ខ្មែរប៉ុស្ដិ៍ Close

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជាចំពោះការប្តេជ្ញាចិត្តខ្ពស់ក្នុងការសម្រេចឱ្យបានក្របខណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា (CSDGs) ២០១៩-២០៣០

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៧ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 61
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជាចំពោះការប្តេជ្ញាចិត្តខ្ពស់ក្នុងការសម្រេចឱ្យបានក្របខណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា (CSDGs) ២០១៩-២០៣០ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជាចំពោះការប្តេជ្ញាចិត្តខ្ពស់ក្នុងការសម្រេចឱ្យបានក្របខណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា (CSDGs) ២០១៩-២០៣០

នារសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានទទួលជួប លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ដើម្បីជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលលោកត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅប្រទេសកម្ពុជានៅថ្ងៃទី ៨ ខែសីហាឆ្នាំ ២០១៩។ ក្នុងជំនួបការសម្តែងការគួរសម និងពិភាក្សាការងារនេះដែរ លោក ឆាយ ថន បានថ្លែងនូវអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោក W. Patrick Murphy និងសហការី ដែលបានឆ្លៀតឱកាសដ៏មានតម្លៃ អញ្ជើញមកក្រសួងផែនការនាពេលនេះ ហើយវាក៏ជាមោទនភាពរបស់ក្រសួងផែនការផងដែរ។

លោករដ្ឋមន្រ្តីក្រសួងផែនការ ក៏បានថ្លែងនូវអំណរអរគុណចំពោះប្រជាជន និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានជួយផ្តល់ជំនួយ និងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននូវសមិទ្ធិផលធំៗជាច្រើន មានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរង្វង់៧%ក្នុងមួយឆ្នាំៗ ជាពិសេសបានជួយគាំទ្រដល់ក្រសួងផែនការ តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID) រួមនឹងដៃគូអភិវឌ្ឍន៍មួយចំនួនទៀត មានដូចជា UNFPA, UNICEF គាំទ្រលើការអង្កេតប្រជាសាស្ត្រ និងសុខភាព(CDHS) ដែលមានចាប់តាំងពីឆ្នាំ២០០០មកម្ល៉េះ និង អង្កេតចន្លោះជំរឿនកសិកម្ម ឆ្នាំ២០១៩ ហើយតាមរយៈអង្គការUNDP ក៏បានជួយដល់ក្រសួងផែនការ ក្នុងការរៀបចំក្របខណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា(CSDGs) ២០១៩-២០៣០ ក៏ដូចជាផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ(NSDP) ២០១៩-២០២៣ ព្រមទាំងកិច្ចសហប្រតិបត្តិការដទៃផ្សេងទៀតផងដែរ។

លោក W. Patrick Murphy បានបង្ហាញភាពរីករាយដែលបានអញ្ជើញមកក្រសួងផែនការ ដើម្បីបានមកសម្តែងការគួរសម ក៏ដូចជាពិភាក្សាការងារជាមួយឯកឧត្តមរដ្ឋមន្ត្រីនាពេលនេះ ហើយលោកក៏បានសម្តែងនូវការចូលរួមសម្តែងនូវសមានទុក្ខ និងសោកស្តាយជាទីបំផុតជាមួយប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះហេតុការណ៍បាក់រលំអគារនាពេលថ្មីៗនេះនៅខេត្តកែប។ លោកបន្តថា លោកបានតាមដានយ៉ាងយកចិត្តទុកដាក់តាមរយៈព័ត៌មានថ្មីៗ និងបានមើលឃើញពីការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍរបស់កម្ពុជា ព្រមទាំងការប្តេជ្ញាចិត្តដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចឱ្យបានក្របខណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា (CSDGs) ២០១៩-២០៣០ ហើយលោកគាំទ្រ និងបន្តធ្វើការយ៉ាងជិតស្និទ្ធក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងជំនួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលមានការតាំងចិត្ត ប្តេជ្ញាចិត្តខ្ពស់ក្នុងការសម្រេចឱ្យបានក្របខណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា(CSDG) មានកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ។

ជាការឆ្លើយតប លោក ឆាយ ថន បានមានប្រសាសន៍ថា ការងារជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩ យើងបានដំណើរការជិតសព្វគ្រប់ហើយ ដោយយើងបានធ្វើការប្រកាសផ្សព្វផ្សាយលទ្ធផលបណ្តោះអាសន្នកាលពីខែសីហា ឆ្នាំ២០១៩ ហើយនឹងគ្រោងប្រកាសលទ្ធផលជាផ្លូវការនាខែកក្កដា ឆ្នាំ២០២០នេះ ហើយសម្រាប់ការអនុវត្ត ការតាមដាន ត្រួតពិនិត្យ វាយតម្លៃនៃការអនុវត្តក្របខណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា(CSDGs) ឆ្នាំ២០១៩-២០៣០ លោក មានការត្រេកអរ និងស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការជាមួយ UNDP ដែលតាមរយៈកិច្ចសហប្រតិបត្តិការនេះ កម្ពុជាសម្រេចបាននូវរបាយការណ៍ត្រួតពិនិត្យថ្នាក់ជាតិដោយស្ម័គ្រចិត្តឆ្នាំ២០១៩ ដែលបានបង្ហាញនូវវេទិកានយោបាយកម្រិតខ្ពស់របស់អង្គការសហប្រជាជាតិ កាលខែកក្កដា ឆ្នាំ២០១៩។ ជាមួយគ្នានេះ លោក បានស្នើដល់សហរដ្ឋអាមេរិក ជួយផ្តល់នូវកិច្ចសហប្រតិបត្តិការ ពង្រឹង និងកសាងសមត្ថភាពធនធានមនុស្សរបស់កម្ពុជាផងដែរ។

ជាកិច្ចបញ្ចប់ សមភាគីទាំងពីរ បានប្តេជ្ញារួមគ្នា បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងផែនការ ជាមួយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID) រួមនឹងដៃគូអភិវឌ្ឍន៍មួយចំនួនទៀតរួមមាន UNFPA, UNICEF ផងដែរ៕

អត្ថបទទាក់ទង