ពីអតីតនិស្សិតឆ្នើមអាហាររូបករណ៍ផ្នែកច្បាប់នៅប្រទេសបារាំង និងជាសាស្ត្រាចារ្យផ្នែកច្បាប់ជាង១០ឆ្នាំ ក្លាយជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌វ័យក្មេងម្នាក់នៅកម្ពុជា
នេះជាប្រវត្តិត្រួសៗរបស់ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌វ័យក្មេង ដែលទើបតែងតាំងនៅព្រឹកថ្ងៃទី ៣០ មីនា ២០២០ នេះ តាមការស្នើសុំរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោក កើត រិទ្ធ អាយុ ៤១ឆ្នាំ កើតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩៧៩ និងមានទីកំណើតនៅភូមិព្រៃទទឹង ស្រុកព្រៃឈរ ខេត្តកំពង់ចាម លោកគឺជានិស្សិតដែលតស៊ូព្យាយាមសិក្សា ទោះបីជាជីវភាពគ្រួសារមិនសូវធូរធារក្តី គាត់នៅតែខិតខំជួយរបរគ្រួសារផង និងខំរៀនផង រហូតទទួលបានអាហាររូបករណ៍សិក្សាផ្នែកច្បាប់នៅប្រទេសបារាំងនៅឆ្នាំ ១៩៩៩។ ឆ្នាំ ២០០០ លោកទទួលបានបរិញ្ញាបត្រនីតិឯកជនពីសាកលវិទ្យាល័យលីយ៉ុង២ប្រទេសបារាំង ចំណែកឆ្នាំ ២០០១ លោកទទួលបានសញ្ញាបត្រ Maîtrise ផ្នែកច្បាប់ពីសាកលវិទ្យាល័យលីយ៉ុង២ ជាមួយនឹងនិទ្ទេសល្អណាស់។ ឆ្នាំ ២០០២ ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់ព្រហ្មទណ្ឌ និងវិទ្យាសាស្រ្តនៃបទឧក្រិដ្ឋ នៅសាកលវិទ្យាល័យលីយ៉ុង៣ប្រទេសបារាំងផងដែរ។
លោកបានសម្រេចចិត្តត្រលប់មកប្រទេសកម្ពុជាវិញ ដោយជាដំបូងលោកបានធ្វើជាសាស្រ្តាចារ្យផ្នែកច្បាប់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យសាស្រ្តសេដ្ឋកិច្ច ទាំងថ្នាក់ភាសាបារាំង និងភាសាខ្មែរ ចាប់តាំងពីឆ្នាំ ២០០២ រហូតដល់ឆ្នាំ ២០១៦ ដើម្បីចែករំលែកចំណេះដឹងដល់និស្សិតខ្មែរ និងមន្រ្តីរាជការ។ លោក កើត រឹទ្ធ ជាស្ថាបនិកក្នុងការបង្កើតនូវក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌមួយរូបក្នុងចំណោមថ្នាក់ដឹកនាំផ្សេងទៀតផងដែរនៃក្រសួងយុត្តិធម៌។ នៅក្នុងកំឡុងពេលនោះផងដែរ លោក កើត រិទ្ធ ក៏ជាបុគ្គលដែលបានចុះផ្សព្វផ្សាយច្បាប់ទាក់ទងនឹងក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌទៅដល់ចៅក្រម ព្រះរាជអាជ្ញា និងមន្រ្តីអនុវត្តច្បាប់ តាមបណ្តាខេត្តផងដែរ។
មានសមទ្ធិផលមួយចំនួនផងដែរ ដែល លោក កើត រិទ្ធ បានបន្សល់ទុកសម្រាប់បញ្ញវន្តជំនាន់ក្រោយ។ លោកបានចូលរួមក្នុងការធ្វើសៀវភៅច្បាប់ដែលមានដូចជា៖ សៀវភៅ សេចក្តីផ្តើមនៃច្បាប់កម្ពុជា បោះពុម្ពផ្សាយក្នុងឆ្នាំ 2003 និង 2005, សៀវភៅ កំណត់ពន្យល់លើសេចក្តីព្រាងក្រមព្រហ្មទណ្ឌទាក់ទងលើវិភាគទានលើការសិក្សាច្បាប់ព្រហ្មទណ្ឌកម្ពុជា បោះពុម្ពឆ្នាំ 2005, អត្ថបទស្តីពីធាតុផ្សំនៃបទល្មើសរំលោភ និងការវិវត្តរបស់វានៅក្នុងច្បាប់ព្រហ្មទណ្ឌកម្ពុជា បោះពុម្ពឆ្នាំ 2006 ក្នុងព្រឹត្តបត្រនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យសាស្ត្រសេដ្ឋកិច្ច និង សៀវភៅ នីតិកម្ពុជា បោះពុម្ពផ្សាយក្នុងឆ្នាំ 2016 ដើម្បីឲ្យនិស្សិត ក៏ដូចជាអ្នកសិក្សាផ្នែកច្បាប់ រឹតតែមានឯកសារសម្រាប់សិក្សាច្រើនផងដែរ។
