។ ទោះបីមានភាពអាសន្នផ្នែកសុខភាពជាសកលដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង COVID 19 Coronavirus យ៉ាងណាក៏ដោយ ក៏រូបចម្លាក់របស់ខ្មែរនៅតែបានវិលត្រឡប់មកស្រុកកំណើតវិញ ដែលនេះគឺជាអត្ថប្រយោជន៍ដ៏អស្ចារ្យ និងជាសិរីមង្គលមួយសម្រាប់ប្រទេសជាតិ និងប្រជារាស្ត្រខ្មែរទាំងមូល។

ឆ្លៀតនៅក្នុងឱកាសនេះ លោកស្រីរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះស្ថានទូតអាមេរិកនៅភ្នំពេញ រួមទាំងផ្នែកកិច្ចការសាធារណៈ (PAS) និងសេនានុព័ន្ធស៊ើប​អង្កេតសន្តិសុខមាតុភូមិ (HSI ) ដែលបានចូលសហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈក្នុង​ការសម្របសម្រួលដល់ការប្រគល់ព្រះបដិមារបស់កម្ពុជាចំនួន២ ពីសហរដ្ឋអាមេរិកបន្ទាប់ពីការចាប់បាននៅឆ្នាំ២០០៥ និង ឆ្នាំ២០១៧៕

Fresh News

អត្ថបទទាក់ទង