ដោយមើលឃើញពីស្នាដៃ និងការខិតខំប្រឹងប្រែងរបស់ឯកឧត្តម ជាពិសេសចំណេះដឹងផ្នែកច្បាប់ទូលំទូលាយ នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០០៧ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យតែងតាំង លោក កើត រិទ្ធ ជាអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដែលមានការស្នើសុំពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន។ ថ្ងៃ ២៤ ខែកញ្ញា ២០១៣ ជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ រហូតដល់ថ្ងៃ៣០ មីនា ២០២០ នេះ ជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌។
ការសិក្សាអប់រំ
– ឆ្នាំ ១៩៩៩ ទទួលបានបរិញ្ញាបត្រនីតិសាស្រ្តពីមហាវិទ្យាល័យនីតិសាស្រ្ត និងសេដ្ឋកិច្ច
– ឆ្នាំ ២០០០ ទទួលបានបរិញ្ញាបត្រនីតិឯកជនពីសាកលវិទ្យាល័យលីយ៉ុង២ប្រទេសបារាំង (និស្សិតអាហាររូបករណ៍)
– ឆ្នាំ ២០០១ ទទួលបានសញ្ញាបត្រ Maîtrise (ជាមួយនិទ្ទេសល្អណាស់) ផ្នែកច្បាប់នៃសាកលវិទ្យាល័យលីយ៉ុង២ប្រទេសបារាំង (និស្សិតអាហាររូបករណ៍)
– ឆ្នាំ ២០០២ ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់ព្រហ្មទណ្ឌ និងវិទ្យាសាស្រ្តនៃបទឧក្រិដ្ឋនៅ នៅសាកលវិទ្យាល័យលីយ៉ុង៣ប្រទេសបារាំង (និស្សិតអាហាររូបករណ៍)
ស្នាដៃ
– សហនិពន្ធសៀវភៅ សេចក្តីផ្តើមនៃច្បាប់កម្ពុជា បោះពុម្ពផ្សាយក្នុងឆ្នាំ 2003 និង 2005
– សហនិពន្ធសៀវភៅ កំណត់ពន្យល់លើសេចក្តីព្រាងក្រមព្រហ្មទណ្ឌទាក់ទងលើវិភាគទានលើការសិក្សាច្បាប់ព្រហ្មទណ្ឌកម្ពុជា បោះពុម្ពឆ្នាំ 2005
– និពន្ធអត្ថបទស្តីពីធាតុផ្សំនៃបទល្មើសរំលោភ និងនិងការវិវត្តរបស់វានៅក្នុងច្បាប់ព្រហ្មទណ្ឌកម្ពុជា បោះពុម្ពឆ្នាំ 2006 ក្នុងព្រឹត្តបត្រនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យសាស្ត្រសេដ្ឋកិច្ច
– សហនិពន្ធសៀវភៅ នីតិកម្ពុជា បោះពុម្ពផ្សាយក្នុងឆ្នាំ 2016
បទពិសោធន៍ការងារ
-ចាប់តាំងពីឆ្នាំ ២០០២ រហូតដល់ឆ្នាំ ២០១៦ ជាសាស្រ្តាចារ្យផ្នែកច្បាប់នៅសាកលវិទ្យាល័យភូមិន្ទនិតីសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (ទាំងថ្នាក់ភាសាបារាំង និងភាសាខ្មែរ) នៅក្នុងកំឡុងពេលនោះឯកឧត្តមកើត រិទ្ធ ក៏បានចុះផ្សព្វផ្សាយច្បាប់ទាក់ទងនឹងក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌទៅដល់ចៅក្រម ព្រះរាជអាជ្ញា និងមន្រ្តីអនុវត្តច្បាប់ តាមបណ្តាខេត្ត
-២០០៣-២០០៥ មន្រ្តីរាជការស៉ីវិលក្រសួងអប់រំយុវជន និងកីឡា
-២០០៥-២០១២មន្រ្តីរាជការស៉ីវិលក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ
-២០០៧-២០១៣ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌
-២០០៨ ដល់បច្ចុបន្ន ជាសមាជិកគណកម្មាការមូលបត្រកម្ពុជា
-២០១២ ដល់បច្ចុប្បន្ន ជាសមាជិក ឧត្តម ក្រុមប្រឹក្សា សេដ្ឋកិច្ចជាតិ
-២០១៤ ដល់បច្ចុប្បន្ន ជាសមាជិកគណៈកម្មាធិការកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌
-២០១៣ ដល់ ២០១៨ ជារដ្ឋលេខាធិការក្រសួងយុត្តិធម៌
-២០១៨ ដល់ ២០២០ ជារដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌
-ថ្ងៃ ៣០ មីនា ២០២០ ជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